រដ្ឋាភិបាល​សម្រេច​ឱ្យ​ខ្មែរ​ឥស្លាម​ពាក់​កន្តិប​និង​ទទូរ​ក្បាល​ពេល​ថត​រូប​ធ្វើ​ឯកសារ​ផ្លូវការ​

ស្ត្រី​ខ្មែរ​អ៊ីស្លាម​នៅ​​ស្រុក​មុខកំពូល​ ខេត្ត​កណ្តាល កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៥។

ការសម្រេច​របស់​រដ្ឋាភិបាលកម្ពុជា​ដែល​នឹងអនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្មែរឥស្លាមអាច​ពាក់កន្តិប​និង​ទទូរក្បាល​ក្នុង​ពេល​ថត​រូប​ដើម្បី​ធ្វើ​អត្តសញ្ញាណបណ្ណ​និង​លិខិត​រដ្ឋបាល​ផ្សេងៗ​ទទួលបាន​ការសាទរ​ក្នុង​ស្រទាប់​ខ្មែរ​ឥស្លាម​ដែល​បាន​តស៊ូ​មតិទាម​ទារ​សិទ្ធិ​នេះ​ជាច្រើនឆ្នាំ​មកហើយ​។

នៅ​ក្នុង​ការប្រកាស​ពេល​ប្រជុំ​គណៈរដ្ឋ​មន្ត្រី​នៅថ្ងៃ​សុក្រលោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​បាន​ប្រាប់​ឱ្យ​ក្រសួង​មហាផ្ទៃ​និង​ក្រសួងការ​បរទេស​ឱ្យ​អនុវត្ត​តាមការ​សម្រេច​របស់​លោក​ផ្តល់​សិទ្ធិ​ឱ្យអ្នក​កាន់​សាសនា​ឥស្លាម​ទាំងនោះ ​មាន​សិទ្ធិ​ពាក់​កន្តិប​និង​ស្បៃគ្របក្បាល​ឬមិន​ពាក់​តាម​ការ​សម្រេចចិត្ត​ផ្ទាល់​ខ្លួន​របស់​ពួកគេ។​ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី។​

សកម្មជន​សហគមន៍​មូស្លិម​ដែល​បាន​តស៊ូមតិ​កន្លង​មកបានលើកឡើងថា​មាន​ស្រ្តី​ខ្មែរឥស្លាម​មួយ​ចំនួន​អាច​នឹង​បាត់​បង់​សិទ្ធិ​ក្នុង​ការ​បោះឆ្នោត​ក្នុង​ពេល​ខាងមុខ​ដោយ​សារ​តែ​ស្ថាប័ន​បោះឆ្នោត​តម្រូវ​ឱ្យ​ប្រើ​ប្រាស់​អត្តសញ្ញាណបណ្ណ​ឬ​លិខិត​ឆ្លងដែន​ជា​ឯកសារ​ផ្លូវការ​ប៉ុន្តែ​ស្រ្តី​មួយ​ចំនួន​មិន​មាន​ឯកសារ​ទាំង​នេះទេ​ព្រោះ​ពួកគាត់មិន​ព្រម​ដោះក្រម៉ា​ឬ​ស្បៃគ្របក្បាល​ដើម្បី​ថត​រូប​ដោយ​សារ​តែ​ខ្លាច​ខុស​នឹង​ប្រពៃណី​ទំនៀមទម្លាប់​និង​សាសនា​ឥស្លាមរបស់​ខ្លួន។​

លោក​ ហ៊ីម ខទៀត ​សមាជិក​នៃ​គណៈកម្មាធិការ​ដឹកនាំ​របស់​សមាគម​អតីត​និស្សិត​ខ្មែរ​ឥស្លាម​បានសម្តែង​ការស្វាគមន៍​ថា​៖

«យើង​សាទរ​និង​ស្វាគមន៍​ហើយ​ជារួម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ឥស្លាម​ទូទាំង​ប្រទេស​មាន​ការ​សាទរ​និង​សប្បាយ​រីករាយ​ជាខ្លាំង​ហើយ​ដោយឡែក​ក្រុម​យុវជន​យើង​ក៏មាន​ការសាទរ​ដែរ‍»។​

លោក​បាន​បញ្ជាក់​ថា​កន្លង​មក​ស្ត្រី ខ្មែរ​ឥស្លាម​មួយ​ចំនួន​មានការ​លំបាក​ក្នុង​ការ​សុំ​លិខិត​អាពាហ៍​ពិពាហ៍ ​ប្លង់​កម្មសិទ្ធិ​ដីធ្លី ​បណ្ណកម្មសិទ្ធិ​ផ្ទះ​សម្បែង​និង​អាជីវកម្ម​ផ្សេងៗ​ដោយ​សារ​តែ​ពួកគេ​គ្មាន​អត្តសញ្ញាណបណ្ណ។​

លោកស្រី​សាន់ ហ្វាទីម៉ាស់​ ជាស្រ្តី​ខ្មែរ​ឥស្លាម​ម្នាក់​រស់​នៅ​ទីក្រុង​ភ្នំពេញ​បាន​ប្រាប់​VOA ​ថា៖

«រូបខ្ញុំ​ផ្ទាល់​និងស្រ្តី ​ទាំងអស់​នៅ​ប្រទេស​កម្ពុជា​គឺ​មាន​អារម្មណ៍​សប្បាយ​ចិត្ត​រីករាយ​ខ្លាំង​មែន​ទែន ដែល​សម្តេច​បាន​អនុញ្ញាត​ឱ្យ​រាល់​ចំណុច​ដែល​ស្រ្តី​ពួកខ្ញុំ​ត្រូវ​ការ​ចំណុច​ទាំងហ្នុង‍»។

បច្ចុប្បន្ន លោកស្រី​មាន​អត្តសញ្ញាណ​បណ្ណ​ដែល​ថត​ដោយ​ដោះស្បៃ​គ្របសក់​ព្រោះ​ជា​អ្វី​ដែល​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ប៉ុន្តែ​បន្ទាប់​ពី​ការសម្រេច​ចិត្ត​នេះ​លោកស្រី​មាន​បំណង​ធ្វើ​អត្តសញ្ញាណបណ្ណ​ថ្មី៖

«យើង​ធ្វើ​កាត​មុន​គឺ​អារម្មណ៍​យើង​មើល​ទៅ​ឃើញ​ថា​មិនសូវ​ល្អព្រោះ​ឥស្លាម​យើង​មិន​អាច​ឱ្យ​យើង​បើកក្បាល​ឃើញ​សក់​អញ្ចឹង​ខ្ញុំ​ត្រូវការ​ធ្វើ​ម្តងទៀត‍»។

លោក​ឯល រ៉ាហ្វើត ​ប្រធាន​ចលនា​ថ្នាក់​ជាតិ​នៃ ​គណបក្ស​សង្គ្រោះជាតិ​ក៏បាន​មើលឃើញ​ដែរថា​កន្លង​មក​ស្រ្តី​ខ្មែរឥស្លាម​ចាស់ៗ​មួយ​ចំនួន​បាន​ខកខាន​មិន​បាន​ចូលរួម​កា​របោះឆ្នោត​ដោយ​សារ​តែ​មូលហេតុ​នេះ​បើ​ទោះបី​ជា​ចិត្ត​ពួកគាត់​ចង់​ចូលរួម​យ៉ាង​ណាក៏ដោយ៖

«ចំពោះ​ក្នុង​សិទ្ធិ​បោះឆ្នោត​បងប្អូន​ឥស្លាម​យើង​មិន​ថា​ស្រី​ឬប្រុស​ទេ​គឺ​ពេល​ខ្លះ​អត់​បាន​ទៅដល់​គ្រប់​គ្រាន់​ទេ​ដោយ​សារ​តែ​គេ​តម្រូវ​ឱ្យ​ដោះក្រម៉ា​អញ្ចឹ​ង​ជារឿងមួយ​ប៉ះពាល់​អញ្ចឹង​ហើយ​ការ​ចូលរួម​សម្រាប់​យុវជន​គឺ​បាន​ច្រើន​ប៉ុន្តែ​សម្រាប់​ចាស់​ៗ​ដែល​គាត់​នៅ ​កាន់​ប្រពៃណីខ្លាំង​គឺ​គាត់​អត់បាន​ទៅចូលរួម​ទេ​ដោយ​សារ​គាត់​គិត​ថា​ឱ្យ​ទៅដោះក្រម៉ា​អញ្ចឹង​វា​ប៉ះពាល់​ដល់​ប្រពៃណី​ទំនៀម​ទម្លាប់​សាសនា​គាត់​។ អញ្ចឹង​គាត់​អត់​បាន​ទៅ ទេ​‍»។ ​

នេះ​ជាការ​បើក​ទំព័រ​ថ្មី មួយ​ទៀត​សម្រាប់​សហគមន៍​ខ្មែរ​ឥស្លាម​នៅ​កម្ពុជា​បន្ទាប់​ពីការ​តស៊ូ​មតិ​របស់​ពួកគេ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​នេះ។​

យ៉ាងណា​ក៏ដោយ​លោក​ហ៊ីម ខទៀត​មើល​ឃើញ​ថា​ការងារ​បន្តទៀត​គឺ​ត្រូវ​ឃ្លាំមើល​ការអនុវត្ត​របស់​មន្ត្រី​រដ្ឋាភិបាល​ព្រោះ​លោក​តែងតែ​សង្កេត​ឃើញ​មាន​ការ​ខុសប្លែក​គ្នា​រវាង​ការ​សម្រេច​ចិត្ត​ថ្នាក់​នយោបាយ​និង​ការអនុវត្ត​ជាក់​ស្តែង​នៅថ្នាក់​មូលដ្ឋាន។​ ប៉ុន្តែ​លោក​សង្ឃឹម​ថា​ក្នុង​ពេល​ខាងមុខ​អាច​នឹង​មាន​ខ្មែរ​ឥស្លាម​ចូលរួមសកម្មភាព​សង្គមច្រើន​ជាង​មុនដោយ​សារ​តែ​ទទួល​បាន​សិទ្ធិ​ទូលំ​ទូលាយ​នេះ។

«យើង​ជឿជាក់​ថា​តាម​រយៈការសម្រេច​ហ្នឹង​ពិតហើយ​ថា​ប្រជាពលរដ្ឋ​ក៏ដូច​ជា​រដ្ឋាភិបាល​នឹង​បាន​ឃើញ​ផលផ្លែផ្កា​ដែល​ចេញ​អំពី​ការសម្រេច​ហ្នឹង។ ដូច​ដែល​អ្វី ដែល​ក្រុម​យើង​ខ្ញុំ​ទាមទារ​ហ្នឹង​គឺ​វានឹង​បង្ហាញ​ឱ្យ​ឃើញ​ពីការ​ចូលរួម​កាន់​តែ​សកម្ម​និង​ពេញ​លេញ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ឥស្លាម​នៅក្នុង​ការងារ​សង្គម​មួយ​ចំនួន​ដែល​ចេញ​ពីការ​ដែល​គាត់​មាន​ក្រដាស​ស្នាម​ត្រឹម​ត្រូវ​ក្រោយ​ពី ​គាត់​ទទួល​បាន​សិទ្ធិ​ពេញ​លេញ​ នៃ​ការ​ថត​អត្តសញ្ញាណបណ្ណ​ក៏ដូចជា​លិខិត​ឆ្លងដែន​ហ្នឹង​ជាពិសេស​ចំណុច​សំខាន់​មួយ​នៅ​ ក្នុង​ការងារ​សង្គម​ហ្នុង​គឺ​ការងារ​បោះឆ្នោត​ដែល​ជា​កាតព្វកិច្ច​ប្រជាពលរដ្ឋ​ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើសរើស​មេដឹកនាំ​ប្រទេស​ជាតិ​របស់​គាត់​នោះ‍»។​

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែររដ្ឋាភិបាល​ក៏​តម្រូវ​ឱ្យក្រសួងអប់រំទទួលយក​គ្រូបង្រៀន​ខ្មែរ​ឥស្លាម​ចំនួន​១.៥០០នាក់​ចូលក្នុង​ក្របខណ្ឌ​រដ្ឋ​ផងដែរ៕