មន្ត្រីកម្ពុជាបានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា សមាជិកពីរនាក់នៃគណបក្សជំទាស់ត្រូវបានចាប់ខ្លួនពីបទញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញសន្លឹកឆ្នោតរបស់ខ្លួន មុនថ្ងៃបោះឆ្នោតជាតិឈានមកដល់។ នេះបើយោងតាមសារព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី ៧ នឹងធ្វើឡើងដោយគ្មានការប្រជែងនឹងគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា លោក លី រី ដែលជាប្រធានក្រុមការងារគណបក្សភ្លើងទៀនប្រចាំរាជធានីភ្នំពេញ និងលោក ប៊ុន ខេត ដែលជាប្រធានប្រតិបត្តិនៃគណបក្សភ្លើងទៀន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ ពីបទ «ញុះញង់ឱ្យពលរដ្ឋបំផ្លាញសន្លឹកឆ្នោត»។
អាជ្ញាធរមិនបានផ្តល់ព័ត៌មានលម្អិតអំពីបទចោទប្រកាន់លើសមាជិកបក្សជំទាស់ទាំងពីរនាក់នេះទេ ក៏ប៉ុន្តែលោក ខៀវ សុភ័គ ថ្លែងថា អាជ្ញាធរមាន«ភស្តុតាំងគ្រប់គ្រាន់» ក្នុងការចោទបុរសទាំងពីរនាក់នេះ។
នៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដាខាងមុខនេះ កម្ពុជានឹងរៀបចំការបោះឆ្នោតជាតិ ដោយគ្មានការប្រជែងនឹងគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីគណបក្សភ្លើងទៀនដែលជាគូប្រជែងចម្បង ត្រូវបានបដិសេធចុះឈ្មោះចូលរួមការបោះឆ្នោតដោយសារតែកង្វះឯកសារ។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភិរិទ្ធ បានថ្លែងថា លោកមិនបានដឹងថាតើនៅពេលណាសមាជិករបស់បក្សទាំងពីរនាក់ដែលត្រូវបានចាប់ខ្លួននោះ បានអំពាវនាវឱ្យមានការបំផ្លាញសន្លឹកឆ្នោតនោះទេ។
លោកបានប្រាប់សារព័ត៌មាន AFP ថា៖ «យើងកំពុងតាមដានករណីនេះ»។
វិសោធនកម្មថ្មីលើច្បាប់បោះឆ្នោត ដែលលោក ហ៊ុន សែន បានស្នើឡើងដើម្បីទប់ទល់នឹងការធ្វើពហិកាលើការបោះឆ្នោតដោយក្រុមសកម្មជនបក្សជំទាស់ កំណត់ថា អ្នកដែលមិនបានបោះឆ្នោតក្នុងការបោះឆ្នោតជាតិអាណត្តិនេះ នឹងមិនមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យសម្រាប់ការបោះឆ្នោតនាពេលអនាគតឡើយ។
ជាមួយគ្នានោះ ការរារាំងដល់ដំណើរការបោះឆ្នោត ឬអំពាវនាវឱ្យអ្នកបោះឆ្នោតបំផ្លាញសន្លឹកឆ្នោត គឺជាបទឧក្រិដ្ឋព្រហ្មទណ្ឌ។
ក្រុមអ្នកការងារសិទ្ធិមនុស្សបានរិះគន់លោក ហ៊ុន សែន ដែលបាននិងកំពុងដឹកនាំប្រទេសកម្ពុជាជិត ៤០ឆ្នាំមកនេះ ថាបានប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីគាបសង្កត់ការប្រឆាំងនឹងការដឹកនាំរបស់លោក។ លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា កំពុងធ្វើយុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតជាតិអាណត្តិទី ៧ ដែលគេរំពឹងថា លោកអាចនឹងឱ្យកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ដឹកនាំនាំប្រទេសនាពេលអនាគត៕