ភ្នំពេញ៖ អាដហុកនៅថ្ងៃព្រហស្បតិ៍នេះបានចេញរបាយការណ៍ដោយបានវាយប្រហារចំៗចំពោះការរំលោភដីធ្លីនៅឆ្នាំ២០១២ នៅក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនថា បានកើនឡើងប្រមាណ១៤៤% បើធ្វើការប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១១។
លោកធន សារ៉ាយ ប្រធានសមាគមសិទ្ធិមនុស្សអាដហុក បានប្រាប់អង្គសន្និសីទកាសែតថា យ៉ាងតិចមានមនុស្សចំនួន២៣២នាក់កំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារ ដោយសាររឿងទំនាស់ដីធ្លី ក្នុងនោះមាន៣៨នាក់កំពុងជាប់ឃុំ ហើយ៥០នាក់ផ្សេងទៀតកំពុងរត់គេចខ្លួន។
«យើងឃើញថា នៅក្នុងឆ្នាំ២០១២នេះ ទំនាស់បានកើនឡើងហើយនិងមានការតវ៉ាក៏កើនឡើងខ្លាំងច្រើន»។
នៅក្នុងរបាយការណ៍របស់សមាគមសិទ្ធិមនុស្សអាដហុក ដែលមានចំណងជើងថា «ផ្លូវរបត់?» សិទ្ធិដីធ្លី សិទ្ធិលំនៅដ្ឋាន និងធនធានធម្មជាតិនៅកម្ពុជាបានឲ្យដឹងថា មកដល់ចុងខែធ្នូឆ្នាំ២០១២ រដ្ឋាភិបាលបានផ្តល់ដី ឬដីបម្រុងទុកយ៉ាងតិចជាង២លាន៦សែនហិចតាទុកឲ្យក្រុមហ៊ុនឯកជន ក្រោមគម្រោងសម្បទានដីសេដ្ឋកិច្ច។ បើប្រៀបធៀបឆ្នាំ២០១១ចំនួននេះបានកើនឡើង១៦,៧%។
កាលពីថ្ងៃទី៧ខែឧសភាឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសដាក់ចេញនូវបទបញ្ជាមួយឲ្យផ្អាកជាបណ្តោះអាសន្ន ជាផ្លូវការក្នុងការផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មីនិងពង្រឹងអ្វីដែលជាគោលនយោបាយស្បែកខ្លា។
បទបញ្ជាលេខ០០១ក៏អំពាវនាវឲ្យធ្វើការពិនិត្យឡើងវិញនូវរាល់សម្បទានកន្លងមកដើម្បីផ្ទៀងផ្ទាត់ការអនុវត្តបទបញ្ញត្តិ និងច្បាប់ជាធរមាន។
ដីសម្បទានសេដ្ឋកិច្ច ដែលកំពុងស្ថិតនៅក្រោមការពិចារណាផ្អាកជាបណ្តោះអាសន្ន។ សមាគមអាដហុកបានរកឃើញថា មានដីសម្បទានសេដ្ឋកិច្ចចំនួន៣៣ត្រូវបានផ្តល់ចាប់តាំងពីថ្ងៃទី៧ខែឧសភា រាប់បញ្ជូលទាំង១៣កន្លែងក្នុងខែមិថុនា និង១០កន្លែងក្នុងខែសីហាឆ្នាំ២០១២។ ហើយចាប់ពីខែកញ្ញាដល់ខែធ្នូ មានដីសម្បទានសេដ្ឋកិច្ចចំនួន៤កន្លែងតែប៉ុណ្ណោះត្រូវបានផ្តល់។
លោកធន សារ៉ាយបាននិយាយថា មានដីសម្បទានសង្គមកិច្ចក៏រដ្ឋាភិបាលបានផ្តល់ផងដែរ។ មកដល់ពេលនេះមានចំនួន៣៨កន្លែង ហើយមាន១៣កន្លែងកើតមានទំនាស់។
«ក្នុងចំនួនជាង១សែនហិចតានេះ យើងឃើញថា មានចំនួនទំហំដីពីរដងលើទំហំដីសម្បទានសង្គមកិច្ចឆ្នាំ២០១១ ហើយស្នើនឹង១ភាគ៤នៃដីសម្បទានសេដ្ឋកិច្ចនៅឆ្នាំ២០១២នេះ»។
នៅក្នុងឆ្នាំ២០១២ សមាគមសិទ្ធិមនុស្សអាដហុកបានទទួលវិវាទដីធ្លីចំនួន៧០ករណីប៉ះពាល់ដីសរុបចំនួនជាង១០ម៉ឺនហិចតា និង១0៦៦៩គ្រួសារ។បន្ថែមលើនេះទៅទៀតមានវិវាទដីធ្លីចំនួន៦២ករណីទៀតនៅមិនទាន់បានដោះស្រាយនៅឡើយ ដែលនៅសេសសល់ពីឆ្នាំមុនៗ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី បានច្រានចោលការលើកឡើងនេះ។ លោកបាននិយាយថា អង្គការក្រៅរដ្ឋាភិបាលមិនទាន់មានលក្ខណៈគ្រប់គ្រាន់ក្នុងការវាយតម្លៃនោះទេ ដោយសារតែគោលនយោបាយនៃការផ្តល់ដីសម្បទានសេដ្ឋកិច្ចបានបញ្ចប់រួចស្រេចបាច់ហើយ។
«ហើយអ្វីដែលអង្គការក្រៅរដ្ឋាភិបាលបានឃើញ គ្រាន់តែឃើញពីអ្វីដែលបន្តដែលទទួលបានការយល់ព្រមជាគោលការណ៍នេះ ហើយបន្ទាប់ពីគោលការណ៍គឺត្រូវតែទទួលបានជាផ្លូវការ»។
ខេត្តដែលទទួលរងផលប៉ះពាល់ជាងគេគិតពីចំនួន និងកម្លាំងនៃវិវាទដីធ្លីគឺមានខេត្តបាត់ដំបង កំពង់ចាម កោះកុង ក្រចេះ មណ្ឌលគីរី រតនៈគីរី និង ខេត្តសៀមរាប នេះបើតាមការបញ្ជាក់នៅក្នុងរបាយការណ៍របស់សមាគមសិទ្ធិមនុស្សអាដហុក៕