យុទ្ធនាការ​ឃោសនា​នៅ​ខេត្ត​សៀមរាប​ល្អ​ជាង​អាណត្តិ​មុនៗ

  • វង់ តារា

A Chinese boy looks at a dinosaur model as he poses for a photo in a Beijing mall.

ខេត្តសៀមរាប៖ ការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​ទាំងអស់​ដែល​បាន​ចុះ​ឈ្មោះ​ប្រកួត​ប្រជែង​ដណ្តើម​អាសនៈ​រដ្ឋ​សភា​នៅ​អាណត្តិ​ទី៥​នេះ បាន​បញ្ចប់​ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ។​

នៅ​ក្នុង​ខេត្ត​សៀមរាប​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធើ្វ​យុទ្ធនាការ​នៅ​ថ្ងៃ​ចុង​បញ្ចប់​នេះ។​
មិន​មាន​របាយ​ការណ៍​ស្តីពី​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ណាមួយ​កើត​ឡើង​ទេ​សម្រាប់​រយៈ​ពេល​ឃោសនា​ពេញ​មួយ​ខែ​នេះ​នៅ​ក្នុង​ខេត្ត​សៀមរាប។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្នុង​ខេត្ត​សៀមរាប​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​ប្រសើរ​ថ្ងៃសុក្រ​ទី២៦​ខែ​កក្កដា​នេះ​ គឺជា​ទឹក​បញ្ចប់​នៃ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​គណបក្ស​នយោបាយ​ទាំងអស់​ ដែល​បាន​ចុះ​ឈ្មោះ​ប្រកួត​ប្រជែង​ដណ្តើម​កៅអី​នាយក​រដ្ឋមន្ត្រី​អាណត្តិ​ទី៥។​

យុវជន​ចូលរួម​នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គណបក្សសង្គ្រោះជាតិ។


នៅ​គ្រប់​ខេត្តក្រុង​ដែល​គណបក្ស​នយោបាយ​ទាំងអស់​បាន​ដាក់​បេក្ខភាព​របស់​ខ្លួន​ចូល​ទៅ​ប្រកួត​គឺមាន​ការ​ឃោសនា​យ៉ាង​គគ្រឹក​គគ្រេង​ក្នុង​ក្តី​សង្ឃឹម​នៃ​ជ័យ​ជំនះ​រៀងៗ​ខ្លួន។​
ខេត្ត​សៀមរាប​ ដែល​ជា​ខេត្ត​ទេសចរណ៍​ប្រវត្តិ​សាស្ត្រ​របស់​កម្ពុជា​ដ៏​ល្បីល្បាញ​នៅ​ក្នុង​សកល​លោក​នោះ​ ក៏​មាន​សកម្ម​ភាព​ឃោសនា​យ៉ាង​អឹកធឹក​ មិន​ចាញ់​ខេត្តក្រុង​ដទៃ​ទៀត​ដែរ។​

ខេត្ត​សៀមរាប ​ដែល​មាន​ចម្ងាយ​ជាង​៣០០​គីឡូម៉ែត្រ​ពី​ក្រុង​ភ្នំពេញ​មាន​អាសនៈ​ចំនួន៦​សម្រាប់​គណបក្ស​នយោបាយ​ទាំងអស់​ដណ្តើម​យក​និង​មាន​គណបក្ស​ចំនួន​៧​បាន​ដាក់​បេក្ខភាព​របស់​ខ្លួន​មក​ប្រកួត​ប្រជែង។​

ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​រហូត​មក​ដល់​ពេល​បញ្ចប់​នេះ​ ការ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ក្នុង​ខេត្ត​សៀមរាប​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ល្អ​ មិន​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ធំ​ដុំ​ណាមួយ​កើត​ឡើង​ទេ។​

លោក​នឹម ​វ៉ាន់សំ​ ជា​ប្រធាន​គណៈ​កម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​សៀមរាប។​ លោក​បាន​មាន​ប្រសាសន៍​ថា​ បរិយាកាស​នៃ​ការ​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​ អាណត្តិ​នេះ​មើល​ឃើញ​ថា​ មាន​ភាព​ប្រសើរ​ជាង​អាណត្តិ​មុនៗ​ ជាពិសេស​ទៅ​លើ​ទឹកចិត្ត​របស់​អ្នក​គាំទ្រ​គណបក្ស​និមួយៗ។​

លោក​នឹម វ៉ាន់សំ​ថ្លែងថា៖ ​«ជាទូទៅ​សភាព​ការណ៍​នៃ​ការ​ឃោសនា​ប្រព្រឹត្ត​ទៅ​ដោយគគ្រឹក​គគ្រេង​ជាង​ឆ្នាំមុនៗ​ ហើយ​ថា​ ពាក់​ព័ន្ធ​ទៅ​នឹង​អំពើ​ ហិង្សា​ជា​លក្ខណៈ​ធ្ងន់ធ្ងរ​ វា​អត់​មាន​ទេ។​ បណ្តឹង​យើង​ទទួល​ប្រហែល​ជា​៦​បណ្តឹង​អី​ប៉ុណ្ណឹង។សកម្ម​ភាព​ជាក់ស្តែង​ដែល​ធ្វើ​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​ឬ​ទាក់ទង​នឹងបទ​ឧក្រិដ្ឋ​ វា​អត់​មាន។​ មាន​ការ​អត់​ធ្មត់​ច្រើន​ ដោយសារ​តែ​គណបក្ស​នយោបាយ​មាន​ការ​ចាស់​ទុំ​អញ្ចឹង​ទៅ»។​

លោក​ផល ប៊ុនគី​ ជា​លេខា​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ខុមហ្វ្រែល​ប្រចាំ​ខេត្ត​សៀមរាប​បាន​យល់​ស្រប។​

លោក​បាន​ថ្លែង​ថា ​ប្រជា​ពលរដ្ឋ​ដែល​ជា​អ្នក​គាំទ្រ​គណបក្ស​និង​ជា​ម្ចាស់​ឆ្នោត​នៅ​ក្នុង​អាណត្តិ​នេះ​ មាន​ការ​យល់​ដឹង​ច្រើន​ជាង​អាណត្តិ​មុនៗ។​

លោកផល ប៊ុន​គី​និយាយ៖​«យើង​ឃើញ​ការ​ហែក្បួន​នៅ​ឆ្នាំ​នេះ​មាន​ភាព​ប្រសើរ​ជាង​ឆ្នាំ​មុនៗ។​ យើង​ឃើញ​មាន​ពាក្យ​បណ្តឹង​ខ្លះៗ​ដែរ​ នៅ​ពេល​ឃោសនា​ហ្នឹង​ ដូចជា​ការ​ដក​ស្លាក​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​ដូច​ជា​មាន​ការ​គំរាម​កំហែង​ខ្លះៗ។​ តាម​ខ្ញុំ​សង្កេត​នៅ​ក្នុង​ការ​កំហែង​គំរាម​ធ្ងន់ធ្ងរ​នៅ​ក្នុង​ខេត្ត​សៀមរាប​គឺ​មិន​ទាន់​មាន​ទេ»។​

លោក​ហេង ឥទ្ធិពល​ អាយុ​៤៣​ឆ្នាំ​ជា​អ្នក​រត់​រឺម៉ក​ម៉ូតូ​ដឹក​ភ្ញៀវ​ទេសចរ​នៅ​ក្នុង​ខេត្ត​សៀមរាប​ ដែល​ជា​និច្ចកាល​បាន​ឃើញ​ការ​ហែក្បួន​របស់​គណបក្ស​នានា។​

លោក​បាន​និយាយ​ថា​ ឥរិយាបទ​របស់​ក្រុម​អ្នក​ហែក្បួន​ឃោសនា​នៅ​អាណត្តិ​នេះ​មើល​ទៅ​ឃើញ​ល្អ​ជាង​អាណត្តិ​មុនៗ។​

លោក​ហេង ឥទ្ធិពល​ជា​អ្នក​ចំណាក​ស្រុក​មក​រក​ស៊ី​នៅ​ក្នុង​ខេត្ត​សៀមរាប​និង​បាន​បោះឆ្នោត​នៅ​ក្នុង​ខេត្ត​នេះ​ពីរ​អាណត្តិ​មក​ហើយ។​

លោក​ឥទ្ធិពល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​រួចជា​ស្រេច​និង​បាន​ត្រៀម​ខ្លួន​រួច​រាល់​ផង​ដែរ​សម្រាប់​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ។​

លោក​បាន​និយាយ​ថា​ លោក​មិន​ប្រកាន់​ថា​ គណបក្ស​ណា​ឈ្នះ​ ចាញ់​អ្វី​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​លោក​ចង់​បាន​គឺ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ពិត​ប្រាកដ​ ពិសេស​គឺ​ការ​លើក​ស្ទួយ​ជីវភាព​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​មូល។​

លោក​ហេង ឥទ្ធិពល​និយាយ៖​ «អញ្ចឹង​បាន​ជា​ខ្ញុំ​ឃើញ​ថា​ ប្រជាជន​ក្រោក​ឡើង​ដូច​ថា​ ឃោសនា​បោះឆ្នោត​គគ្រឹក​គគ្រេង។​ ខ្ញុំ​សរសើរ​ ពីព្រោះ​ថា​មិន​ថា​ ប្រទេស​យើង​ទេ​ហ្ន៎​ដល់​សហគមន៍​អឺរ៉ុប​ ឬ​អាមេរិក​ បណ្តា​ប្រទេស​លើ​លោក គេ​សរសើរ​ខ្មែរ​យើង​ថា​ ខ្មែរ​យើង​ស្រឡាញ់​ជាតិ។​ ចង់​បាន​ប៉ុណ្ណឹង​ ខ្ញុំ​ឃើញ​ ខ្ញុំ​គាំទ្រ​បាទ»។​

នៅ​ក្នុង​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា​ មាន​តែ​គណបក្ស​បីបួន​ប៉ុណ្ណោះ​ដែល​មាន​សកម្ម​ភាព​ឃោសនា​ធំ​ដុំ​និង​សកម្ម​ជាង​គេ ​ដូចជា​ គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​សង្គ្រោះ​ជាតិ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​ ចាប់​តាំង​ពី​ការ​ឃោសនា​ថ្ងៃ​ដំបូង​រហូត​មក​ដល់​ទីបញ្ចប់​នេះ។​ ប្រទេស​កម្ពុជា​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​អាណត្តិ​ទី៥​នេះ​នៅ​ថ្ងៃទី​២៨​ខាង​មុខ​ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​៨​បាន​ចូល​រួម​ប្រកួត​ប្រជែង៕​