អ្នកស្រី ព្រំ ចាន់ថា ធ្លាប់ស្ថិតក្នុងស្ថានភាពលំបាកមួយ នៅពេលដែលស្វាមីរបស់អ្នកស្រី និងកូនប្រុសដែលមានជំងឺអូទីហ្សឹម ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ។
អ្នកស្រីប្រាប់វីអូអេថា៖ «ខ្ញុំពិតជាសោកសង្រេងខ្លាំងមែនទែន ដោយសារប្រទេសនេះ គ្រាន់តែក្មេងមានជំងឺអូទីហ្សឹម ថាមិនគ្រប់ទឹក ចាប់ប៉ាគាត់ហើយ ចោទប្រកាន់ថាប្តីខ្ញុំក្បត់ជាតិ ទម្លាក់កំហុសមកលើគ្រួសារខ្ញុំ ហើយធ្វើបាបគ្រួសារខ្ញុំគ្រប់រូបភាពទាំងអស់។ វាកាន់តែធ្វើឱ្យខ្ញុំឈឺចាប់កាន់តែខ្លាំង មិនអាចដកថយបាន»។
អ្នកស្រី ថន ចាន់ថា អាយុ ៤៦ឆ្នាំ ជាសកម្មជនម្នាក់ក្នុងក្រុមស្រ្តីថ្ងៃសុក្រ ដែលចេញមុខតវ៉ាទាមទារឱ្យដោះលែងស្វាមីរបស់អ្នកស្រី គឺលោក កាក់ កុម្ភា អតីតអ្នកនយោបាយរបស់គណបក្សសង្រ្គោះជាតិម្នាក់ ដែលត្រូវបានចាប់ខ្លួនកាលពី ៣ឆ្នាំមុន ដោយរងការចោទប្រកាន់ពីបទ«ញុះញង់» «រួមគំនិតក្បត់» ក្នុងការគាំទ្រការវិលត្រឡប់របស់ លោក សម រង្ស៊ី មេដឹកនាំគណ បក្សជំទាស់ដែលនិរទេសខ្លួននៅក្រៅប្រទេស។ ស្វាមីរបស់អ្នកស្រីកំពុងស្ថិតក្នុងមណ្ឌល ឃុំឃាំងនៃពន្ធនាគារព្រៃសនៅឡើយ។
អ្នកស្រី ព្រំ ចាន់ថា បានក្លាយជាសកម្មជនម្នាក់ដែលហ៊ានចេញមុខតវ៉ាប្រឆាំងនឹងការចាប់ខ្លួននេះ នៅគ្រាដែលសេរីភាពនៃការបញ្ចេញមតិ និងប្រមូលម្តុំ ត្រូវបានមើលឃើញថារឹតបន្តឹងកាន់តែខ្លាំង។ ចំណែកលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាត្រូវបានមើលឃើញថាកាន់តែធ្លាក់ចុះ ដោយសារការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា មិនមានវត្តមានគណបក្សជំទាស់ដែលមានសក្តា នុពលប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច។
អ្នកស្រី ព្រំ ចាន់ថា ដែលចេញមុខតវ៉ានៅតុលាការ និងតាមបណ្តាស្ថានទូតប្រជាធិបតេយ្យ មួយចំនួន មើលឃើញថាការបោះឆ្នោតខាងមុខនេះ មិនមានន័យអ្វីឡើយសម្រាប់អ្នកស្រី និងប្រជាពលរដ្ឋផ្សេងទៀត។
អ្នកស្រីបញ្ជាក់ថា៖ «គ្មានន័យទេសម្រាប់ប្រជាពលរដ្ឋ។ ប៉ុន្តែគាត់នៅតែទៅបោះអញ្ចឹង។ សិទ្ធិរបស់គាត់ គាត់ចង់គូសម៉េច ជារឿងរបស់គាត់ សិទ្ធិរបស់គាត់»។
អ្នកស្រីបន្ថែមថា៖ «ហេតុអីខ្ញុំមានអារម្មណ៍សោកស្តាយ អំណាចលើគាត់ គាត់ចង់ធ្វើអីក៏បាន។ អញ្ចឹងអត់មានអីជំទាស់។ អត់មានគណបក្សជំទាស់ សួរថារីកចម្រើនត្រង់ណា? វាដូចជាកុម្មុយនីស្តសាដើមឡើងវិញអញ្ចឹង»។
សកម្មជនសង្គមផ្សេងទៀត ក៏កំពុងបន្តសកម្មភាពរបស់ពួកគេក្នុងការចូលរួមសកម្មភាពសង្គម ទាមទាររកយុត្តិធម៌សង្គម និងឈឺឆ្អាលរឿងបញ្ហាបរិស្ថានជាដើម។
លោក កើត សារ៉ាយ អាយុ ៣៥ឆ្នាំ ជាអតីតព្រះសង្ឃដែលធ្លាប់ជាប់ពន្ធនាគារ។ បច្ចុប្បន្ននេះ លោកធ្វើសកម្មភាពក្នុងនាមជាប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ។ លោកថ្លែងថា លំហនៃការធ្វើសកម្មភាពនយោបាយបច្ចុប្បន្ននេះ តូចចង្អៀត ដែលធ្វើឱ្យគណបក្សប្រឆាំងលំបាកក្នុងការប្រកួតប្រជែង ហើយសកម្មជនគណបក្សជំទាស់លំបាកក្នុងការធ្វើនយោបាយ។
លោកប្រាប់វីអូអេថា៖ «ជាក់ស្តែងថ្មីៗ មានការចាប់ខ្លួនសកម្មជនគណបក្សភ្លើងទៀនជាញឹកញយ អាហ្នឹងហើយបានវាបង្ហាញថាគម្លាតនៃនយោបាយវាតឹងចង្អៀតណាស់។ វាអាក្រក់ ហើយវានឹងធ្វើឱ្យស្ថានភាពនយោបាយនៅកម្ពុជាអស្ថិរភាពភាពនយោបាយនៅពេលខាងមុខ»។
ចំណែក លោក សាន់ ម៉ាឡា ជាសកម្មជនបរិស្ថាន និងសិទ្ធិមនុស្សម្នាក់ ដែលមានវ័យ ៣០ឆ្នាំ ធ្លាប់ជាប់ពន្ធនាគារជាង១០ខែ ដោយសារសកម្មភាពតស៊ូមតិក្នុងការទប់ស្កាត់ការបូមខ្សាច់ក្នុងខេត្តកោះកុង កាលពីឆ្នាំ២០១៥។ លោកប្រាប់វីអូអេថា លោកសោកស្តាយដែលគណបក្សជំទាស់មិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិនេះ។ លោកចង់ឃើញកម្ពុជាមានសភាដែលដឹកនាំដោយចម្រុះគណបក្ស។
លោកប្រាប់វីអូអេថា៖ «យើងមិនចង់ឃើញរដ្ឋសភាឯកបក្ស ដែលមិនមានសំឡេងពីគណបក្សផ្សេងទេ ដូចយើងឃើញរយៈកាលកន្លងមក នៅពេលរដ្ឋសភាខ្វះសំឡេងពីគណបក្សផ្សេង ច្បាប់ឬក៏អ្វីទាំងឡាយដែលជាផលប្រយោជន៍របស់គណបក្សកាន់អំណាចតែងតែត្រូវបានអនុម័តដោយរលូន និងគ្មានការជំទាស់»។
លោកព្រួយបារម្ភថា រដ្ឋាភិបាលនឹងបន្តរឹតបន្តឹងសិទ្ធិសេរីភាពក្នុងការសម្តែងមតិ ការជួបជុំប្រមូលផ្តុំរបស់ប្រជាពលរដ្ឋនៅពេលខាងមុខ។
លោកបញ្ជាក់ថា៖ «សម្រាប់យើងជាសកម្មជន ជាសង្គមស៊ីវិល អ្វីដែលយើងអាចធ្វើបាន គឺបន្តបណ្តុះបណ្តាលប្រជាពលរដ្ឋលើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅទៅដល់ក្រុមអ្នកដែលគាត់មានសេចក្តីក្លាហាននៅក្នុងការចូលរួមសម្តែងមតិ ក្នុងការចូលរួមសកម្មភាពសាធារណៈឱ្យមានភាពកក់ក្តៅ និងមិនមានអារម្មណ៍ឯកោ។ បច្ចុប្បន្ននេះយើងកំពុងកសាងនូវស្មារតីសាមគ្គីភាពជាមួយគ្នា ធ្វើម៉េចបន្តធ្វើដំណើរនៅលើផ្លូវមួយត្រឹមត្រូវ រួមចំណែកកសាងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាយើង»។
ចំណែកសកម្មជននយោបាយគណបក្សជំទាស់ក៏ប្រឈមនឹងការលំបាកដូចគ្នា ប៉ុន្តែនៅតែចង់ឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យនៅពេលខាងមុខ បើទោះត្រូវប្រឈមនឹងច្បាប់បោះឆ្នោតថ្មីដែលស្នើដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយត្រូវបានប្រកាសឱ្យប្រើប្រាស់កាលពីដើមខែកក្កដា។
លោក ថន ចន្ថា ប្រធានស្ដីទីចលនាយុវជនថ្នាក់ជាតិគណបក្សភ្លើងទៀន អាយុ៣៧ឆ្នាំ ថ្លែងថាលោកនឹងទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ដើម្បីរក្សាសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យនាពេលខាងមុខ។
លោកប្រាប់វីអូអេថា៖ «សម្រាប់ខ្ញុំ ខ្ញុំនឹងទៅបោះឆ្នោត ដោយសារយើងធ្វើទៅតាមច្បាប់។ ខ្ញុំចូលរួមសកម្មភាពនយោបាយ ខ្ញុំជាថ្នាក់ដឹកនាំមួយរបស់គណបក្សភ្លើងទៀន ហើយខ្ញុំមានបំណងនឹងឈរជាបេក្ខជនអ្វីមួយនៅពេលខាងមុខ ដូច្នេះហើយខ្ញុំមានតែធ្វើទៅតាមច្បាប់ ធ្វើទាំងបង្ខំចិត្តទៅតាមច្បាប់»។
សកម្មជននយោបាយរូបនោះ ក៏ស្នើប្រទេសប្រជាធិបតេយ្យដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលនាំកម្ពុជាមានការបោះឆ្នោតតាំងពីឆ្នាំ១៩៩៣ ពិនិត្យមើលស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជា។
លោកថ្លែងថា៖ «អាចឱ្យគ្រប់ភាគីដែលមាននិន្នាការប្រឆាំងក៏ដោយ ស្របក៏ដោយ គឺអាចចូលរួមប្រកួតប្រជែង ដោយស្មើភាពដោយសេរី ដោយត្រឹមត្រូវចំពោះមុខច្បាប់»។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់វីអូអេថា ការស្តាយស្រណោះដែលគណបក្សភ្លើងទៀនមិនអាចចូលរួមការបោះឆ្នោតបាន វាហួសពីការពន្យល់របស់លោក។ លោកបន្ថែមថា គណបក្សភ្លើងទៀនមិនបានរៀបចំខ្លួន ដើម្បីចូលរួមក្នុងការបោះឆ្នោតនេះឡើយ។
អ្នកស្រី ព្រំ ចាន់ថា សកម្មជនស្រ្តីថ្ងៃសុក្រ និងជាអ្នកតំណាងក្រុមដែលតែងតែចេញតវ៉ាទាមទារឱ្យដោះលែងស្វាមី ចង់ឃើញប្រទេសកម្ពុជាមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យពេញលេញនៅពេលខាងមុខ ហើយស្វាមីរបស់អ្នកស្រី ដែលជាអ្នកនយោបាយគណបក្សជំទាស់មួយអាចធ្វើនយោបាយបានដោយសេរី។
អ្នកស្រីថ្លែងថា៖ «ធម្មតាមិនមែនកាន់អំណាចរហូតទេ។ អញ្ចឹងការផ្លាស់ប្តូរនឹងមាន។ ខ្ញុំនៅតែមានសង្ឃឹមជានិច្ចសម្រាប់ប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស»៕