តំណាង​សហគមន៍​រងគ្រោះ​ដាក់​ញ្ញតិ្ត​ជូន​រដ្ឋ​សភា​និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ

ប្រជាពលរដ្ឋ​នៃ​បណ្តាញ​សហគមន៍​២៤​ខេត្តក្រុង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៤​នេះ​បាន​ដាក់​ញត្តិ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​និង​រដ្ឋសភា​កម្ពុជា​នៅ​ទី​ក្រុង​ភ្នំពេញ ​ដើម្បី​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថាប័ន​រដ្ឋ​ទាំង​ពីរ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ។ (ស៊ុយ ហ៊ាមខេមរា/វីអូអេ)

តំណាង​សហគមន៍ក្រីក្រ​ជា​ច្រើន​រយ​នាក់​ដែល​សុទ្ធសឹង​ជា​អ្នក​រងគ្រោះ​ដោយ​សារ​ជម្លោះ​ដី​ធ្លី​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ អំពើ​ពុក​រលួយ​ និង​ភាព​អយុត្តិធម៌​សង្គម​ផ្សេងៗ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ប្រមូល​ផ្តុំ​គ្នា​និង​ដើរ​ដង្ហែរ​ក្បួន​ដើម្បី​ដាក់​ញត្តិ​ទៅ​អង្គភាព​ប្រឆាំង​អំពុក​រលួយ​ និង​រដ្ឋសភា​ជាតិ​កម្ពុជា។ ប្រជាពលរដ្ឋ​ទាំង​នេះ​បាត់​ជំនឿ​លើ​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន​ក្នុង​ការ​ជួយ​ស្វែង​រក​ដំណោះ​ស្រាយ​ដល់​ពួកគេ។

ប្រជាពលរដ្ឋ​ដែល​រួមមាន​ព្រះសង្ឃ​បាន​លើក​បដាក្រោមពាក្យ​ស្លោក​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ហើយ​ចាត់ទុក​ថា អំពើ​ពុក​រលួយ​នៅ​កម្ពុជា​មាន​សភាព​កាន់តែ​ធ្ងន់​ធ្ងរ​ដែល​ជាឬគល់នៃអំពើ​អយុត្តិធម​សង្គម ជម្លោះ​ដី​ធ្លី ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ ការ​បាត់​បង់​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​នានា​នៅ​កម្ពុជា។

តំណាង​សហគមន៍​ប្រជាពលរដ្ឋ​ចំនួន​ប្រាំពីរ​នាក់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ដាក់​ញត្តិ​ក្នុង​អង្គភាព​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ។​

អ្នក​ស្រី មុំ សាគីន តំណាង​ប្រជាពលរដ្ឋ​ស្រុក ស្នួល​ ខេត្ត ក្រចេះ​ ដែល​បាន​ចូល​ប្រជុំ​ជា​មួយ​តំណាង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថ្លែងថា អាជ្ញាធរ​បាន​យល់​ព្រម​ទទួល​យក​ញត្តិ​របស់​ប្រជាពលរដ្ឋ​ដោយ​សន្យា​ថា នឹង​បើក​ការ​ស៊ើប​អង្កេត​ដើម្បី​ស្វែង​រក​ការ​ពិត​ជូន​ដល់​ប្រជាពលរដ្ឋ។ អ្នក​ស្រី​បន្ថែម​ថា ខ្លឹម​សារ​សំខាន់ៗ​ក្នុង​ញត្តិ​ដែល​ប្រជាពលរដ្ឋ​ទាំង​២៤​ខេត្ត​ក្រុង​បាន​លើក​ឡើង​គឺ​អំពី​វិនាសកម្ម​ព្រៃឈើ ការ​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ពីលំនៅដ្ឋាន​ និង​រឿង​រ៉ាង​អយុត្តិធម៌​សង្គម​ផ្សេងៗ​ទៀត។

«បញ្ហា​ព្រៃ​ឈើ​គឺជា​ប្រព័ន្ធ​គឺ​មាន​តែ​អស់​លោក​អ្នក​មាន​អំណាច​ដឹក​ទាំង​យប់​ទាំង​ថ្ងៃ។ មិនត្រឹម​តែ​ប៉ុណ្ណោះ​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ប្រជាជន ​ស្លាប់​ រង​គ្រោះ​វេទនា។ បញ្ហាដី​ធ្លី​ការ​វ៉ាស់វែង​ដីធ្លី​របស់​និស្សិត​វាស់​ហើយ​អត់​បាន​ដី​ បាន​ខិត​បណ្ណ​ហើយ​អត់បាន​ដី​ដដែល។ ចុងក្រោយ​ត្រូវ​បាន​គេ​ដុត​ផ្ទះ​សម្បែងអស់ទៀត»។

អ្នកស្រី ញ៉ឹក​ សុធា តំណាង​សហគមន៍​អូរ​បី​ជាន់ ​ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ថ្លែង​ថា​ គាត់​ និង​ប្រជាពល​រដ្ឋ​ក្នុង​ភូមិ​ចូល​រួម​ដាក់​ញត្តិ​នៅ​ថ្ងៃ​នេះ ដើម្បី​ទាមទារ​យុត្តិធម៌​ដល់​សហគមន៍​របស់​អ្នកស្រី​ដែល​រងគ្រោះ​ដោយសារ​ការ​រំលោភ​ដីធ្លី​ពី​សំណាក់​ជន​ពុក​រលួយ​ដែល​ជា​អ្នក​មាន​អំណាច​ថ្នាក់​ខេត្ត។

«បង​មក​ថ្ងៃ​ហ្នឹង​គឺ​ចង់​ដឹង​ថា អង្គភាព​ហ្នឹង​គាត់​ស៊ើប​អង្កេត​យ៉ាង​ម៉េច​ ហើយ​គាត់​មាន​វិធានការ​យ៉ាង​ម៉េច​ដើម្បី​រក​យុត្តិ​ធម៌​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ»។

រីឯ​លោក​ វី យាន់ ដែល​ជា​តំណាង​សហគមន៍​មក​ពី​ខេត្ត តាកែវ បាន​ប្រាប់​វីអូអេ​ថា ក្នុង​សហគមន៍​របស់​លោក​សព្វ​ថ្ងៃ​នេះ​ មាន​មន្ត្រី​អាជ្ញាធរ​បើក​ដៃ​ឲ្យ​ជនជាតិ​វៀតណាម​នេសាទ​ត្រី​ដោយ​ខុស​ច្បាប់។លោក​ចង់​ឃើញ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មាន​សកម្មភាព​បញ្ឈប់​អំពើ​ពុករលួយ។

«មូលហេតុ យើង​ខ្ញុំ​ហ្នឹង​រងគ្រោះ​ដោយសារ​អំពើ​ពុករលួយ​ហ្នឹង​វាធ្ងន់ធ្ងរពេក​ មិន​ដឹង​ទៅ​រើស​បម្រាស់​ទៅ​ណា​បាន។ មាន​តែ​មក​ទី​ហ្នឹង។ បច្ចុប្បន្ន​ខាង​ខ្ញុំ​ហ្នឹង​គឺ​រង​គ្រោះ​រឿង​នេសាទ​ខ្លាំង។ វៀត​ណាម​ចូល​នេសាទ​ទាំង​ហ្វូងៗ»។

​លោក ហេង សាន់ អាយុ ៧០​ឆ្នាំ​ប្រជា​ពលរដ្ឋ​មក​ពី​ស្រុក ដងទង់​ ខេត្ត កំពត បន្ថែម​ថា៖

«បើ​មិន​ដោះស្រាយ​ឲ្យ​ល្អ​ម៉េច​ដេញ​ចេញ​ពី​ដី​ធ្លី​ ដុត​បំផ្លាញ​ដីធ្លី​ ផ្ទះ​សម្បែង។ ពួគ​គាត់​បាន​អ្វី​រស់​នៅ។ យើង​ខ្ញុំ​បាន​អ្វីរស់​នៅ»។

លោក​ស្រី ជា​ ចាន់ធរ មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ថ្លែងថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នឹង​បើក​ការ​ប្រជុំ​ពិភាក្សា​មួយ​ដើម្បី​ពិនិត្យ​មើល​ញត្តិ​ដែល​ដាក់​ដោយ​ប្រជាពលរដ្ឋ​នៅ​ព្រឹក​ស្អែក។

«ខ្ញុំ​ក៏​បាន​ទទួល​ញត្តិ​ហ្នឹង​ដែរ។ យើង​មិន​ទាន់​សម្រេច​ថា យ៉ាង​ម៉េច​ទេ​ពីព្រោះ​យើង​មិន​បាន​ពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់​លើ​ញត្តិ​ទាំង​អស់​ហ្នឹង។ យើង​នឹង​បើក​ការ​ប្រជុំ​នៅ​ព្រឹក​ស្អែង​ហើយ​នឹង​សម្រេច​ថា​នឹង​ធ្វើ​យ៉ាង​ណាបន្ត​ទៀត»។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​មួយ​របស់​សហគមន៍​បាន​លើក​ឡើង​ថា គោល​នយោបាយ​អភិវឌ្ឍ​និង​ការ​ផ្តល់​ដីសម្បទាន​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​ទទួល​រង​ផល​ប៉ះពាល់​ជា​បន្ត​បន្ទាប់។

សហគមន៍​ក៏​បាន​លើក​ឡើង​ថា មន្រ្តី​ដែល​មាន​អំណាច​នៅ​ថ្នាក់​ខេត្ត​ និង​ជាតិ​បាន​ឃុប​ឃិត​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​ដើម្បី​ទទួល​បាន​ការ​ផ្តល់​កម្រៃ​ជើង​សារ​ ឬ​ប្រយោជន៍​ផ្សេងៗ​ពីក្រុមហ៊ុន។

ដោយ​ឡែក នៅ​ថ្ងៃ​ដដែល​នេះ​ដែរ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជម្លោះ​ដីធ្លី​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពី​ ចំនួន​២៥០​គ្រួសារ​បាន​ថ្លែងក្នុង​សន្និសីទ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អង្គការការពារ​សិទ្ធិ​មនុស្ស​អាដហុក ដោយ​ចោទ​ប្រកាន់​អភិបាល​ខេត្ត​ថា បាន​ឃួប​ឃិត​ជាមួយ​បក្ខពួក​លួច​យក​ដីស្រែ​ និង​ចម្ការ​របស់​ប្រជាពលរដ្ឋ​ប្រមាណ​៩៥០​ហិកតា​ទៅ​លក់​ឲ្យ​ក្រុម​ហ៊ុន​អភិវឌ្ឍ។

លោក ណៃ វង់ដា អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​ផ្នែក​សិទ្ធិ​មនុស្ស​សហគមន៍​អាដហុក (Adhoc) បាន​ចាត់​ទុក​ការ​ឡើង​មក​តវ៉ា​ផ្ទាល់​របស់​ប្រជា​ពលរដ្ឋ​ពី​បណ្តា​ខេត្ត​នេះថា​ជា​ជម្រើស​ចុងក្រោយ​របស់​ប្រជា​ពលរដ្ឋ។ លោក​បន្ត​ថា ប្រជា​ពលរដ្ឋ​នឹង​រង់ចំា​មើលប្រសិទ្ធិភាព​នៃ​អង្គភាព​របស់​រដ្ឋាភិបាល​មួយ​នេះ។

របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ដែល​ចេញ​ផ្សាយ​កាលពី​ឆ្នាំ​២០១៣​បាន​បង្ហាញ​ថា​កម្ពុជា​គឺ​ជាប្រទេស​ដែល​ពុករលួយ​ខ្លាំង​ជាង​គេ​បង្អស់​ក្នុង​ចំណោម​ប្រទេស​ស្ថិត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ដែល​ចេញផ្សាយ​កាល​ពី​ខែ​មិនា​ក៏​បាន​បង្ហាញ​ថា កម្ពុជា​បាន​ខាត​បង់​ប្រាក់​១,៧​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ដែល​ស្មើ​នឹង​១០ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប ឬ GDP៕