ប្រទេសកម្ពុជានិងកូរ៉េខាងត្បូងអាចនឹងបើកការចរចាជុំទី១នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅក្នុងខែកក្កដានេះ ក្រោយពីប្រទេសទាំងពីរបានព្រមព្រៀងគ្នាបើកការចរចាជាផ្លូវការ លើកិច្ចព្រមព្រៀងទ្វេភាគីនេះ កាលពីថ្ងៃព្រសហ្បតិ៍។ នេះបើយោងតាមសារព័ត៌មានបរទេស។
ការចាប់ផ្តើមដំណើរការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរនេះធ្វើឡើង ខណៈកម្ពុជាគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន នៅក្នុងខែសីហាខាងមុខនេះ។
កាសែត The Korea Herald របស់កូរ៉េខាងត្បូង បានរាយការណ៍ថា ការបើកការចរចាជាផ្លូវការលើកិច្ចព្រមព្រៀងទ្វេភាគីរវាងកម្ពុជានិងកូរ៉េ កើតឡើងជាងមួយឆ្នាំ ក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឡើងក្នុងពេលលោកជួបប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in កាលពីខែមីនា ឆ្នាំមុន។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានទឹកប្រាក់ជាង ១ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ ២០១៩ គឺកើនឡើង ៦ភាគរយ បើធៀបនឹងឆ្នាំ ២០១៨។ នេះបើយោងតាមសារព័ត៌មានដដែល ដែលយោងតាមតួលេខរបស់សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ។
ប៉ុន្តែ បើយោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរនេះមានការកើនឡើងជាមធ្យមប្រមាណ ១៥ ភាគរយ ក្នុងមួយឆ្នាំក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ៕