សាលា​ឧទ្ធរណ៍​ពិចារណា​រឿង​ក្តី​លោក ម៉ម សុណង់ដូ

លោក​ម៉ម សូណង់ដូ ប្រធាន​ស្ថានីយ​វិទ្យុសម្បុក​ឃ្មុំ

ភ្នំពេញ៖ សាលា​ឧទ្ធរណ៍​បាន​ចាប់​ផ្តើម​បើក​សវនាការ​ជំនុំ​ជម្រះ​ករណី​លោក​ម៉ម សូណង់ដូ ប្រធាន​ស្ថានីយ​វិទ្យុសម្បុក​ឃ្មុំ និង​ជាប្រធាន​សមាគម​អ្នក​ប្រធាធិបតេយ្យ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​បី​បទ​ពាក់​ព័ន្ឋ​នឹង​ការ​បង្កើត​តំបន់​អបគមន៍​នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​ប្រឆាំងនឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។
លោក ម៉ម សូណង់ដូ ត្រូវ​បាន​សាលា​ដំបូង​ក្រុង​ភ្នំពេញ​កាល​ពី​ខែ​តុលា ឆ្នាំ​២០១២​កាត់​ទោស​ឲ្យ​ជាប់​ពន្ឋនាគារ​រយៈពេល​២០​ឆ្នាំ​និង​ពិន័យ​ជាប្រាក់​ចំនួន​១០​លាន​រៀល​គឺ​ប្រមាណ​២.៥០០​ដុល្លារ​សហរដ្ឋ​អាមេរិក​បន្ទាប់​ពី​តុលាការ​រក​ឃើញ​ថា លោក​ជាប់​ពាក់​ព័ន្ឋ​នឹង​ការ​បង្កើត​តំបន់​អបគមន៍​ប្រឆាំង និង​រដ្ឋាភិបាល។
នៅ​ក្នុង​សវនាការ​ថ្ងៃទី​១​នៅ​សាលា​ឧទ្ធរណ៍ លោក​ម៉ម សូណង់ដូ​ត្រូវ​បាន​អនុរក្ស​ពន្ឋនាគារ​បណ្តើរ​ចេញ​ពី​ក្នុង​រថយន្ត​ដោយ​ដៃទាំង​ពីរ​ជាប់​ខ្នោះជាមួយ​ជន​ជាប់​ចោទពីរនាក់​ផ្សេងទៀត​គឺលោក ទូច រាម​និង​កាន់ សុវណ្ណ។
ស្ថិត​ក្នុង​សម្លៀក​បំពាក់​អាវ​សដៃ​ខ្លី​និង​មាន​សក់​ព័ណ៌ស​។លោក​ម៉ម សូណង់ដូ​មាន​ទឹក​មុខញញឹម​ដាក់​ក្រុម​អ្នក​កាសែត​និង​អ្នក​តាម​ដាន​តំណើរ​ការណ៍​សាលា​ក្តី​។​លោក​មិន​មាន​អត្ថាធិប្បាយ​ទេ​នៅ​ពេល​បណ្តើរ​ចេញ​ពី​ក្នុង​រថយន្ត​ដោយ​លោក​គ្រាន់​តែ​លើក​សញ្ញា​ម្រាម​ដៃពីរ​ឡើង​ទៅ​លើ​ដែល​សម្គាល់​ថា សញ្ញា​នេះ​ជា​សញ្ញា​ជ័យជម្នះ។
នៅ​ក្នុង​បន្ទប់​សវនាការ លោក ម៉ម សូណង់ដូ​ បាន​ជម្រាប​សួរ​និង​ដើរ​ចាប់​ដៃ​ក្រុម​អង្កការ​សង្គម​ស៊ីវិល​និង​អ្នក​ការ​ទូត​គ្រប់ៗ​គ្នា​មុន​សវនាការ​ចាប់​ផ្តើម។ លោក​បាន​ប្រាប់​វីអូអេ​យ៉ាង​ខ្លី​ថា​លោក​បាន​ស្រក​ទម្ងន់​ចំនួន​ប្រាំបី​គីឡូក្រាម​ពី​ទំងន់​៧៣​គក្រ​ មក ​៦៥​គក្រ​វិញ។
ចំណែក​នៅ​ខាង​ក្រៅ​បរិវេណ​តុលាការ​វិញ ក្រុម​សមាជិក​សមគម​អ្នក​ប្រធា​ធិបតេយ្យ​និង​ក្រុម​អ្នក​រងគ្រោះ​ដោយសារ​ការ​រំលោភ​ដីធ្លីពី​តំបន់​បឹង​កក់​និង​បូរី​កីឡា​បាន​លើក​រូបថត​និង​ពាក់​រូប​សញ្ញា​លោក​ម៉ម សូណង់ដូ លើ​ក្បាល​ស្រែក​ទាម​ទារ​ឲ្យ​សាលា​ឧទ្ធរណ៍​ផ្តល់​យុត្តិធម៌​ដល់​លោក​ម៉ម​ សូណង់ដូ។
«លោក​ម៉ម សូណង់ដូ​មិន​មែន​រង​ដូចមាន​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ដំបូង​ទេ។ យុត្តិធម៌​ត្រូវ​តែ​មាន​ចំពោះ​លោក​ម៉ម សូណង់ដូ»។
សវនាការ​ថ្ងៃទី១​នេះ​មាន​ជនជាប់​ចោទ​ចំនួន​បី​នាក់​គឺ​លោក​ម៉ម សូណង់ដូ​ លោក​ទូច​ រាម និង​លោក​កាន់ សុវណ្ណ​ ព្រមទាំង​មាន​ភាគី​ដើម​បណ្តឹង​ចំនួន​បី​រូប​ផ្សេង​ទៀត។
មុន​ដំណើរការ​អង្គសេចក្តី មេធាវី​ការ​ពារ​ក្តី​លោក​ម៉ម សូណង់​ដូ​គឺ​លោក​សម សុគង់ បាន​ទាម​ទារ​ឲ្យ​តុលាការ​ត្រូវ​តែ​មាន​វត្តមាន​ជនជាប់​ចោទ​ប្រាំពីរ​រូប​ផ្សេង​ទៀត​ដែល​ជា​សាក្សី​ដាក់​បន្ទុក​មក​លើ​លោក​ម៉ម សូណង់ដូ បើ​មិន​មាន​វត្តមាន​ទេ មេធាវី​បាន​ទាម​ទារ​ឲ្យ​តុលាការ​ពន្យារ​ពេល​សវនាការ។ ក៏​ប៉ុន្តែ​ក្រោយ​ពី​បាន​ដកឃ្លា​ទៅ​ពិភាក្សា​មួយរយៈ តុលាការ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​បន្ត​នីតិវិធី​របស់​ខ្លួន​ដោយ​រង់ចាំ​ការ​កោះ​ហៅ​សាក្សី​នៅ​ពេល​ក្រោយ។
សវការ​ត្រូវ​បាន​ធ្វើ​ឡើង​ប្រមាណ​ជាង​បី​ម៉ោង ដោយ​ត្រឹម​តែ​បាន​សាកសួរ​លោក​ម៉ម សូណង់ដូ​និង​ជនជាប់​ចោទ​ពីរ​នាក់​ទៀត​ប៉ុណ្ណោះ។ ដោយសារ​តែ​ពេល​វេលា លោក​ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះ ឃុន លាងម៉េង បាន​និយាយ​ថា សវនាការ​នឹង​បន្តនៅ​ថ្ងៃពុធ​ស្អែក​ទៀត។
នៅ​ក្នុង​បន្ទប់​សវនាការ លោក​ម៉ម សូណង់ដូ បាន​ឆ្លើយ​ប្រាប់​តុលាការ​សាលា​ឧទ្ធរណ៍​ដូច​តុលាការ​ក្រុង​ភ្នំពេញ​ដែរ​ថា លោក​បង្កើត​សមាគម​នេះ​ត្រឹម​ត្រូវ​តាម​ច្បាប់​ បង្រៀន​សមាជិក​ឲ្យ​គោរព​ច្បាប់​ និង​រដ្ឋ​ធម្មនុញ្ញ​ហើយ​មិន​មាន​គោលការណ៍​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទេ។
ក្នុង​វ័យ​៧១ឆ្នាំ លោក​ម៉ម សូណង់ដូ នៅ​តែ​ប្រកាន់​ជំហរ​ថា អ្នក​ដែល​មក​ជូប​លោក​នៅ​ទីស្នាក់ការ​វិទ្យុ​សម្បុក​ឃ្មុំ​គឺ​និយាយ​ពី​រឿង​ត​ចរន្ត​អគ្គីសនី។ លោក​មិន​បាន​លើក​ទឹកចិត្ត​ឲ្យ​បង្កើត​ចាប់​យក​ដីធ្លី​នៅ​ភូមិ​ប្រម៉ា​ ឃុំកំពុងដំរី​ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដើម្បី​ធ្វើ​តំបន់​អបគមន៍​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទេ។ មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ខាង​ក្រៅ​អគារ​តុលាការ។ លោក​ម៉ម សូណង់ដូ បាន​និយាយ​ថា លោក​សង្ឃឹមថា សាលា​ឧទ្ធរណ៍​នឹង​ផ្តល់​យុត្តិធម៌​ដល់​លោក។
«ខ្ញុំ​សូម​អរគុណ ប៉ុន្តែ​ចំពោះ​ខ្ញុំ​នឹ​កឃើញ​ថា ដូច​អត់មាន​បញ្ហា​អ្វី​ទេ​ពីព្រោះ​ខ្ញុំ​និយាយ​ការ​ពិត​ទាំង​អស់​ហើយ​ខ្ញុំ​សង្ឃឹមថា តុលាការ​នឹង​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ។ ហើយ​ខ្ញុំ​អរគុណ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ពិភពលោក»។
លោក​អំ សំអាត មន្ត្រី​ឃ្លាំមើល​ការ​រំលោភ​សិទ្ឋិ​មនុស្ស​របស់​អង្កការ​លីកាដូ​បាន​និយាយ​ថា តាម​ការ​ជជែក​ដេញ​ដោល​គ្នា​នៅព្រឹក​នេះ​មិន​មាន​ភស្តុតាង​ណាមួយ​ដែលដាក់​បន្ទុក​មក​លើ​លោក​ម៉ម សូណង់ដូ ដូច​មាន​ការ​ចោទប្រកាន់​របស់​សាលា​ដំបូង​ក្រុង​ភ្នំពេញ​ទេ។
«ឆ្លង​តាម​ការ​ដេញ​ដោល​លោក​ម៉ម សូណង់ដូ ក៏​ដូចជា​ជនជាប់​ចោទ​ពីរ​នាក់​ផ្សេង​ទៀត​គឺ​មិន​មាន​ភស្តុតាង​ណាមួយ​ដែល​ថា លោក​ម៉ម សូណង់ដូ​ជាប់​ពាក់ព័ន្ឋ​នឹង​តំបន់​អបគមន៍​នៅ​ភូមិប្រម៉ា​ ឃុំកំពុងដំរី ​ស្រុក​ឆ្លូង​ ខេត្ត​ក្រចេះ​នោះទេ»។
អ្នក​ស្រី ឌិន ផាន់ណារ៉ា ភរិយា​របស់​លោក​ម៉ម សូណង់ដូ​បាន​អួលដើម​ក​និយាយ​មិន​ចេញ​នៅពេល​ដែល​ក្រុម​អ្នក​យកព័ត៌មាន​ចោទសួរ​ក្រោយ​ពី​ស្វាមីរបស់​អ្នក​ស្រី​ត្រូវ​បាន​អនុរក្ស​ពន្ឋនាគារ​គ្រា​បញ្ជូល​ក្នុង​រយន្ត​រួច​យក​ទៅ​ឃុំឃាំងព្រៃស​វិញ។
លោក​ស សាវាន មេធាវី​ការពារ​ក្តី​លោក​ម៉ម សូណង់ដូ បាន​និយាយ​ថា កូនក្តី​របស់​លោក​មិន​ជាប់​ពាក់ព័ន្ឋ​ទេ​គឺ​សំណុំរឿង​នេះជាប់​ពាក់ព័ន្ឋជាមួយ​លោក​ប៊ុន រដ្ឋា​អតីត​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​ដែល​បាន​បង្កើត​សហគមន៍​ប៊ុន រដ្ឋា​ សាមគ្គី​ដែល​ទៅ​ចាប់​ដី​យក​នៅ​ភូមិ​ប្រម៉ា៕