កម្ពុជា​និង​វៀតណាម​ប្តេជ្ញា​ពង្រឹង​ទំនាក់ទំនង ខណៈ​មន្ត្រី​កម្ពុជា​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​ជា​បន្ត​បន្ទាប់

ប្រធានាធិបតី​វៀតណាម​លោក Vo Van Thuong (ស្តាំ) ចាប់ដៃ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជាលោក​ប្រាក់ សុខុន(ឆ្វេង)​ក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃទី​២១ មីនា ឆ្នាំ២០២៣។(AP Photo/Hau Dinh)

​ភាគី​កម្ពុជា​និង​វៀតណាម​បាន​បន្ត​ប្តេជ្ញា​ពង្រឹង​ទំនាក់​ទំនង​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត ខណៈ​មាន​ដំណើរ​ទស្សន​កិច្ច​របស់​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ជា​ញឹក​ញាប់​ទៅ​កាន់​ប្រទេស​វៀតណាម កាល​ពី​ពេល​ថ្មីៗ​នេះ។

នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​មន្រ្តី​កម្ពុជា ភាគី​វៀតណាម​ក៏​បាន​ស្នើឱ្យ​កម្ពុជា​បន្ត​ជួយ​មើល​ប្រជាជន​វៀតណាម​រស់​ក្នុង​ប្រទេស​កម្ពុជា និង​អ្នក​ដែល​ត្រូវ​បាន​ឧក្រិដ្ឋជន​ជួញ​ដូរ​កម្លាំង​ពល​កម្ម ដើម្បី​បោក​ប្រាស់​តាម​បច្ចេកវិទ្យាឬ​ហៅ​ថា ​Scam។

ជា​បន្ត​បន្ទាប់ មន្ត្រី​ជាន់​ខ្ពស់​នៃរដ្ឋាភិបាល​កម្ពុជា រួម​មាន​លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ និង​ប្រមុខ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ធ្វើ​ទស្សន​កិច្ច​ទៅ​ប្រទេស​វៀតណាម។ ភាគី​ទាំង​ពីរ​បាន​ចាត់​ទុក​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​រីក​ចម្រើន​ជា​លំដាប់។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក ប្រាក់ សុខុន ទៅ​កាន់​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃទី​២០-២២ ខែមីនា ឆ្នាំ​២០​២៣​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ទស្សន​កិច្ច​ជា​ញឹក​ញាប់​រវាង​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បង្ហាញ​ឱ្យ​ឃើញ​ពី«ស្មារ​តីភាព​ជាអ្នក​ជិត​ខាង​ល្អ មិត្ត​ភាព​ជា​ប្រពៃណី ការ​ជឿ​ជាក់​ទៅ​វិញ​ទៅ​មក កិច្ច​សហ​ប្រតិ​បត្តិ​ការ​គ្រប់​វិស័យ និង​ស្ថិរ​ភាព​យូរ​អង្វែង»។ សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​លើក​ឡើង​ថា​ភាគី​ទាំង​ពីរ​បាន​ជំរុញ​សហ​ប្រតិ​បត្តិ​ការ​ទៅ​លើ​វិស័យ​ជា​ច្រើន ដូច​ជា​ការ​វិនិយោគ វិស័យ​អប់​រំ​ និង​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស វិស័យ​កសិ​កម្ម វិស័យ​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា​និង​នវានុវត្តន៍ ព្រម​ទាំង​វិស័យ​ការ​ពារ​ជាតិ​ផង​ដែរ។ល។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖ «ចំពោះ​កិច្ច​សហប្រតិបត្តិ​ការ​ការពារ​ជាតិ ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិការ និង​ពង្រឹង​ទំនាក់​ទំនង​រវាង​កង​ទ័ព​កម្ពុជា និង​វៀតណាម តាម​រយៈ​ការ​អនុវត្ត​ពិ​ធី​សារ​ស្ដី​ពី​កិច្ច​សហ​ប្រតិ​បត្តិការ​ការពារ​ជាតិ​ទ្វេ​ភាគី​សម្រាប់​ឆ្នាំ​២០២០​-២០២៤ ការ​ផ្លាស់​ប្ដូរ​ទស្សន​កិច្ច​គ្រប់​កម្រិត និង​អាហារូប​ករណ៍​ប្រចាំ​ឆ្នាំ ដែល​រួម​ចំណែក​ដល់​សន្តិ​ភាព ស្ថិរ​ភាព និង​សន្តិ​សុខ​នៅ​ក្នុង​តំបន់ និង​ពិភព​លោក»។

ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា​និង​វៀតណាម​បាន​កើន​ឡើង​គួរឱ្យ​កត់​សម្គាល់​រហូត​ដល់​១០,៥៧ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០២២ ដែល​កើន​ឡើង​១០​,៨​៨​% បើ​ធៀប​នឹង​ឆ្នាំ២០២១។ នេះ​បើ​យោ​ង​តាម​ក្រសួង​ការបរទេស​កម្ពុជា។

នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នោះ​ដែរ លោក ប្រាក់ សុខុន ក៏​បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក Phạm Minh Chính ដោយ​នាយករដ្ឋមន្ត្រី​រូប​នោះ​បាន​ស្នើ​ឱ្យ​កម្ពុជា​បង្ក​លក្ខខណ្ឌ​ងាយ​ស្រួល​ដល់​ជន​អន្តោប្រវេសន៍​វៀតណាម​ដែល​ធ្វើ​ការ និង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​វីអូអេ​ថា​ដំណើរ​ទស្សន​កិច្ច​ជា​ញឹកញាប់​នេះ ដោយ​សារ​តែ​កម្ពុជា​មាន​កិច្ចព្រម​ព្រៀង​ជាមួយ​វៀតណាម ដើម្បី​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ និង​រៀន​សូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​មើល​មិន​ឃើញ​មាន​បញ្ហា​អី មាន​តែ​ចំណុច​វិជ្ជមាន​ឆ្ពោះ​ទៅ​រក​ការ​រីក​ចម្រើន​ទាំង​អស់​គ្នា មាន​ទៅ​វិញ​ទៅ​មក​ ហើយ​ផល​ចំណេ​ញ គឺ​ថា​ផល​ចំ​ណេញ​ដល់​មន្ត្រី​យើ​ងដើម្បី​រៀន​សូត្រ​ពី​របៀប​រប​ប​ការ​ងារ រចនា​សម្ព័ន្ធ​ត្រូវ​ធ្វើអី​ៗ អា​ហ្នឹង​សុទ្ធ​តែ​ចូល​ក្នុង​កិច្ច​សហ​ប្រតិប​ត្តិការ​ហ្នឹង​ហើយ»។

នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា នា​សប្តាហ៍​នេះ លោក Bùi Thanh Sơn រដ្ឋមន្ត្រី​ការបរទេស​វៀតណាម​ក៏​បាន​ស្នើ​ឱ្យ​កម្ពុជា​បន្ត​សហការ​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រជា​ជន​វៀតណាម​ដែល​ចាញ់​បោក​គេ ហើយ​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើ​ការ​ខុស​ច្បាប់​នៅ​ក្នុង​កន្លែង​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា។ នេះ​បើ​យោង​តាម Việt Nam News ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា។

លោក ប្រាក់ សុខុន រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា បាន​ឆ្លើយ​តបថា​កម្ពុជា​ចាត់​ទុក​ប្រជាជន​វៀតណាម​ស្មើ​គ្នា​ដែល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ស្មើ​ភាព​គ្នា​ដូច​ទៅ​នឹង​ប្រជាជន​ប្រទេស​ដទៃ​ទៀត។

ព័ត៌មាន​ទាក់ទង៖ អ្នកវិភាគ៖ ទំនាក់​ទំនង​កម្ពុជា​និង​វៀតណាម​ឈាន​ដល់​របត់​ថ្មី ខណៈ​ព្រមាន​ឥទ្ធិពល​ចិន​នៅ​កម្ពុជា


យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​លទ្ធផល​នៃ​ដំណើរ​ទស្សន​កិច្ច​របស់​លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ទៅ​កាន់​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៣ កម្ពុជា​និងវៀតណាម​ប្តេជ្ញា​បង្កើន​កិច្ច​សហ​ការ​ដើម្បី​បង្ការ ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ឆ្លង​ដែន​គ្រប់​ប្រភេទ ជា​ពិសេស​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ការងារ​ និង​អភិវឌ្ឍ​ធនធាន​មនុស្ស ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​វិវឌ្ឍ​ស្មុគស្មាញ​នៃ​បទ​ល្មើស​ ហើយ​រួម​ទាំង​ជំរុញ​បើក​ដំណើរ​ការ​ច្រក​ព្រំ​ដែន​អន្តរ​ជាតិ​ឡើង​វិញ ដើម្បី​ផល​ប្រ​យោជន៍​សេដ្ឋកិច្ច។

ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​សីមា​វិញ ការ​បោះ​បង្គោល​ព្រំ​ដែន​គោក​រវាង​កម្ពុជា​និង​វៀតណាម​នៅ​សល់​១៦% ដែល​មិន​ទាន់​សម្រេច​បាន​ ខណៈ​ភាគី​ទាំង​ពីរ​ប្តេជ្ញា​សម្រេច​ឱ្យ​បាន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

អ្នក​វិភាគ​និង​អ្នក​តាម​ដាន​បញ្ហា​សង្គម​ធ្លាប់​លើក​ឡើង​ថា​ទំនាក់​ទំនង​កម្ពុជា​និង​វៀតណាម​បាន​ឈាន​ដល់​ដំណាក់​កាល​ល្អ​ប្រសើរ ខណៈ​ព្រមាន​ពី​ទំនាក់​ទំនង​ស្អិត​រមួត​រវាង​កម្ពុជា​និង​ប្រទេស​ចិន​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ផល​ប្រយោជន៍​យុទ្ធ​សាស្ត្រ​ដល់​ប្រទេស​ចិន ដែល​អាច​ជា​ការគំរាម​កំហែង​ដល់​សន្តិសុខ​នៃ​ប្រទេស​វៀតណាម។

ប្រទេស​ចិន​និង​វៀតណាម​កំពុង​មាន​ជម្លោះ​ដែន​ទឹក​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ចិន​ទាមទារ​ស្ទើរ​តែ​ទាំង​ស្រុង​ពី​ប្រទេស​ដែល​មាន​ជម្លោះ​ជាមួយ ក្នុង​នោះ​ក៏​មាន​ប្រទេស​ជា​សមា​ជិក​អាស៊ាន​ផ្សេង​ទៀត​ដូចជា ហ្វីលីពីន និង​ព្រុយណេ​ផង​ដែរ៕