លោកអាល់ រ៉កកូហ្វ ធ្លាប់ធ្វើជាទាហានអាមេរិកនៅប្រទេសអាល្លឺម៉ង់ មុននឹងត្រូវបញ្ជូនមកកាន់សង្គ្រាមនៅប្រទេសវៀតណាមដែលនៅទីនោះគាត់បានចាប់ផ្តើមកាន់ម៉ាស៊ីនថតរូប។
ភ្នំពេញ៖ ពួកកងទ័ពខ្មែរក្រហមក្មេងៗ ប្រដាប់ដោយកាំភ្លើងគ្រប់ដៃ បានចូលកាន់កាប់ទីក្រុងភ្នំពេញដោយគ្មានទាំងស្បែកជើងពាក់ទៀតផង។
នេះគឺជាការរៀបរាប់របស់លោកអាល់ រ៉កកូហ្វ អតីតទាហាន និងជាអ្នកថតរូបសម្រាប់សារព័ត៌មានដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក។
ក្នុងវ័យ៦៤ឆ្នាំ លោកអាល់ រ៉កកូហ្វ (Al Rockoff) បានស្ថិតនៅក្នុងទីក្រុងភ្នំពេញ នៅពេលដែលពួកកុម្មុយនិស្តខ្មែរក្រហមដណ្តើមយកទីក្រុងភ្នំពេញក្នុងសម្លៀកបំពាក់ឯកសណ្ឋានខោអាវខ្មៅ។
«ខ្ញុំចង់និយាយថា ការកត់សម្គាល់របស់ខ្ញុំដំបូងបង្អស់គឺឃើញពួកខ្មែរក្រហមនៅក្នុងក្រុងភ្នំពេញតាមរថយន្តពេញៗប្រៀបពីទិសខាងជើងដោយកាត់មុខស្ថានទូតបារាំង។ មានក្រុមផ្សេងទៀតចូលមកតាមច្រកផ្សេងទៀតដែរ។ ក្រុមចូលពីទិសខាងជើងមកជួបជាមួយនឹងក្រុមចូលពីទិសខាងត្បូងនៃមហាវិថីព្រះមុន្នីវង្ស។ ខ្ញុំបានចំណាយពេលពីរទៅបីម៉ោងដើម្បីដើរតាមកន្លែងផ្សេងៗរបស់ទីក្រុងភ្នំពេញ»។
លោកអាល់ រ៉កកូហ្វ ធ្លាប់ធ្វើជាទាហានអាមេរិកនៅប្រទេសអាល្លឺម៉ង់ មុននឹងត្រូវបញ្ជូនមកកាន់សង្គ្រាមនៅប្រទេសវៀតណាមដែលនៅទីនោះគាត់បានចាប់ផ្តើមកាន់ម៉ាស៊ីនថតរូប។
បន្ទាប់មកគាត់បានមកកាន់ប្រទេសកម្ពុជានៅខែមេសាឆ្នាំ១៩៧៣រហូតដល់ពួកខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញនៅខែមេសាឆ្នាំ១៩៧៥។ លោកបានស្ថិតនៅក្នុងប្រទេសកម្ពុជារហូតដល់ខែឧសភាឆ្នាំដដែលនោះ។
លោកអាល់ រ៉កកូហ្វបានឃើញការបណ្តេញប្រជាពលរដ្ឋចេញពីទីក្រុងភ្នំពេញដោយពួកខ្មែរក្រហម និងបានដឹងថា កងទ័ពនិងរាជការនៃរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខលន់ នល់ ដែលគាំទ្រដោយសហរដ្ឋអាមេរិកត្រូវពួកខ្មែរក្រហមចាប់យកទៅសម្លាប់ចោល។
លោករៀបរាប់ថា ពួកខ្មែរក្រហមចូលដល់ទីក្រុងភ្នំពេញមានវ័យក្មេងៗដូចជាត្រឹម១៦ឆ្នាំក៏មាន។
«ពួកខ្មែរក្រហមចូលទីក្រុងភ្នំពេញនៅម៉ោង៨ព្រឹកនៃថ្ងៃទី១៧ខែមេសា។ កងទ័ពរដ្ឋាភិបាល (លន់ នល់)មិនមានកាំភ្លើងទេ។ ពួកខ្មែរក្រហមជាច្រើនពាក់ស្បែកជើងផ្ទាត់។ ខ្មែរក្រហមជាច្រើនទៀតដើរជើងទទេ។ ពួកគេមួយចំនួនទៀតពាក់ស្បែកជើងដែលគេហៅថាស្បែកជើងដើរព្រៃដែលធ្វើដោយពួកអាមេរិក។ ជួនកាលពួកគេរើសស្បែកជើងពីក្នុងសមរភូមិ។ ជួនកាលទៀតពួកគេរើសស្បែកជើងបានតាមផ្លូវ»។
លោកអាល់ រ៉កកូហ្វបន្ថែមថា រូបលោក រួមទាំងអ្នកកាសែតអាមេរិកពីរនាក់ទៀត និងលោកឌិត ប្រម ជំនួយការអ្នកកាសែតអាមេរិក ត្រូវពួកខ្មែរក្រហមចាប់ខ្លួនមួយរយៈដែរ ពេលដែលពួកនេះចូលកាន់កាប់ទីក្រុង។
លោកបន្ថែមថា អ្នកក្រុងភ្នំពេញបានស្វាគមន៍ពួកខ្មែរក្រហមដោយស្រែកថា «សង្គ្រាមចប់ហើយ សង្គ្រាមចប់ហើយ»។ ហើយពួកគេចុះមកតាមដងផ្លូវដើម្បីអបអរស្វាគមន៍ពួកកងទ័ពខ្មែរក្រហមដែលប្រដាប់ដោយកាំភ្លើងច្រូងច្រាង។
ប៉ុន្តែបន្តិចក្រោយមក ពួកខ្មែរក្រហមបានប្រកាសបណ្តេញប្រជាជនចេញ។ ហើយលោកបានឃើញទិដ្ឋភាពទាំងនេះ៕