លោក ជូសេហ្វ យន់ ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានមកគោរពវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រនៅឯស្ថានទូតកម្ពុជាប្រចាំនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃពុធ។
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានចាត់ទុកអតីតព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តមសីហនុថាជានិមិត្តរូបមួយនៃអ្នកនយោបាយឆ្នើមក្នុងតំបន់អាស៊ីអាគ្នេយ៍ហើយព្រះរាជវត្តមានរបស់ព្រះអង្គគឺជាស្នូលមួយក្នុងទំនាក់ទំនងការបរទេសរវាងប្រទេសទាំងពីរ។
លោក ជូសេហ្វ យន់ ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានមកគោរពវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រនៅឯស្ថានទូតកម្ពុជាប្រចាំនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃពុធ ហើយលោកបានរំលឹកពីស្នាព្រះហស្ថរបស់អតីតព្រះមហាក្សត្រប្រាប់វីអូអេថា៖
«ព្រះបាទនរោត្តមសីហនុគឺជាឥស្សរជនប្រវត្តិសាស្រ្តមួយ។ គេនឹងនៅចងចាំព្រះអង្គជារៀងរហូត។ ព្រះអង្គបានចូលរួមចំណែកយ៉ាងច្រើនដល់ប្រទេសជាតិកម្ពុជានិងដល់តំបន់ទាំងមូល។ ព្រះអង្គជាឥស្សរជនប្រវត្តិសាស្រ្តនៅតំបន់អាស៊ីអាគ្នេយ៍អស់រយៈពេលជាច្រើនទសវត្សរ៍ ដូច្នេះយើងសូមចូលរួមរំលែកទុកជាមួយព្រះមហាក្សត្រនិងពលរដ្ឋកម្ពុជា»។
ព្រះបាទនរោត្តម សីហនុបានសោយទីវង្គត់កាលពីថ្ងៃច័ន្ទនៅឯមន្ទីរពេទ្យមួយក្នុងទីក្រុងប៉េកាំង ដោយសារជំងឺគាំងបេះដូងក្នុងព្រះជន្មាយុ៩០ព្រះវស្សា។
ក្នុងទំនាក់ទំនងរវាងព្រះអង្គជាមួយនឹងសហរដ្ឋអាមេរិកមានពេលខ្លះផ្អែមល្អែមនិងមានពេលជូរចត់ដោយមានការផ្តាច់ទំនាក់ទំនងការទូតក្នុងឆ្នាំ១៩៦៥និងការគាំទ្ររបស់សហរដ្ឋអាមេរិកដល់រដ្ឋាភិបាលលោកសេនាប្រមុខលន់ នល់ដែលបានទម្លាក់ព្រះអង្គចេញពីអំណាចក្នុងខែមីនា ឆ្នាំ១៩៧០ អំឡុងពេលសង្រ្គាមអាមេរិកនៅប្រទេសវៀតណាមជាដើម។
យ៉ាងណាក៏ដោយក្នុងទំនាក់ទំនងរយៈពេលជាង៦០ឆ្នាំរវាងប្រទេសកម្ពុជានិងមហាអំណាចមួយនេះលោកជូសេហ្វ យន់បានបញ្ជាក់ពីតួរនាទីមិនអាចខ្វះបានរបស់ព្រះបាទនរោត្តម សីហុនថា៖
«ប្រទេសកម្ពុជាជាចំណុចសំខាន់នៃព្រឹត្តិការណ៍ជាច្រើនដែលបានកើតមានឡើងនៅតំបន់អាស៊ីអាគ្នេយ៍ហើយជាការពិតសហរដ្ឋអាមេរិកតែងតែមានទំនាក់ទំនងល្អជាមួយនឹងប្រជាពលរដ្ឋកម្ពុជា។ រដ្ឋាភិបាលប្រទេសនេះបានផ្លាស់ប្តូរជាបន្តបន្ទាប់ប៉ុន្តែអតីតព្រះមហាក្សត្រមានឥទ្ធិពលស្ថិតស្ថេរលើប្រទេសនេះដូច្នេះហើយយើងសូមវាយតម្លៃយ៉ាងខ្ពស់ចំពោះទំនាក់ទំនងនេះ»។
ស្ថានទូតកម្ពុជានៅរដ្ឋធានីវ៉ាស៊ីនតោនបានរៀបចំឱ្យមានពិធីគោរពវិញ្ញាណក្ខន្ធដល់ព្រះបាទនរោត្តម សីហនុចំនួនបីថ្ងៃពីថ្ងៃទី១៧ដល់ទី១៩ខែតុលា ហើយមានអង្គទូតជាច្រើនបានចូលមកគោរពវិញ្ញាណក្ខន្ធនៅថ្ងៃទីមួយកន្លងមកនេះ។
លោកហែម ហេង ឯកអគ្គរាជទូតខ្មែរបានបញ្ជាក់ថា៖
«យើងដឹងហើយថាព្រះអង្គម្ចាស់ជីវិតដម្កល់លើត្បូងជាព្រះវីរជនខ្មែរមួយរូបដែលបានទាមទារឯករាជ្យ...នៅពេលនេះក្នុងការបាត់បង់ព្រះករុណាគឺនៅពិភពលោកទាំងមូលមិនមែនតែនៅប្រទេសកម្ពុជាទេគឺពិភពលោកទាំងមូលសម្តែងនូវមរណទុក្ខចំពោះព្រះអង្គចំពោះព្រះមហាក្សត្រក៏ ដូចជាចំពោះអ្នកដឹកនាំរបស់កម្ពុជាដែរ»។
មានពលរដ្ឋខ្មែរអាមេរិកាំងតាមរដ្ឋមួយចំនួនបានរៀបចំកម្មវិធីគោរពវិញ្ញាណក្ខន្ធនិងបង្សុកូលថ្វាយព្រះមហាក្សត្រក្រោយពីទទួលបានដំណឹងពីការសោយទិវង្គត់របស់ព្រះមហាក្សត្រ។
លោកហែម ហេងបានបញ្ជាក់បន្ថែមថា៖
«ខ្ញុំក៏សូមអំពាវនាវដល់បងប្អូនខ្មែរទាំងអស់ដែលរស់នៅសហរដ្ឋអាមេរិកនេះថាការចូលទិវង្គតរបស់ព្រះករុណាព្រះវីរក្សត្រគឺជាការបាត់បង់នូវព្រះរាជវីរមហាក្សត្រមួយអង្គហើយយើងដែលជាពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិកនេះយើងគួរឬក៏ត្រូវតែនឹកឃើញនូវស្នាព្រះហស្ថដ៏ត្រចះត្រចង់របស់ព្រះអង្គទាំងអស់គ្នា»។
ស្ថានទូតក៏បើកឱ្យពលរដ្ឋទូទៅនៅសហរដ្ឋអាមេរិកអាចទៅចូលរួមសម្តែងចុះហត្ថលេខាក្នុងសៀវភៅសម្តែងមរណទុក្ខផងដែរ៕