ខ្មែរ​អាមេរិកាំង​ផ្តល់​តម្លៃ​ចំពោះ​សេរីភាព​និង​ច្បាប់​នៅ​អាមេរិក​ទោះ​មាន​ការ​រំជើប​រំជួល

បាតុករ​ចូល​រួម​ធ្វើ​បាតុកម្ម​ដើម្បី​យុត្តិធម៌​នៅ​ទីក្រុង Chicago ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​លោក George Floyd កាល​ពី​ថ្ងៃ​សៅរ៍ ថ្ងៃ​ទី៦ ខែមិថុនា ឆ្នាំ​២០២០។

ការ​ទាមទារ​រក​យុត្តិធម៌​បែប​អហិង្សា​ចំពោះការ​ស្លាប់​របស់​ពលរដ្ឋ​អាមរិកាំង​ស្បែកខ្មៅ​ម្នាក់​គឺលោក ចច ផ្លយ (George Floyd) ​បាន​រីករាល​ដាល​ពាសពេញ​សហរដ្ឋ​អាមេរិក​ តែ​សម្រាប់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មានការកោត​សរសើរ​ទៅដល់​ការ​អនុវត្ត​ច្បាប់ ​និង​សេរីភាព​ជា​មូលដ្ឋាន​ជាមួយគ្នា​ដែល​ថ្កោលទោស​និងមិន​គាំទ្រ​ដល់​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​របស់​ជន​ឆ្លៀត​ឱកាស​មួយ​ចំនួន​នោះ។

បាតុកម្ម​អហិង្សា​បាន​ជំរុញ​ឲ្យមាន​ការ​យក​ចិត្ត​ទុកដាក់​ខ្លាំង​ពី​រដ្ឋាភិបាល​ក្នុង​រដ្ឋ​និង​សហព័ន្ធ ហើយ​លទ្ធផល​មួយ​ចំនួន​បាន​កើត​ឡើង​បន្តបន្ទាប់​ដែរ​ដោយសារ​ការ​តវ៉ា​រួមគ្នា។​ បញ្ហា​ទាំងនោះ ត្រូវគេ​ឃើញថា​ ប៉ូលិស​ពាក់ព័ន្ធ​នឹងការ​ស្លាប់​លោក ​ចច ផ្លយ ​ត្រូវបាន​ចាប់ខ្លួន​និងចោទ​ប្រកាន់ហើយ​បាតុកម្ម​អហិង្សា​នៅតែ​ត្រូវបាន​អនុញ្ញាត​ឲ្យបន្ត​ធ្វើ ដោយ​មានការ​ការពារ​សន្តិសុខ​ និង​ការ​ចេញជាច្បាប់​មិនឲ្យ​ប៉ូលិស​ប្រើដៃ​ច្របាច់ក​ពេលចាប់​ខ្លួន​មនុស្ស ​ហើយជន​ឆ្លៀត​ឱកាស​ដែល​បង្ក​អំពើហិង្សា ​ត្រូវ​បាន​បង្ក្រាប។

លោក ​សេក កុសល ​ពលរដ្ឋខ្មែរ​អាមេរិកាំង​ម្នាក់​នៅក្នុង​ទីក្រុង​មីនីអាប៉ូលីស ​រដ្ឋមីនីសូតា​ មិន​ឆ្ងាយប៉ុន្មាន​ពីកន្លែង​បាតុកម្ម​បាន​និយាយ​ពីការ​បើក​ឱកាស​តាម​ច្បាប់​ឲ្យពលរដ្ឋ​សម្តែង​ការ​ឈឺចាប់​និងទាមទារ​យុត្តិធម៌​របស់ខ្លួន​ដោយ​សន្តិវិធី។

«ពីព្រោះ​ប្រទេស​អាមេរិក​ខុសពី​ប្រទេស​ដទៃទៀត។​ បើសិន​ជា​ប្រទេស​ដទៃទៀត​ប្រហែល​ជា​រដ្ឋាភិបាល​ហ្នឹង​គេបាន​បិទលែង​ឲ្យ​ប្រជាជន​ហ្នឹង​ធ្វើបាតុកម្ម​ហើយ​ តែនៅ​ប្រទេស​អាមេរិក​គេនៅតែ​បណ្តោយ​ឲ្យ​ប្រជាជន​គេ​មាន​សិទ្ធិសេរីភាព​បាតុកម្ម​ តែ​គេនៅ​តែ​ប្រយ័ត្ន​ដែរ»។

លោក សេក កុសល ប្រធាន​អង្គការ​សភាពខ្មែរ​អន្តរជាតិ ឬហៅ​កាត់​ថា IKARE មាន​វត្តមាន​នៅ​ទីស្នាក់ការ​កណ្តាល​របស់ VOA នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០១៦។ (ទែន សុខស្រីនិត/VOA)

លោក​ថ្លែង​បន្ត​អំពី​អំពើ​ហិង្សា​ដែល​អាជ្ញាធរ​កំពុង​តែ​បង្កើន​កិច្ចការពារ​សន្តិសុខ​នោះ​ដោយ​យោងទៅលើ​ក្រុម​ដុត​បំផ្លាញ​ហាង​ទំនិញ​ ចូល​លួច​ប្លន់​នៅក្នុង​ទីក្រុងធំៗ​ជាដើម​ ហើយ​មួយវិញ​ទៀត​លោកថា​ ក៏មនុស្ស​មាន​កំហឹង​ជាច្រើន​ដែលចេញ​ពី​ចលនា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ដូចជា​ចលនា​ប្រឆាំង​អាមេរិកាំង​ស្បែកខ្មៅ ​ចលនា​ប្រឆាំង​ជនស្បែក​ស ​ចលនា​ប្រឆាំង​នឹង​ជាតិសាសន៍​ដ៏ទៃ​ និង ចលនា​ប្រឆាំងនឹង​មូលធន​និយម​ដែលមាន​សត្រូវ​រួមគ្នា​គឺ​រដ្ឋាភិបាល​និង​អាជ្ញាធរ។​ លោកថា​ក្រុមទាំងអស់​នេះ ​មានការមិន​សប្បាយ​ចិត្ត​នឹង​រដ្ឋាភិបាល​ឬអាជ្ញាធរ ​ដោយចោទ​ថាអាជ្ញាធរ​យក​ចិត្តទុកដាក់​ជាតិ​សាសន៍​នេះជាង​ជាតិ​សាសន៍​នោះ​ ហើយ​ការណ៍​នេះមាន​ការចោទ​ប្រកាន់​គ្នាទៅវិញ​ទៅមក។

តែលោក​ កុសល​ ថា​ អំពើ​ហិង្សា​បាន​ថមថយ​ទៅវិញ​នៅពេល​មានការ​ដាក់​ពង្រាយ​កងទ័ព ​ហើយដាក់​បំរាម​គោចរ​ពេល​យប់​ ហើយនឹង​ការ​ព្រមាន​ចាត់​វិធាន​ការ​តឹងរ៉ឹង​ពីលោក​ ប្រធានាធិបតី​ដូណាល់ ត្រាំ​ផង​ដែរ។

លោក ​ហ៊ាន តាំងស្រ៊ុន ​រស់នៅ​ជិត​ទីក្រុង​មីនី​អាប៉ូលិស​ រដ្ឋមីនីសូតា​ដែរ ​បាន​គាំទ្រ​បាតុកម្ម អហិង្សា​ តែមិន​គាំទ្រ​ជនឆ្លៀត​ឱកាស​ប្រើ​ហិង្សា​ដែលនាំ​ឲ្យសង្គម​អាប់ឱន​ ហើយនិង​សកម្មភាពប៉ូលិស​ដែលនាំ​ឲ្យលោក​ ចច ផ្លយ​ ស្លាប់​នោះ​ទេ។

«បើយើង​មើល​ទៅ​ហេតុការណ៍​ដែល​កើត​ឡើង​ប៉ូលិស​ហាក់បី​ដូចជា​ប្រើអំពើ​ហិង្សា​ទៅ​លើ​អ្នក​រងគ្រោះ។ ​យើង​មាន​វិធី​ច្រើន​ក្នុងការ​ចាប់មនុស្ស​ មិនមែន​យក​ជង្គង់​ទៅ​ជាន់ក​គេ​អីចឹង​គឺថា​ធ្វើឲ្យគេស្លាប់។​ រឿងហ្នឹង​គឺថា​ខ្ញុំ​សូម​ថ្កោល​ទោស​នូវអំពើ​ព្រៃផ្សៃ​របស់​ប៉ូលិស​ដែលធ្វើ​ទៅ​លើ​អ្នក​រងគ្រោះ ​ហើយ​សូមគាំទ្រ​អ្នក​ធ្វើ​បាតុកម្ម​ ក៏ប៉ុន្តែ​ក៏ខ្ញុំ​មិនគាំទ្រ​នូវអំពើ​ដុតបំផ្លាញ​ផ្ទះគេ​ដែល​មាន​អំពើ​ហិង្សា​ដែល​យើង​ឃើញ​អីចឹង​ទៅគឺ​យើង​អត់គាំទ្រ​ទេ​ ព្រោះវា​ហាក់បី​ដូចជា​ធ្វើឲ្យ​សង្គមប្រជាធិបតេយ្យ​ហ្នឹង​ទៅជា​សង្គម​អនាធិបតេយ្យ​ទៅវិញ»។

លោក​ ចច ផ្លយ​ អាយុ៤៦​ឆ្នាំ​ជនជាតិ​អាមេរិកាំង​ស្បែកខ្មៅ​ បានស្លាប់​ក្រោយ​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួនលោក​ ដោយសារ​លោក​បាន​ប្រើប្រាស់​លុយ​ក្រដាស​ប្រាក់​២០ដុល្លារ​ក្លែងក្លាយ​ទិញ​ទំនិញ​កាល​ពីថ្ងៃទី​២៥ ​ខែ​ឧសភា​ ឆ្នាំ២០២០​ ក្នុង​ទីក្រុង​មីនីអាប៉ូលីស ​រដ្ឋមីនីសូតា។​ តែ​ក្រុម​ប៉ូលិស​ក៏​មិនអាច​រួច​ផុត​ពីចំណាត់​ការ​ច្បាប់​ដែរ​ក្រោយ​ពេល​លោក​ផ្លយ​បាន​ស្លាប់​ដែរ។

ប៉ូលិស​ម្នាក់​ដែល​បាន​ប្រើ​ជង្គង់​សង្កត់ករ​លោក ​ផ្លយ​ គឺ ​Derek Chauvin ​និង​ប៉ូលិស​៣នាក់​ទៀត​Tou Thao ​និង ​Alexander Kueng ​ហើយនិង​ Thomas Lane នៅកន្លែង​កើត​ហេតុ​ ត្រូវ​ចាប់ខ្លួន​និង​រងការ​ចោទ​ប្រកាន់​ទោស​បន្ត​បន្ទាប់​ដើម្បី​ដំណើការ​តាម​នីតិវិធី​ច្បាប់​ ក្រោយ​ពេល​លោក​ប្លយ​ដែល​គេ​រកឃើញ​ថាមាន​បញ្ហា​សុខភាព​ក្នុង​ខ្លួន​ស្រាប់​បាន​ស្លាប់​ប៉ុន្មាន​នាទី​ក្រោយ​ការ​ចាប់​ខ្លួន​ដែល​មាន​ឃ្លីប​វីដេអូ​ត្រូវ​គេ​ផ្សព្វ​ផ្សាយ​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​ពេញ​សង្គម​ហ្វេសប៊ុក​នោះ។ ​អាជ្ញាធរ​មូលដ្ឋាន​ក៏បាន​ប្រកាស​ព្រមព្រៀង​មិនឲ្យ​ប្របាច់ក​ពេល​ចាប់ខ្លួន ​តែ​បាតុកម្ម​នៅតែ​ត្រូវ​អនុញាត​ឲ្យធ្វើទៅ​តាម​ច្បាប់ ​នៅតាម​រដ្ឋនានា​ផងដែរ ​ហើយ​ក្រុម​ឆ្លៀត​ឱកាស​ឬអ្នក​ពាក់ព័ន្ធ​ក៏ត្រូវ​បានបង្ក្រាប​និងថមថយ​សកម្មភាព​ ពេលមាន​ការ​ចាប់ផ្តើម​ដាក់​បំរាម​គោចរ​និងការ​ពង្រាយ​ទាហាន។

កម្រង​រូបភាព៖ បាតុកម្ម​បន្ត​ធ្វើ​ឡើងនៅទីក្រុង​នានាដើម្បី​តវ៉ា​ចំពោះ​ការ​ស្លាប់​របស់​លោក George Floyd

លោក​ ចិន្តា សួរ​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់ទៀត​ក្នុង​រដ្ឋមីនីសូតា ​បាន​ថ្លែងថា​ វាជារឿង​ល្អ​ដែលទីក្រុង​មីនីអាប៉ូលីស​ បាន​ផ្លាស់ប្តូរ​ច្បាប់​ចាប់ចង​មនុស្ស ​មិនឲ្យ​មានការ​ច្របាច់ក ​ក្រោយ​ពេលមានការ​ទាមទារ​របស់​ក្រុមបាតុករ​ដែល​លោក​ថា​ពលរដ្ឋ​នឹងគ្មាន​គ្រោះថ្នាក់​ដល់​ជីវិត​ទៀត។

«ឥឡូវពេល​មាន​បាតុកម្ម​អីចឹង​ទៅគេ​កំពុង​ស៊ើប​មើល​សំណុំ​រឿង​ខាង​ប៉ូលិស​អីហ្នឹង​ គេ​ត្រូវ​ធ្វើច្បាប់​យ៉ាង​ម៉េចខ្លះ​ ដូច្នេះ​បាតុកម្ម​ហ្នឹង​វាជោគជ័យ​ដែរ​ដោយសារ​តែគេ​សើរើច្បាប់​ ប៉ូលិស​ធ្វើយ៉ាងម៉េច​អីហ្នឹង។ ​ដូច្នេះ​ទៅ​នៅ​ថ្ងៃនេះ​ក្នុង​រដ្ឋ​មីនីសូតា​យើង​ គេឈប់​ឲ្យ​ប៉ូលិស​ច្របាច់ក​ ដូច្នេះទៅគេ​ផ្លាស់ប្តូរ​ច្រើន​ដែរ។ ​ដូច្នេះ​ទៅរដ្ឋ​ផ្សេងៗ​ប្រហែល​ផ្លាស់ប្តូរ​ច្បាប់ ​អីច្រើន​ចេញពី​បាតុកម្មនេះ»។

ក្តី​បារម្ភ​ខ្លះ​ក្នុង​ចំណោម​ពលរដ្ឋ​ចំពោះ​ការ​រាលដាល​នៃ​អំពើ​ហិង្សា​និងការ​រើសអើង​ជាតិសាសន៍​ តែពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅតែ​ទុកចិត្ត​ទៅលើ​អ្នកដឹកនាំ​និងប្រព័ន្ធ​ច្បាប់​នៅក្នុង​ប្រទេស​នេះ​ដែលអាច​ធ្វើ​ឲ្យមាន​ការ​ជឿ​ជាក់។

លោក​ ចិន្តា សូរ ​បាន​ថ្លែងថា​ដើម្បី​ការពារ​ក្រែងមាន​បញ្ហា​លើ​សហគមន៍​ខ្មែរក្នុង​ពេល​ដែល​មាន អំពើ​ហិង្សា​កើត​ឡើង​ដំបូងៗ​នោះ​ វត្ត​អារាម​មួយ​គឺវត្ត​មុនីសុតារាម​ត្រូវ​បិទទ្វារ​មួយរយ:ពេល​ដែរភ្លាមៗ​នោះ។

«កាលគេ​កំពុង​បាតុកម្ម​អីហ្នឹង​ ខ្ញុំខាង​វត្តមីនីសូតារាម​យើង​ដឹងស្រាប់​ហើយ​ជាវត្ត​ធំមួយ​ប្រចាំ​នៅរដ្ឋ​មីនីសូតា​យើង។​ កាលហ្នឹង​ពួកខ្ញុំ​ទូរស័ព្ទ​ទៅឲ្យ​បិទវត្ត​តែម្តង​ ក្នុងពេល​បាតុកម្ម​ហ្នឹង​យើង​បិទរហូត​ ហើយ​ក្នុងពេល​យប់​បិទរហូត​ ហើយ​ម៉ោង​៣ឬ​ម៉ោង៤​ល្ងាច​ហ្នឹង​យើង​ចតឡាន​នៅថ្នល់​កុំឲ្យគេ​ចូលឲ្យ​សោះ​ យើងមិន​ដឹង​សាសន៍ណា ​សាសន៍​ណា​ហើយយើង​នៅឆ្ងាយ​ផង​ យើងមានការ​ព្រួយ​បារម្ភ​ដែរ»។

លោក ​ខេង គឹមស្រ៊ាន ​ពលរដ្ឋ​ខ្មែរអាមេរិកាំង​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បានថ្លែង​ថា​ លោក​មាន​ក្តីបារម្ភ​ពី​សន្តិសុខ ​សុវត្ថិភាព​ខ្លះដែរ​ក្នុងការ​រស់នៅ​ក្រោយ​កើត​ហេតុការណ៍​នេះ។

«ព្រួយបារម្ភ​ វាតែង​តែមាន​ការព្រួយ​បារម្ភខ្លះ​ហើយ​ធម្មជាតិ​របស់​មនុស្ស​ នៅពេល​ណា​ដែល​មាន

បញ្ហា​ដែលកើត​ឡើង​ព្រោះ​បញ្ហានេះ​ វាជា​បញ្ហា​តូច​តែវា​ហាក់​ដូចជា​រាលដាល​ទៅជា​បញ្ហា​ធំប្រសិន​បើគ្មាន​ដំណោះ​ស្រាយ​មួយ​ដែល​សមស្រប​របស់​រដ្ឋាភិបាល»។

ព័ត៌មាន​ទាក់ទង៖ អភិបាល​រដ្ឋធានី​វ៉ាស៊ីនតោន​ប្ដូរ​ឈ្មោះ​ផ្លូវ​មួយ​នៅ​ក្បែរ​សេតវិមាន​ទៅ​ជា​ឈ្មោះ «ជីវិត​ពលរដ្ឋ​ស្បែក​ខ្មៅ​មាន​តម្លៃ»

លោក​ ងីវ ឈានស្រេង​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់ទៀត​រស់នៅ​ជាយ​ក្រុង​មីនីអាប៉ូលិស​ បាន​ថ្លែងក្តីបារម្ភ​ផងដែរ​ក្នុងការ​រស់នៅ​ក្នុង​សហគមន៍​ដែលមាន​ភាគច្រើន​ជាជន​ស្បែកស​ នៅពេល​មាន​អំពើ​ហិង្សា​ផ្ទុះឡើង។

«អារឿង​ហ្នឹងកើត​មកហ្នឹង​គឺ​ខ្ញុំភ័យ​ដែរ​ពីរឿង​អាស៊ី​យើង​នៅក្នុង​រដ្ឋមីនីសូតា ​តែវា​មិនមែន​មាន​តែខ្មែរទេ​ ខ្មែរ​យើង​តិច​ជាង​គេ​ទេ»។

សហគមន៍​ខ្មែរចង់​ឃើញ​មាន​ដំណោះស្រាយ​ទៅតាម​ច្បាប់​ចំពោះ​បាតុកម្ម​និងការ​តវ៉ា ​ហើយ​ក៏ចង់ឲ្យ​ពលរដ្ឋ​ចម្រុះ​ជាតិ​សាសន៍​រស់នៅ​ជាមួយ​គ្នា​ដោយ​សុខដុមរមនា​ គ្មានការ​ប្រកាន់​ពូជ​សាសន៍​ ពណ៌​សម្បុរ ​និងជម្លោះ ​ក្រៅពី​ទាមទារ​ថាបញ្ហា​អ្វី​ដែល​កើត​ឡើង​ត្រូវ​ដោះស្រាយ​ទៅ​តាម​ច្បាប់។

លោក ​ហ៊ាន តាំងស្រ៊ុន​ បានថ្លែង​ថា​លោក​ទុកចិត្ត​លើ​រដ្ឋាភិបាល​អាមេរិក​ដែល​អាចរក​ឃើញដំណោះ​ស្រាយ។

«ខ្ញុំជឿ​ជាក់ថា​រដ្ឋាភិបាល​អាមេរិក​ ហើយនឹង​អ្នករៀប​ចំការ​តវ៉ា​សុំសិទ្ធិ​ហ្នឹង​ នឹងធ្វើ​ការ​ចរចា ​គួរតែពីរក្រុម​ហ្នឹង​ធ្វើការ​ចរចាគ្នា​រកវិធី​ណា​ដើម្បីការពារ ​សង្គមយើងៗ​អាច​រស់នៅ​ជាមួយគ្នា​បាន​ក្នុងលក្ខណ:​ស្មើភាព​ មិនប្រកាន់​ពូជ​សាសន៍»។

លោក ​សួស សុខឿត ​ពលរដ្ឋ​នៅ​ជិត​ទីក្រុង​មីនី​អាប៉ូលីស​បាន​ថ្លែងថាអ្វីៗ​ត្រូវដោះ​ស្រាយ​តាម​ច្បាប់ហើយ​បន្ថែម​ថាលោក​ មិន​ប្រកាន់​ពណ៌​សម្បុរ​ឬ​ពូជសាសន៍​ទេ​ ដូច្នេះ​លោក​មិនគិត​ទៅលើរឿង​នេះទេ​ ទៅថ្ងៃ​ក្រោយ​ទៀត​ ដោយសារ​លោក​កំណត់​ក្នុងចិត្ត​មិនប្រកាន់​ពូជសាសន៍ ​មិនសន្មត​ជាមុន​ចំពោះ​មនុស្ស​ដែល​លោក​បាន​ស្គាល់​ឬមិន​ស្គាល់។

«ហើយ​ចាប់​ផ្តើម​ពីខ្លួនខ្ញុំ ​ចាប់ផ្តើម​ពីផ្ទះខ្ញុំ ​តើខ្ញុំ​ត្រូវធ្វើ​យ៉ាងម៉េច​បើខ្ញុំចង់​បាន​សុវត្ថិភាព​ ឬសន្តិភាព​សម្រាប់​ខ្លួនខ្ញុំៗ​ត្រូវ ​Treat​ អ្នក​ផ្សេងទៀត​ អ្វីដែល​ខ្ញុំចង់​បាន​សម្រាប់​ខ្លួនខ្ញុំ​ ខ្ញុំត្រូវ​ការ​នោះ​ដល់អ្នក​ដ៏ទៃ​ទៀត​ដែរ»។

បាតុកម្ម​ទាមទារ​យុត្តិធម៌​តាមច្បាប់ ​ដោយមាន​ការចូលរួម​ពី​ក្រុម​បាតុករ​ដែល​គោរព​ច្បាប់​បានកើតឡើង​ចាប់ពី​រដ្ឋមីនីសូតា​ ហើយ​រាលដាល​ទៅកាន់​រដ្ឋមួយ​ចំនួន​ទៀត​រួម​ទាំង​រដ្ឋធានីវ៉ាស៊ីនតោន​ក្នុងរយ:​ពេល​២សប្តាហ៍​ចុងក្រោយ​ ដែល​ធ្វើឲ្យ​មាន​ការការពារ​សន្តិសុខ​យ៉ាង​តឹងរឹងផងដែរ​ នៅពេល​ជាមួយគ្នា​ដែល​គេ​បារម្ភ​ក្រែង​មាន​ក្រុម​ឆ្លៀត​ឳកាស​ប្រើប្រាស់​អំពើ​ហិង្សា​ផ្ទុយពីគោល​ការណ៍​រៀបចំ​បាតុកម្ម​សន្តិវិធី។

ក្រុមមន្ត្រី​អាមេរិក​ខ្លះបាន​ចោទ​ប្រកាន់​បរទេស​ កំពុង​ចាប់ផ្តើម​បញ្ឆេះ​ក្រុម​បាតុករ​និង​កំពុង​លូកដៃចូលក្នុង​រឿងនេះ​ បំភ្លៃ​ព័ត៌មាន​យ៉ាង​សកម្ម​ ដើម្បី​ប្រែ​ស្ថានការណ៍​ឲ្យកាន់​តែ​អាក្រក់។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ លោក​ William Barr ​បានថ្លែង​នៅក្នុង​សន្និសីទ​ព័ត៌មាន​កាលពី​ថ្ងៃព្រហស្បតិ៍ ​ដោយ​លោក​ជឿថា​ យើងមាន​ភស្តុតាង​ចំពោះ​ក្រុម​អ្នកវាយ​ប្រហារ​របស់​បរទេស​ និងក្រុម​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​បរទេស​កំពុង​ផ្តោតការ​យកចិត្ត​ទុកដាក់​លើ​ស្ថាន​ការណ៍​ពិសេស​នេះ ​ហើយ​ព្យាយាម​បញ្ឆេះ​រឿងនេះ​គ្រប់រឿង​ដែលគេ​អាច​ធ្វើ​បាន។

នាយក​ប៉ូលិស ​FBI ​គឺ​លោក​ Christopher Wray ​បដិសេធ​ផ្តល់​ព័ត៌មាន​លម្អិត ​តែថា​ជន​ដែលបង្ក​បញ្ហានេះ​នឹងគេច​មិនផុត​ពីច្បាប់​ទេ៕