កម្ពុជា​សុំ​នាវាចម្បាំង​ចិន​ពីរគ្រឿង​ក្រោយ​ពី​ចប់​សមយុទ្ធ

រូបឯកសារ៖ ក្រុមគណៈប្រតិភូចិនមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងពេលកន្លងមក។

ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​កម្ពុជា​ កំពុង​ធ្វើ​ទំនាក់​ទំនាក់​ជាមួយ​ភាគី​ចិន​ដើម្បី​​ស្នើ​សុំការ​ឧបត្ថម្ភ​​​នាវា​ចម្បាំង​ពី​រគ្រឿង​ពី​ប្រទេស​ចិន ​ដើម្បី​ទុក​ការពារ​ដែន​សមុទ្រ​របស់​ខ្លួន។​

ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​កម្ពុជា​ កំពុង​ធ្វើ​ទំនាក់​ទំនាក់​ជាមួយ​ភាគី​ចិន​ដើម្បីស្នើ​សុំការ​ឧបត្ថម្ភ​នាវា​ចម្បាំង​ពី​រគ្រឿង​ពី​ប្រទេស​ចិន ​ដើម្បី​ទុក​ការពារ​ដែន​សមុទ្រ​របស់​ខ្លួន។​

លោក​ ទៀ​ វិញ​ មេ​បញ្ជាការ​នៃ​បញ្ជាការដ្ឋាន​កង​ទ័ព​ជើង​ទឹក​កម្ពុជា​ បាន​ថ្លែង​យ៉ាង​ដូច្នេះ​បន្ទាប់​ពីកង​ទ័ព​ជើង​ទឹក​កម្ពុជា​ និង​កងទ័ព​ជើង​ទឹក​ចិន​បាន​ធ្វើ​ការ​ហ្វឹកហាត់​នៅ​សមុទ្រ​កំពង់​សោម​ជាមួយ​គ្នា​លើ​កិច្ចការ​សង្គ្រោះ​នៅ​ក្នុង​ដែន​សមុទ្រ។​

នៅ​ក្នុង​ជំនួប​របស់​លោកជាមួយ​នឹង​លោក ឧត្តមនាវី​ទោ យូ ម៉ានជៀន (Yu Manjian) ដែល​ធ្វើ​ឡើង​នៅ​ឯ​បញ្ជា​ការ​ដ្ឋានកងទ័ព​ជើង​ទឹក​នៅ​រាជធានី​ភ្នំពេញនៅព្រឹក​ថ្ងៃ​ពុធ​នេះ​ លោក​នាយ​ឧត្តម​នាវីឯក ទៀ វិញ​ បាន​ឲ្យ​ដឹង​ថា​ កងទ័ព​ជើង​ទឹក​ប្រទេស​កម្ពុជា​មាន​តែ​នាវាតូច​ៗ​នៅពេល​បច្ចុប្បន្ន​នេះ។​ លោក​ ថា​ ក្រសួង​ការពារ​ជាតិ​ចិន​នឹង​ពិចារណា​លើ​ការ​ប្រាថ្នា​ចង់​បាន​នាវា​ចម្បាំង​ពីរ​គ្រឿង​ពី​ប្រទេស​ចិន ដែល​អាច​ប្រើ​សម្រាប់​ការពារ​លំហរ​សមុទ្រ​កម្ពុជា​។​ នៅ​មុន​ការ​បញ្ជាក់​ពី​សំណូមពររបស់​លោក​ សុំនាវា​ចម្បាំង​ចិន​ពីរគ្រឿង​នេះ​ លោក​ ទៀ វិញ​ បាន​មាន​ប្រសាសន៍​កោតសរសើរ​នាវា​ចម្បាំង​របស់​ចិន​ថា៖​

«ខ្ញុំ​បាន​ចុះ​ទៅ​មើល​នាវា​ហ្នឹង​គឺ​ល្អ​ណាស់​ ដែល​របស់​គាត់​គឺ​ គឺ​មាន​ការ​ទំនើបៗ​ មែន​ដែល​បាន​មក​កម្ពុជា»​។​

នាវា​ចម្បាំង​បី​គ្រឿងរបស់​ប្រទេស​ចិន​បាន​មក​ដល់​កំពង់​ផែ​ព្រះសីហនុ​ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ កាល​ពីថ្ងៃ​ច័ន្ទ។​ នៅ​ក្នុង​ចំណោម​នាវា​ទាំងបី​គ្រឿង​នោះ​ មាន​នាវា​ពីរគ្រឿង​បំពាក់​ដោយ​ប្រព័ន្ធនាំផ្លូវកាំជ្រួច​មីស៊ីល​ និង​មួយ​គ្រឿង​ទៀត​ជា​នាវា​គាំទ្រ។​

នាវា​ទាំង​បី​នេះ គឺ​ជា​នាវា​ដែល​ធ្វើ​ដំណើរ​ចេញ​ពី​សមុទ្រ​ចិន​ខាង​ត្បូង។​ មុន​នឹង​មក​ដល់​ប្រទេស​កម្ពុជា​ នាវា​ចម្បាំង​ទាំង​នោះ​បាន​ធ្វើ​ដំណើរ​កាត់​តាម​ប្រទេស​មួយ​ចំនួន​ រួមមាន​ប្រទេស​ប៉ាគីស្ថាន ស្រីលង្ការ​ និង​ប្រទេស​ថៃ​ មុន​នឹង​ការ​មកដល់​កំពង់​ផែ​ក្រុង​ព្រះសីហនុ។​ នេះ​បើយោងតាម​ការ​បញ្ជាក់​ពី​លោក​ ឧត្តមនាវី​ទោ ​Yu Manjian​ ​ដែល​ជាមេបញ្ជាការ​រង​នៃ​កងនាវា​ចម្បាំង​ចិន​នេះ។​ ​

នៅ​ក្នុង​ជំនួប​ជាមួយ​ លោក Yu Manjian នោះ​ ​លោក​ ទៀ វិញ​ ថ្លែងថា​ លោក​ពុំដែល​បាន​មាន​ប្រសាសន៍​ ទាក់​ទិន​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ​ នៅ​រាល់​ពេល​ដែល​លោក​បាន​ជួប​ប្រជុំ​ជាមួយ​ប្រមុខ​កងទ័ព​ជើង​ទឹក​ក្នុង​ប្រទេស​នៃ​សមាគម​អាស៊ាន​។​ លោក​បញ្ជាក់​ថា​៖​

«ទៅប្រជុំ​អាស៊ាន​របស់​កងទ័ព​ជើង​ទឹក​ម្តង​ៗ​ នៅ​ម្តុំ​អាស៊ាន​នេះ​ គឺៗ​ គឺចង់​ឲ្យ​ខ្ញុំ​និយាយ​ ខ្ញុំ​អត់​និយាយ​ទេ។​ ខ្ញុំ​ថា​ ទុក​ឲ្យ​ដោះ​ស្រាយ​ ជាមួយ​សន្តិ​វិធី​គ្នា​ល្អ​ជាង»។​ ​

លោកនាយ​ឧត្តម​នាវី​ ទៀ វិញ​ បាន​បញ្ជាក់​ពី​ជំហរ​កងទ័ព​ជើងទឹករបស់​កម្ពុជា​នៅ​ចំពោះ​ លោក​ឧត្តម​នាវី​ទោ Yu Manjianថា​ ​កងទ័ព​ជើង​ទឹក​កម្ពុជា​ទទួល​ស្គាល់​ថា​ មាន​ប្រទេស​ចិន​តែ​មួយ​ មិន​មាន​ពីរ​ឡើយ។​

បន្ទាប់​ពី​ការថ្លែង​របស់​លោក​ ទៀ វិញ​ លោក​ Yu Manjian​ មិន​ទាន់​បញ្ជាក់​ថា​ ប្រទេស​ចិន​នឹង​ឧបត្ថម្ភ​នាវា​ចម្បាំង​ទាំងពីរ​គ្រឿង​នោះ​ដល់​កម្ពុជានោះ​ទេ។ តែ​មេបញ្ជាការ​រង​នាវា​ចម្បាំង​ចិន​រូប​នេះ​ និយាយ​ថា​ លោក​ពេញចិត្ត​នឹង​ការពន្យល់​របស់​លោក​ ទៀ​ វិញ​ ដែល​បដិសេដ​មិន​និយាយ​ពី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ នៅ​ក្នុង​ពេល​ជួប​ប្រជុំ​ជាមួយ​ប្រមុខ​កងទ័ព​ជើង​ទឹក​ក្នុង​ប្រទេស​សមាជិក​អាស៊ាន។​ នៅចុងបញ្ចាប់​នៃ​ការថ្លែង​របស់​លោក​ ទៅ​កាន់ លោក​ ទៀ​ វិញ​ ​លោក​ Yu Manjian បាន​ស្នើ​ឲ្យ​ លោក ទៀ​ វិញ​ ទៅ​ទស្សនា​នាវា​ចម្បាំង​របស់​ចិន​ នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​

ការ​ធ្វើ​លំហាត់​សង្គ្រោះ​រវាង​កង​ទ័ព​ជើង​ទឹក​កម្ពុជា​ និង​កងទ័ព​ជើង​ចិន​បាន​បញ្ចប់​នៅ​ថ្ងៃ​ពុធនេះ។​ នាវា​ចម្បាំង​ទាំង​បី​នេះ​ នឹង​បើក​ឲ្យ​សាធារណជន​ចូល​ទស្សនា​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​ មុន​ការ​ចាក​ចេញ​របស់​នាវា​ទាំង​បី​នេះ​ ទៅកាន់​ប្រទេស​ចិន​វិញ។​ នេះ​បើ​យោង​ទៅតាម​ការ​បញ្ជាក់​របស់​លោក​ មាស ថង​ អ្នក​នាំពាក្យ​នៃ​កងទ័ព​ជើង​ទឹក​កម្ពុជា។​ ​

លោក​មាស ថង​ បាន​មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ ​អំពី​ការ​ធ្វើ​លំហាត់​នេះ​ ដោយ​ផ្អែក​លើ​ប្រធាន​បទចំនួនបី​៖​ ​

«ទីមួយ​សង្គ្រោះ​ គ្រោះ​មហន្តរាយ​ អគ្គិភ័យ​ ឆាប​ឆេះ​លើ​នាវា។​ ទីពីរ​លំហាត់​ បាន​ន័យ​ថា យើងធ្វើ​សញ្ញា​ទង់​លើ​នាវា​ឧបទ្ទ​វហេតុ​នៅ​លើ​សមុទ្រ​នីមួយៗ ​ហើយ​ទីបី​គឺ​ការងារ​សេនាធិការ​របស់​កងទ័ព​ជើង​ទឹក។​ ហ្នឹង​បីមុខ​សំខាន់​ហ្នឹង​»។​

លោក​បាន​បញ្ជាក់​បន្ថែម​ថា​ ប្រទេស​កម្ពុជា​ ពិតជា​ចង់​បាន​នាវា​ចម្បាំង​ដែល​អាច​បំពាក់​សពា្វវុធ​ ដែល​មាន​ទំហំ​តូចល្មម​ដែល​ប្រទេស​កម្ពុជា​អាច​ផ្គត់​ផ្គង់​ដល់ប្រតិបត្តិការ​របស់​នាវា​ទាំងនោះ​។​ យ៉ាង​ក៏ដោយ​ លោក​ថា​ នេះ​គ្រាន់​តែ​ជា​ការ​ប្រាថ្នា​ចង់បាន​របស់​កង​ទ័ព​ទឹក​កម្ពុជា​តែប៉ុណ្ណោះ​។​

ការ​មកដល់​របស់​នាវា​ចម្បាំង​បី​គ្រឿង​របស់​ប្រទេស​ចិន​នេះ​ គឺ​កើត​មាន​ក្រោយ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​នៃការ​មកដល់​របស់​នាវា​របស់​ប្រទេស​ជប៉ុន​បី​គ្រឿង។​ នាវា​ចិន​ទាំងបី​គ្រឿង​នោះ​ បាន​នាំ​កងទ័ព​ជើង​ទឹក​ចំនួន​៧០០នាក់​មក​ជាមួយ​ផងដែរ។​

លើសពី​នេះ​ទៀត​ ការមក​ដល់​នៃ​នាវា​របស់​ប្រទេស​ចិន​ទាំងបី​គ្រឿង​នេះ​ ក៏បាន​កើត​ឡើង​បន្ទាប់​ពី​ក្រុម​អ្នក​ស្រាវជ្រាវ​ឯករាជ្យ​មួយ​នៅ​ស.រ.អា​បាន​ឲ្យ​ដឹងថា ​ប្រទេស​ចិន​កំពុង​ដំឡើង​ប្រព័ន្ធ​រ៉ាដា​មួយ​នៅ​ពាសពេញ​ដែនកោះមាន​ជម្លោះ ​ដែល​ខ្លួន​ត្រួតត្រា​នៅក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។ របាយការណ៍របស់​មជ្ឈមណ្ឌល​សិក្សា​បញ្ហា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ​ ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​នេះ ​បាន​ឲ្យដឹងថា​ប្រព័ន្ធ​រ៉ាដា​នៅ​លើ​កោះ​នោះ ​«នឹង​បង្កើន​សមត្ថភាព​របស់​ប្រទេសចិន​យ៉ាង​ខ្លាំង ​ដើម្បី​ត្រួត​ពិនិត្យ​មើល​ចរាចរណ៍​លើ​ផ្ទៃ​ទឹក​និង​លើ​អាកាស ​នៅ​ប៉ែក​ខាងជើង​នៃ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង‍»។ ក្រុម​ស្រាវជ្រាវ​នេះ​ក៏​និយាយ​ដែរ​ថា ​ចិន​ហាក់​ដូចជាកំពុង​ដំឡើង​ប្រព័ន្ធ​រ៉ាដា នៅ​លើ​កោះ​តូចៗ​ផ្សេង​ទៀត​នៅក្នុង​ប្រជុំ​កោះ​ស្ព្រាត​លីផង​ដែរ៕