ភ្នំពេញ៖ ក្រុមមេដឹកនាំអាស៊ានបានអនុម័តសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាននៅថ្ងៃអាទិត្យនេះ ទោះជាមានការប្រឆាំងតវ៉ាពីសំណាក់អង្គការសង្គមស៊ីវិលសុំឲ្យមានការពន្យារពេលក៏ដោយ។ បន្ទាប់ពីពិធីសម្ពោធន៍កិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃអាទិត្យទី១៨វិច្ឆិកានេះ មេដឹកនាំទាំងដប់បានចុះហត្ថលេខាលើសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានដែលមានការរិះគន់យ៉ាងច្រើន។
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាង៦០បានរិះគន់ថា ឯកសារនេះឋិតនៅ ក្រោមស្តង់ដារអន្តរជាតិ ហើយស្នើឲ្យមានការកែប្រែនូវចំណុច មួយចំនួនសិនមុននឹងអនុម័ត។
Your browser doesn’t support HTML5
នាងThilaga ជាអ្នកស្រឡាញ់ភេទដូចគ្នាសញ្ជាតម៉ាឡេស៊ី។ នាងថ្លែងថា សេចក្តី ប្រកាសសិទ្ធិមនុស្សរបស់អាស៊ានមិនបានរាប់បញ្ចូលសិទ្ធិរបស់មនុស្សគ្រប់រូបទេ។
«នៅពេលដែលយើងមានមាត្រាមួយចំនួនដែលគ្រប់គ្រងលើសីលធ៌មសាធារណៈនិង ការពារសន្តិសុខជាតិ ហើយប្រឆាំងនឹងសិទ្ធិមនុស្សនោះវាជារឿងអាក្រក់យ៉ាងក្រៃលែង»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សuman Rights Watch ដែលមានទីស្នាក់ការនៅក្នុងទីក្រុង ញូវយ៉កថ្លែងនៅថ្ងៃអាទិត្យនេះថា សេចក្តីប្រកាសសិទ្ធិមនុស្សរបស់សមាគមអាស៊ាន មានកម្រិតទាបជាងស្តង់ដារអន្តរជាតិ ហើយថា ប្រទេសជាសមាជិកនៃអាស៊ាន អាចប្រើប្រាស់សេចក្តីប្រកាសនេះដើម្បីធ្វើឲ្យស្របច្បាប់ ចំពោះការរំលោភសិទ្ធិរបស់ពលរដ្ឋខ្លួន។
លោក Surin Pitsuwan អគ្គលេខាធិការអាស៊ាន ថ្លែងថា សមាគមអាស៊ានតាំងចិត្តក្នុង ការការពារសិទ្ធិមនុស្សដូចសេចក្តីប្រកាសសិទ្ធិមនុស្សសាកលរបស់អ.ស.ប.ដែរ។
«យើងមិនត្រឹមតែប្រកាសថា យើងនឹងស្វែងរកកិច្ចការពារនិងលើកស្ទួយសិទ្ធិមនុស្ស នៅក្នុងតំបន់យើងតាមបែបផែនយើងតែប៉ុណ្ណោះទេ តែយើងថែមទាំងព្យាយាមរក្សានូវស្តង់ដារខ្ពស់ដូចដែលបានចែងនៅក្នុងសេចក្តីប្រកាសសិទ្ធិមនុស្សអន្តរជាតិផ្សេងៗផងដែរ»។
លោកអ៊ូ វីរៈ ជាប្រធានមជ្ឈមណ្ឌលកម្ពុជាការពារសិទ្ធិមនុស្ស CCHR ដែលមានទីស្នាក់ការនៅក្រុងភ្នំពេញ។ លោកថ្លែងថា លោកចង់ឃើញមានការផ្លាស់ប្តូរនូវ ខ្លឹមសារមួយចំនួន នៅក្នុងសេចក្តីប្រកាសសិទ្ធិមនុស្សរបស់អាស៊ាន ដែលនៅមិនទាន់មានភាពមិនច្បាស់។
«យើងសូមឲ្យដកចេញគោលការណ៍សីលធ៌មសង្គម ហើយយើងសូមឲ្យដកចេញនូវខ្លឹមសារមួយចំនួនដែលអាចយកលេស ដូចជាការមិនចូលជ្រៀតជ្រែកក្នុងប្រទេសនិមួយៗ។ យើងសូមឲ្យដកចេញនូវខ្លឹមសារដែលថា ទុកឲ្យប្រទេសនិមួយៗតាមប្រវត្តិរបស់ខ្លួន»។
ទោះជាមានការរិះគន់ពីសំណាក់អង្គការសង្គមស៊ីវិល និងអង្គការឃ្លាំមើល សិទ្ធិមនុស្សក៏ដោយ ក៏សមាគមអាស៊ានជឿថា សេចក្តីប្រកាសសិទ្ធិមនុស្សនេះ មិនប្រាស់ ចាកពីសេចក្តីប្រកាសសិទ្ធិមនុស្សសាកលរបស់អ.ស.ប.ទេ៕