កម្ពុជា​និង​បារាំង​ឯកភាព​លើក​កម្ពស់​​ទំនាក់​ទំនង​ទ្វេភាគី​ដើម្បី​សម្រេច​«ដៃគូ​ជា​យុទ្ធសាស្រ្ត»

ប្រធានាធិបតីបារាំងលោក Emmanuel Macron និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ធ្វើ​សន្និសីទ​សារព័ត៌មាន​រួមគ្នា​មួយ ​នៅវិមាន​ប្រធានាធិបតី Elysee ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។

នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ទៅ​កាន់​ប្រទេស​បារាំង ភាគី​ទាំង​ពីរ​បាន​ឯកភាពគ្នា ដើម្បី​លើក​កម្ពស់​ទំនាក់​ទំនង​ទ្វេភាគី ក្នុង​គោល​ដៅ​សម្រេច​បាន​នូវ«ភាព​ជាដៃ​គូយុទ្ធសាស្ត្រ» ដោយ​ធ្វើ​ឱ្យ​កិច្ចសហប្រតិបត្តិការ​កាន់​តែ​ស៊ី​ជម្រៅ​រវាង​ប្រទេស​ទាំង​ពីរ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​នៃ​ជំនួប​រវាង​ លោក ហ៊ុន ម៉ាណែត និង​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង លោក Emmanuel Macron ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ ដោយ​ក្រសួង​ការបរទេស​កម្ពុជា។

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​រួម មេដឹកនាំ​ទាំង​ពីរ​ដែល​បាន​ពិភាក្សា​គ្នា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​អំពាវនាវ​ឱ្យ​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​លើ​វិស័យ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ជា​ប្រវត្តិសាស្រ្ត​ជា​ច្រើន និង​ខំស្វែង​រក​ធ្វើពិពិធកម្ម​វិស័យ​ក្នុង​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេ​ភាគី។

សេចក្តី​ថ្លែង​ការណ៍​បន្ថែម​ថា៖ «ជាមួយ​គ្នានេះ​ដែរ ភាគីទាំង​ពីរក៏​បាន​លើក​ឡើង​ពី​សារៈ​សំខាន់​នៃ​ការ​ពង្រឹង​ការ​វិនិយោគ និងពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ និង​បាន​ប្តេជ្ញា​បង្កើនកិច្ចខិត​ខំប្រឹង​ប្រែង​ទ្វេដង ដើម្បី​ជំរុញ​ការ​វិនិ​យោគ ពង្រីក​ទំនាក់​ទំនង​សេដ្ឋកិច្ច​ទ្វេ​ភាគី​ឱ្យ​កាន់​តែស៊ី​ជម្រៅ»។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​កម្ពុជា​ទៅ​កាន់​ទីក្រុង​ប៉ារីស ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា​ និង​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ (AFD) ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​ផ្តល់​ហិរញ្ញប្បទាន​ចំនួន​បី​សម្រាប់វិស័យ​ទឹក​ស្អាត ថាមពល​និងការបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ក្នុង​ទំហំ​ទឹកប្រាក់​ដ៏ច្រើន​មិន​ធ្លាប់​មាន​ពី​មុន​មក គឺចំនួន​ ២១៥​លានអឺរ៉ូ ឬ​ប្រមាណ​ ២៣៥លានដុល្លារ​អាមេរិក។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ។

នៅ​ក្នុង​ឱកាស​នៃ​ជំនួប​រវាង​ថ្នាក់​ដឹកនាំ​ទាំង​ពីរ កម្ពុជា​ក៏​បាន​បញ្ជាក់​ពី​បេក្ខភាព​របស់​ខ្លួន​ក្នុង​ការធ្វើ​ជា​ម្ចាស់ផ្ទះនៃ​កិច្ចប្រជុំកំពូល​ហ្វ្រង់កូហ្វូនីលើក​ (Francophonie Summit) ទី ២០ នៅ​ឆ្នាំ​ ២០២៦។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​រួម។

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​រួម ភាគី​ទាំង​ពីរ​បាន​លើក​ឡើងពី​«សារៈ​សំខាន់​នៃ​ពហុនិយម​ផ្នែកន​យោបាយ និង​ការការពារ​ដោយ​ពេញ​លេញ​នូវ​សិទ្ធិជា​មូលដ្ឋាន ដើម្បី​ធានា​ភាព​រឹងមាំ​នៃ​លទ្ធិប្រជាធិប​តេយ្យ»។

ភាគី​បារាំង​បាន​រំឭក​ឡើង​វិញ​នូវ​ការ​កោត​សរសើរ​របស់​ខ្លួន​ចំពោះ​ជំហរ​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ​ទាក់​ទង​នឹង​សង្គ្រាមឈ្លានពាន​ដែល​ដឹកនាំ​ដោយ​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​រួម។

កាល​ពី​ខែតុលា ឆ្នាំ ២០២២ កម្ពុជា​ដែល​ជា​ប្រធាន​សមាគម​អាស៊ាន​ប្តូរ​វេន​កាល​នោះ បាន​បោះ​ឆ្នោត​គាំទ្រ និង​បាន​ចូល​ជា​សហ​ស្ថាបនិក​នៃ​សេចក្តី​សម្រេចរបស់​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ។

នៅ​ក្នុង​ផ្នែក​បរិស្ថាន​វិញ ភាគី​បារាំង​បាន​ស្វាគមន៍​ចំពោះ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​កម្ពុជា​លើ​ផ្នែក​អាកាសធាតុ ដែល​បាន​កំណត់​គោលដៅអព្យាក្រឹត្យ​កាបូន​ត្រឹម​ឆ្នាំ ២០៥០ តាមរយៈ​យុទ្ធសាស្ត្រ​ផ្តោត​លើ​បរិស្ថាន​ស្អាត បៃ​តង និង​និរន្តរភាព។

លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ទៅ​កាន់​ភាគី​បារាំង​ថា ​កម្ពុជា​ប្តេជ្ញា​មិន​អភិវឌ្ឍ​វារី​អគ្គិសនី​នៅ​លើតួ​ទន្លេ​មេគង្គ ហើយ​ក៏មិន​អភិវឌ្ឍ​រោងចក្រអគ្គិសនី​ដើរ​ដោយ​ធ្យូងថ្មឡើយ។

ក្រៅពីនេះ ភាគី​ទាំងពីរ​ក៏​បាន​ពិភាក្សា​បញ្ហា​តំបន់ និង​សកល​ផង​ដែរ ដូច​ជា​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង និង​សង្រ្គាម​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ផង​ដែរ៕