Your browser doesn’t support HTML5
លោក វន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងមនុស្សចំនួន២២នាក់ផ្សេងទៀតត្រូវនាំខ្លួនមកកាត់ទោសកាលពីថ្ងៃសុក្រសប្តាហ៍មុនដោយសាលាដំបូងរាជធានីភ្នំពេញ។ ប៉ុន្តែសកម្មជនសិទ្ធិមនុស្សបានរិះគន់ការកាត់ទោសនេះ។ ជនទាំងនេះត្រូវចាប់ខ្លួនក្នុងការបង្រ្កាបបាតុកម្មយ៉ាងហិង្សាជាបន្តបន្ទាប់កាលពីខែមករាឆ្នាំ២០១៤នេះ។
លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការលីកាដូនិយាយក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃទីច័ន្ទទី២៩ខែមេសាថា លោកសង្ឃឹមថាទស្សនកិច្ចរបស់លោកស្រីតំណាងអង្គការសហប្រជាជាតិនឹងជួយដល់ការដោះលែងជនជាប់ចោទខាងលើបាន។ ជនទាំងនេះដែលលោកហៅថា គឺជា«អ្នកទោសនយោបាយ»។
ដោយឡែកអ្នកស្រី ប្រាក់ សុវណ្ណារី ភរិយាលោក វន់ ពៅ និយាយថា៖ «ខ្ញុំតែងតែមានសេចក្តីសង្ឃឹមទៅអ្នកស្រី។ ហើយដោយសារគាត់ផ្តោតទៅលើបញ្ហាសិទ្ធិមនុស្សគាត់នឹងសម្លឹងមើលអ្នកទាំង២១នាក់ ដែលកំពុងស្ថិតក្នុងគំនាបសិទ្ធិមនុស្ស»។
ទាំងលោកអំ សំអាត ទាំងអ្នកស្រីប្រាក់ សុវណ្ណារី ជឿថា ការស្រុះស្រួលនយោបាយរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិនឹងជួយដោះលែងលោក វន់ ពៅ និងជនជាប់ចោទដទៃទៀតបាន៕