កម្ពុជានិង​ឡាវ​សម្រេច​ដក​កង​ទ័ព​ ក្រោយ​មាន​ជំនួប​ថ្នាក់​ដឹកនាំ

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ​លោក​ ​ហ៊ុន សែន (ស្តាំ) និង​នាយករដ្ឋ​មន្ត្រីឡាវ​ លោក​ ថោងលន់ ស៊ីសូលីត (ឆ្វេង)។

កាល​ពី​ថ្ងៃ​សុក្រ​ នាយក​រដ្ឋ​មន្ត្រី​ខ្មែរ លោក ហ៊ុន សែន បាន​ព្រមាន​ខ្លាំងៗ​ទៅ​ភាគី​ឡាវ ឲ្យ​ដក​កង​ទ័ព​ចេញ​ពី​តំបន់​ចម្រូងចម្រាស​មួយ​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង។ លោក​បាន​ប្រកាស​ថា លោក​អស់​ភាព​អត់ធ្មត់​នឹង​ភាគី​ឡាវ​លើ​បញ្ហា​នេះ ស្រប​ពេល​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ឡាវ មិន​បាន​ឆ្លើយ​តប​នឹង​លិខិត​មួយ​ច្បាប់​របស់​លោក។ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ លោក ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ទីក្រុង​វៀងចន្ទន៍ ដើម្បី​ចរចា​លើ​បញ្ហា​នេះ។ ក្រោយ​ការ​ចរចា ភាគី​ទាំង​ពីរ​បាន​សម្រេច​ដក​កង​ទ័ព​ទាំង​សង​ខាង ចេញ​ពី​តំបន់​ដ៏​ចម្រូងចម្រាស​នោះ។

រដ្ឋាភិបាល​កម្ពុជា និង​ឡាវ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ បាន​បញ្ជា​ឲ្យ​ដក​កងទ័ព​រៀងៗ​ខ្លួន ចេញ​ពី​ទីតាំង​ចម្រូងចម្រាស​នៅ​ត្រើយ​ម្ខាង​នៃ​ទន្លេ​សេកុង ​ក្នុង​ខេត្ត​ស្ទឹងត្រែង ដែល​កម្ពុជា​ចោទ​ថា កង​ទ័ព​ឡាវ​បាន​ចូល​មក​បោះ​ទីតាំង​លើ​ទឹកដី​ខ្មែរ។

ការ​សម្រេច​ដក​កង​ទ័ព​ទាំង​សងខាង​នេះ​ធ្វើ​ឡើង ​បន្ទាប់​ពី​មាន​ជំនួប​ទ្វេភាគី​មួយ​នៅ​ទីក្រុង​វៀងចន្ទន៍​នៃ​ប្រទេស​ឡាវ ​រវាង​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ ​លោក ហ៊ុន សែន និង​សម​ភាគី​របស់​លោក​គឺ​នាយករដ្ឋមន្ត្រី​ឡាវ លោក ថោងលន់ ស៊ីសូលីត កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍។

ជំនួប​នេះ គឺ​ដើម្បី​ដោះស្រាយ​សំណើ​របស់​លោក ហ៊ុន សែន ដែល​បាន​ស្នើ​ឲ្យ​ភាគី​ឡាវ​ដក​កម្លាំង​ប្រដាប់​អាវុធ​ចេញ​ពី​តំបន់​ក្បែរ​អូអាឡៃ និង​តំបន់​អូរតាង៉ាវ ក្នុង​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ជាប់​ព្រំដែន​ខេត្ត​អាតាពើ​របស់​ប្រទេស​ឡាវ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយដែល​បាន​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​នាយក​រដ្ឋមន្ត្រី​ខ្មែរ នាយក​រដ្ឋ​មន្ត្រី​ឡាវលោក ថោងលន់ ស៊ីសូលីត បាន​បញ្ជាក់​នៅ​ចំពោះ​មុខ​លោក ហ៊ុន សែន ថា លោក​បាន​បញ្ជា​ឲ្យ​ដក​កងទ័ព​នៃ​ប្រទេស​ឡាវ​របស់​លោក ​ យ៉ាង​យូរ​ត្រឹម​ព្រឹក​ថ្ងៃ​អាទិត្យ​ស្អែក​នេះ ដើម្បី​បញ្ចៀស​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៃ​កម្លាំង​យោធា​នៃ​ប្រទេស​ទាំង​ពីរ។

លោក​នាយក​រដ្ឋមន្ត្រី​ឡាវ​បាន​ថ្លែង​ជា​ភាសា​ឡាវ ដោយ​មាន​ការ​បកប្រែ​ជា​ភាសាខ្មែរ​ថា៖ «ឥឡូវ​ខ្ញុំ​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ ដក​កម្លាំង​ចេញ​ពី​កន្លែង​នោះ​ទាំង​អស់ មិន​ឲ្យ​ផុត​ព្រឹក​ស្អែក​នេះ»។

លោក​នាយក​រដ្ឋមន្ត្រី​ឡាវ​ ក៏សម្ដែង​ការ​សោក​ស្ដាយ​ដែល​មិន​បាន​ឆ្លើយ​តប​ឲ្យ​ទាន់​ពេល​វេលា ទៅ​នឹង​លិខិត​របស់​លោក ហ៊ុន សែន ស្ដីពី​ការស្នើ​ឲ្យ​ដក​កងទ័ព​ចេញ​ពី​តំបន់​ដែល​មាន​ភាព​ចម្រូងចម្រាស​គ្នា​នោះ។

ទោះជា​យ៉ាងណា នាយករដ្ឋមន្ត្រី​ឡាវ លោក ថោងលន់ ស៊ីសូលីត បាន​ថ្លែង​ថា ជំនួប​ដោយ​ផ្ទាល់​នេះ មាន​ការ​ពិភាក្សា​គ្នា​«ត្រង់​ទៅ​ត្រង់​មក​ និង​ជា​លក្ខណៈ​មិត្តភាព»។

នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន ដែល​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​វៀងចន្ទន៍ នៅ​ព្រឹក​ថ្ងៃសៅរ៍ ដើម្បី​ជជែក​ដោះស្រាយ​បញ្ហា​ព្រំដែន​នេះ​ បាន​ស្វាគមន៍​ចំពោះ​ការ​សម្រេច​របស់​នាយក​រដ្ឋមន្ត្រី​ឡាវ ហើយ​លោក​ក៏​បាន​បញ្ជា​ឲ្យ​កងទ័ព​ខ្មែរ​ដែល​បាន​ចល័ត​កាល​ពី​ថ្ងៃ​សុក្រ ​ចូល​ទីតាំង​ដើម​វិញ។

លោក​មាន​ប្រសាសន៍​ថា៖ «អំបាញ់មិញ ខ្ញុំ​បាន​បញ្ជា​រួច​ហើយ ទៅ​ឲ្យ​កម្លាំង​ទាំង​អស់​ដែល​ចល័ត​ចេញ​ពី​ម្សិល(មិញ) ពី​បណ្ដា​មូលដ្ឋាន​នានា វិល​ត្រឡប់​ចូល​ទៅ​កាន់​ទីតាំង​វិញ»។

លោក ហ៊ុន សែន ចាត់​ទុក​ថា នេះ​ជា​ជោគជ័យ​ដ៏​ធំ​មួយ ដែល​ភាគី​ទាំង​ពីរ​មិន​ប្រឈម​មុខ​ដាក់​គ្នា ដោយ​កម្លាំង​យោធា។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា គណៈកម្មការ​ចម្រុះ​ព្រំដែន និង​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ នឹង​បន្ត​ការ​ពិភាក្សា​គ្នា​លើ​បញ្ហា​ដែល​នៅ​សេស​សល់។

ក្នុងលិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ២០១៧ ផ្ញើ​ជូន​នាយករដ្ឋមន្ត្រី​ឡាវ លោក ហ៊ុន សែន បាន​ស្នើ​ឲ្យ​ភាគី​ឡាវ ​ដក​កម្លាំង​ប្រដាប់​អាវុធ​ចេញ​ពី​តំបន់​ចម្រូងចម្រាស។

លោក​បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​ថា៖ «ទាហាន​ឡាវ​ពិត​ជា​បាន​រំលោភ​អធិបតេយ្យភាព​ និង​បូរណភាព​ទឹកដី​កម្ពុជា​នៅ​តំបន់​ខាង​លើ​នោះ​ពិត​ប្រាកដ​មែន​ ហើយ​រហូត​មក​ដល់​ពេល​នេះ​ ភាគី​មិត្ត​នៅ​ពុំ​ទាន់​បាន​ដក​កម្លាំង​ប្រដាប់​អាវុធ ​ចេញ​ពី​ទឹកដី​កម្ពុជា​នៅ​ឡើយ​ ទោះបី​ជា​កម្ពុជា​បាន​ផ្អាក​ការ​ធ្វើ​ផ្លូវ​និង​បាន​ដក​គ្រឿងចក្រ​ចេញ​ពី​តំបន់​នោះ​ហើយ​ក៏​ដោយ»។

ការ​ចេញ​ដំណើរ​របស់​លោក ហ៊ុន សែន ទៅ​ប្រទេស​ឡាវ ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​បាន​ព្រមាន​ទៅ​ភាគី​ឡាវ កាល​ពី​ថ្ងៃ​សុក្រ ដោយ​ដាក់​កាល​កំណត់​ឲ្យ​ដក​កង​ទ័ព​ចេញ​ពី​តំបន់​ក្នុង​ខេត្ត​ស្ទឹងត្រែង ឲ្យ​បាន​មុន​ថ្ងៃ​ទី​១៧ ខែ​សីហា។

លោក​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រ​ថា៖ «តាម​ពិត​វា​មិន​ត្រូវ​វាយ​គ្នា​ទេ ប៉ុន្តែ​បើ​សិន​ជា​គាត់​មិន​ដក គឺ​ត្រូវ​តែ​ធ្វើ​ហើយ។ យើង​មិន​មែន​ប្រកាស​សង្គ្រាម​ទេ សុំ​តែ​យក​ដី​ខ្លួន​តែ​ប៉ុណ្ណឹង​ទេ។ ខ្ញុំ​មិន​យក​ដី​នរណា​ទាំង​អស់ មួយ​ចង្អាម​ក៏​មិន​យក តែ​ក៏​មិន​ឲ្យ​គេ​យក​ដី​យើង​មួយ​ចង្អាម»។

បន្ទាប់​ពី​ការ​ថ្លែង​របស់​នាយក​រដ្ឋមន្ត្រី​ខ្មែរ​នៅ​យប់​ថ្ងៃ​សុក្រ ក៏​មាន​ការ​ចល័ត​ទ័ព​ទៅ​ទីតាំង​ក្នុង​ខេត្ត​ស្ទឹងត្រែង​ផង​ដែរ។

លោក​ មាស នី​ អ្នក​សិក្សា​ស្រាវជ្រាវ​កិច្ច​អភិវឌ្ឍ​សង្គម​កម្ពុជា​ បាន​ថ្លែង​ប្រាប់​ VOA ថា លោក​បាន​គិត​រួច​មក​ហើយ​ថា នឹង​មិន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ផ្នែក​យោធា​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ទេ ដោយ​សារ​ប្រទេស​ទាំង​ពីរ​ជា​មិត្ត​ល្អនឹង​គ្នា។

លោក​បន្ត​ថា ប្រទេស​ទាំង​ពីរ​ហាក់​ដូច​ជា​ទទួល​ឥទ្ធិពល​ពី​ប្រទេស​វៀតណាម​ដូច​គ្នា ដូច្នេះ​លោក​ថា ប្រសិន​បើ​មាន​ជម្លោះ​អ្វី​ធ្ងន់ធ្ងរ នឹង​មាន​ការ​លូកដៃ ដើម្បី​សម្របសម្រួល។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គិត​ថា​ប្រហែល​ជា​មាន​តម្រុយ ការ​ប្រាប់​ពី​ភាគី​ណា​មួយ​បាន​ជា​សម្ដេច​នាយក​បាន​ឡើង​ទៅ​វៀង​ច័ន្ទ​ប្រញាប់​ប្រញាល់។ វា​អាច​មាន​អ្នក​សម្របសម្រួល​ទីបី​ណា​មួយ​ដែល​ឲ្យ​តម្រុយ​ហ្នឹង​ទៅ ហើយ​ទៅ​ចរចា​ទៅ ដើម្បី​សម្រេច​ការ​ស្រុះស្រួល​គ្នា​អញ្ចឹង​តែ​ម្ដង»។

​លោក ឈាង វណ្ណារិទ្ធិ ​នាយក​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ បាន​ប្រាប់​VOA​ តាម​រយៈ​សារ​អេឡិចត្រូនិក ឬ​អ៊ីមែល​ថា៖ «ខ្ញុំ​គិត​ថា នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​ក្នុង​ការ​កាត់​បន្ថយ​ការ​មិន​យល់​គ្នា និង​ភាព​តានតឹង​ដែល​មិន​ចាំបាច់»។

បើ​តាម​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រទេស​កម្ពុជា និង​ឡាវ បាន​ត្រួត​ពិនិត្យ​ព្រំដែន​នៅ​លើ​ដី​ជាក់​ស្ដែង​បាន​ជាង​៤៦០​គីឡូម៉ែត្រ​ គឺ​ស្មើ​នឹង​៨៦​ភាគរយ​នៃ​ខ្សែ​ព្រំដែន​រួម ដែល​មាន​ប្រវែង​ប្រមាណ​៥៤០​គីឡូម៉ែត្រ។ ភាគី​ទាំង​ពីរ ក៏​បាន​បោះ​បង្គោល​ព្រំដែន​សរុប​ចំនួន​១២១​បង្គោល ហើយ​នៅ​សល់​១៤​ភាគរយ​ទៀត កំពុង​បន្ត​ការ​ចរចា​ដោះស្រាយ៕