សាលាឧទ្ទរណ៍​ចាប់​ផ្តើម​បើក​សវនាការ​រឿង​ក្តី​បាញ់​ប្រហារ​នៅ​ក្រុង​បាវិត

​លោក​ឈូក បណ្ឌិត​ អតីត​អភិបាល​ក្រុង​បាវិត

ភ្នំពេញ៖​សាលាឧទ្ទរណ៍​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ចាប់​ផ្តើម​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​បណ្តឹង​សារទុក​របស់​លោក អ៊ុក សាវុធ អគ្គព្រះ​រាជអាជ្ញា​សាលា​ឧទ្ធរណ៍​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​លើ​ករណី​លោក​ឈូក បណ្ឌិត​ អតីត​អភិបាល​ក្រុង​បាវិត។
សាលាដំបូង​ខេត្ត​ស្វាយរៀង​កាល​ពីខែធ្នូ​ ឆ្នាំ​២០១២​បាន​លើកលែង​ការចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​ដ៏​ល្បីល្បាញ​មួយ​របស់​អតីត​អភិបាលក្រុង​បាវិត​លោក​ឈូក បណ្ឌិត មកចោទ​ប្រកាន់​ត្រឹមតែ​ការបង្ក​របួស​ស្នាម​ដោយ​អចេតនា​តែ​ប៉ុណ្ណោះ។
មាន​ជនសង្ស័យ​ចំនួន​ពីរ​នាក់​គឺ​លោក​ ស ចន្ថា​មន្ត្រី​នគរបាល​ក្រុង​បាវិត និង លោក​ឈូក បណ្ឌិត ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពីបទ​បង្ក​របួស​ស្នាម​ដូច​គ្នា​ក៏​ប៉ុន្តែ​ក្រោយ​មក​តុលាការ​បាន​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង​ប្រឆាំង​នឹង​លោក​ឈូក បណ្ឌិត​នៅ​សល់​តែ​លោក​ស ចន្ថា​តែ​ម្នាក់​ប៉ុណ្ណោះ។
លោក ស ចន្ថា មន្ត្រី​នគរបាល​ក្រុង​បាវិត​បាន​បង្ហាញ​មុខ​ក្នុង​សវនាការ​នៅ​ថ្ងៃ​នេះ​ក្នុង​នាម​ជា​សាក្សី​តែ​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ​កន្លង​មក​លោក​បាន​បដិសេធ​ថា មិន​បាន​បាញ់​កម្មករ​បី​នាក់​ឲ្យ​រង​របួស​ទេ។​សភា​ព្រហ្មទណ្ឌ​សាលា​ឧទ្ធរណ៍​បាន​ចាប់​ផ្តើម​លើក​យក​ករណី​នេះ​មក​ជំនុំ​ជម្រះ​ក្រោយ​ពី​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​បាន​ទម្លាក់​ចោល​ករណី​ចោទ​ប្រកាន់​លើ​លោក​ឈូក បណ្ឌិត។
នៅ​ក្នុង​បន្ទប់​សវនាការ​មាន​វត្តមាន​ជន​ជាប់​ចោទ​លោក​ឈូក បណ្ឌិត​ លោក​ ស ចន្ថា​ និង​ជន​រងគ្រោះ​កម្មការីនី​ចំនួន​បី​នាក់​គឺ​ នុត​ សាខន​ កែវ​ នា​ និង​ប៊ុន ចិន្តា​ ព្រម​ទាំង​សាក្សី​សរុប​ចំនួន​២៥​នាក់។
បន្ទាប់​ពី​បាន​បើក​សវនាការ​រយៈ​ពេល​មួយ​ព្រឹក​នៅ​ថ្ងៃ​ពុធ​នេះ លោក​ឃុន លាង​ម៉េង ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​របស់​សាលា​ឧទ្ធរណ៍​បាន​ប្រាប់​វីអូអេ​ថា សវនាការ​នឹង​បន្ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​ទៀត។
«កំពុង​តែសួរ​ដេញដោល​ហើយ​ផ្អាក​សវនាការ​ហើយ​បន្ត​នៅថ្ងៃ​ស្អែក​ម៉ោង​៨​ព្រឹក​ពីព្រោះ​បន្ត​នៅ​ថ្ងៃ​នេះ​ក៏​មិន​អាច​បញ្ចប់​បាន​ដែរ​គឺសួរ​ជនជាប់​ចោទ។ សាក្សី​មិន​ទាន់​បាន​សួរ​ទេ។ សួរ​ជន​រងគ្រោះ​អស់​ហើយ។ ស្អែក​នឹង​បន្តសាក្សី»។​
លោក ឈូក បណ្ឌិត មិន​ធ្វើ​អត្ថាធិប្បាយ​ជាមួយ​អ្នក​យក​ព័ត៌មាន​ទេ​នៅ​ពេល​ដែល​លោក​ត្រូវ​បាន​មន្ត្រី​នគរបាល​ដើរ​ហែរ​ហម​ចេញ​ពី​បន្ទប់​សវនាការ​របស់​សាលាឧទ្ធរណ៍។ លោក ឈូក បណ្ឌិត បាន​ដើរ​ទៅ​ឡើង​ជិះ​រថ​យន្ត​ដែល​មាន​តម្លៃជាង​១០​ម៉ឺនដុល្លារ​យ៉ាង​ប្រយាប់​ដោយ​មិនមាន​ភាព​តក់ស្លុត​ចំពោះ​សំណុំ​រឿង​របស់​លោក​ទេ។​
«ចាំ​បន្តិច​ទៀត​គេ​ចេញ​មក​ហើយ។ សវនាការ​គេ​ចេញ​យ៉ាង​ម៉េច​យើង​ចាំមើល​តាម​ហ្នឹង​ទៅ»។
អ្នក​ស្រី​ កែវ នា ​អាយុ​១៩​ឆ្នាំ ដែល​ជា​ជនរងគ្រោះ​ដោយ​ការ​បាញ់​ប្រហារ​នេះ​បាន​និយាយ​នៅ​ក្នុង​បន្ទប់​សវនាការ​ថា លោក ឈូក បណ្ឌិត បាន​ឆ្លើយដោះសារ​ប្រាប់​តុលាការ​ថា លោក​បាន​បាញ់​ឡើង​ទៅ​លើ​មេឃ ក៏ប៉ុន្តែ​ក្នុង​ពេល​នោះ​នៅ​ពេល​ដែល​មាន​ក្រុម​កម្មករ​មក​ដណ្តើម​កាំភ្លើង​ពី​លោក​ទើប​បណ្តាល​ឲ្យ​រាល​កៃ​គ្រាប់​កាំភ្លើង​ទៅ​ត្រូវ​កម្មការី​ទាំង​បីនាក់​ឲ្យរង​របួស។​
អ្នក​ស្រី​បាន​និយាយ​ថា អ្នក​ស្រី​មិន​បាន​ឃើញ​លោក​ឈូក បណ្ឌិត​បាញ់​ដោយ​ផ្ទាល់​ទេ​ក៏ប៉ុន្តែ​តាម​សាក្សី​ជា​ច្រើន​ថា លោក ឈូក បណ្ឌិត​ ជា​អ្នក​ប្រព្រឹត្ត។
«ខ្ញុំ​ចង់​ឲ្យ​តុលាការ​កាត់ទោស​តាម​ផ្លូវ​ច្បាប់ ហើយ​ឲ្យ​គាត់​ជាប់​គុគ ហើយ​ម៉្យាង​ឲ្យ​គាត់​សង​ថ្លៃ​ជំងឺ​ចិត្ត​ដល់​ពួក​ខ្ញុំ​ខ្លះ ពីព្រោះ​បើ​សិន​ជា​គាត់​មិន​ជាប់​គុក​ថ្ងៃមុខ​ថ្ងៃក្រោយ​អាងតែ​ខ្លួន​គាត់​ធំគាត់​នៅ​តែ​ធ្វើ​អញ្ចឹង​ដដែល»។​
លោក ឡុង ភន​ នាយរង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប្រាសាទ​ដែល​មក​ធ្វើ​ជា​សាក្សី​បាន​និយាយ​ថា លោក​ឃើញ​លោក ឈូក បណ្ឌិត ជា​អ្នក​បាញ់​កម្មករ​ដោយ​ផ្ទាល់​ដៃ​ពីព្រោះ​លោក​នៅ​ចម្ងាយ​ប្រមាណ ប្រាំពីរ​ម៉ែត្រ​ពី​កន្លែង​កើត​ហេតុ​តែប៉ុណ្ណោះ។​
«កម្មករ​កំពុង​តែ​ច្រើន ខ្ញុំ​ងាក​មក​ឃើញ​ដួល​ក្មេង​ស្រី។ រួច​ទៅ​កម្មករ​គប់​ទាំង​ប៉ូលីស ទាំង​អី។ ខ្ញុំ​ក៏​រត់​គេច​តាម​ចន្លោះ​រោង​ចក្រទៅ។ ឈូក បណ្ឌិត​ជា​អ្នក​បាញ់»។
នៅ​ខាង​ក្រៅ​បរិវេណ​សាលា​ឧទ្ធរណ៍ ក្រុម​កម្មករ​រោងចក្រ​និង​អ្នក​រងគ្រោះ​ដោយសារ​ការ​រំលោភ​ដីធ្លី​នៅ​តំបន់​បឹង​កក់​បាន​មក​ស្រែក​តវ៉ា​ទាមទារ​ឲ្យ​តុលាការ​ផ្តន្ទាទោស​លោក​ឈូក បណ្ឌិត។
«ឈូក បណ្ឌិត ជាប់​គុកៗៗ»។
កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១២ មាន​កម្មករ​ប្រមាណ​១.០០០​នាក់​នៅ​រោងចក្រ​កៅ​វ៉េ ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​ស្វាយរៀង។ បាន​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ក្នុង​រោងចក្រ ​ក្នុង​ពេលនោះ​កម្មការិនី​វ័យ​ក្មេង​ចំនួន​បី​នាក់​ត្រូវ​ខ្មាន់​កាំភ្លើង​បាន​ បាញ់​ពីក្រោយ​ខ្នង​ក្រុមបាតុករ។ កម្មការិនី​ចំនួន​បី​នាក់​បាន​រងរបួស​ក្នុងនោះ​ពីរ​នាក់​របួសធ្ងន់​ដោយ​ត្រូវ​គ្រាប់​ពី​ខាង​ក្រោយ​ខ្នង​ធ្លាយ​ទៅ​ទ្រូង​និង​ម្នាក់​ទៀត​បាន​ធ្លាយ​ទៅ​ដៃ​ខាងស្តាំ។ ក្រោយ​មក​លោក ស ខេង ​ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​ អ្នកយក​ព័ត៌មាន​ថា ខ្មាន់​កាំភ្លើង​គឺ​ជា​អភិបាលក្រុង​បាវិត​នៅ​ពេលនោះ​គឺ​លោក​ឈូក បណ្ឌិត៕