ប្រទេសចិននិងកម្ពុជាបង្ហាញជំហររួមគ្នាជាថ្មីដោយទទូចដល់ភាគីនានាពាក់ព័ន្ធនឹងសមុទ្រចិន ខាងត្បូងឲ្យបញ្ចប់ការតាក់តែង ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បួងហៅថា COC ឲ្យបាន ឆាប់ដើម្បីកសាងសមុទ្រចិនខាងត្បូងឲ្យក្លាយទៅជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហ ប្រតិបត្តិការ។ នេះបើតាមសេចក្តីប្រកាសរួមរវាងចិននិងកម្ពុជា ក្រោយពេលដែលលោក លី ខឹឈាងនាយករដ្ឋមន្ត្រីចិនបានបំពេញទស្សនកិច្ចពីរថ្ងៃក្នុងប្រទេសកម្ពុជា ហើយបញ្ចប់នៅថ្ងៃ ព្រហស្បតិ៍នេះ។
សេចក្តីប្រកាសរួមរវាងនាយករដ្ឋមន្ត្រីចិននិងលោកនាយករដ្ឋមន្ត្រីហ៊ុន សែននៃប្រទេស កម្ពុជានៅថ្ងៃនេះបានបញ្ជាក់ថា៖ «ភាគីទាំងពីរសូមសម្តែងនូវការពេញចិត្តចំពោះស្ថិរភាពនិងការវិវត្តដ៏ប្រសើរ នៃសភាពការណ៍នៅសមុទ្រចិនខាងត្បូង និង សូមអំពាវនាវឲ្យភាគីពាក់ព័ន្ធបន្តការអនុវត្តឲ្យពេញលេញ និងមានប្រសិទ្ធិភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនៅសមុទ្រចិនខាងត្បូង (DOC),ធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការសមុទ្រជាក់ស្តែង, លើកកម្ពស់ការពិគ្រោះយោបល់ស្តីពីក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) និងសម្រេច COC ឲ្យបានឆាប់ដោយឈរលើមូលដ្ឋានកុងសង់ស៊ុស(ឯកច្ឆន្ទ)ទៅវិញទៅមក និងកសាង សមុទ្រចិនខាងត្បូងឲ្យក្លាយទៅជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ»។
បញ្ហជម្លោះសមុទ្រចិនខាងត្បូងនៅតែជាប្រធានបទសំខាន់សម្រាប់ប្រទេសអាស៊ាននិង ប្រទេសក្នុងតំបន់ ហើយនឹងពិភពលោក ដោយសារចិនទាមទារគ្រប់គ្រងសឹងតែទាំងអស់ នៅពេលប្រទេសក្នុងតំបន់មួយចំនួនកំពុងទាមទារជាកម្មសិទ្ធ ដោយទាមទារឲ្យចិនគោរព ច្បាប់និងគោលការណ៍អន្តរជាតិ ។ ហើយភាគីទាំងឡាយកំពុងតាក់តែងក្រមប្រតិបត្តិ COC មួយដែលអាចទប់ស្កាត់និងដោះស្រាយបញ្ហានានាដែលអាចកើតឡើងបាន។ តែរហូតមក ទល់ពេលនេះក្រមប្រតិបត្តិ COC នៅមិនទាន់ចុះសម្រុងគ្នាលើគោលការណ៍សំខាន់ៗមួយ ចំនួនរួមទាំងថាតើគួរមានស្ថាប័នណាមួយដែលអាចកាត់សេចក្តីចំពោះវិវាទនេះទេឬ ក៏ប្រើកិច្ចចរចាទ្វេរភាគី ដែលគេគិតថាចិននៅតែមានប្រៀបនោះឬយ៉ាងណា។ ប្រទេសចិននិងអាស៊ាន បានបញ្ចប់គ្រោងឆ្អឹងឬ Framework នៃក្រមប្រតិបត្តិ COC រួចហើយកាលពីឆ្នាំទៅ៕