ការ​អំពាវនាវ​ឱ្យ​អ៊ីស្រាអែល​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នៅ​ហ្កាហ្សា​បាន​កើនឡើង

ជន​ជាតិ​ប៉ាឡេស្ទីន​ត្រួត​ពិនិត្យ​យាន​ជំនិះ​ដែល​មាន​ស្លាក​សញ្ញា World Central Kitchen ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​នៅ​ក្នុង​ក្រុង Deir al Balah តំបន់ហ្កាហ្សា កាល​ពី​ថ្ងៃ​ទី២ ខែ​មេសា ឆ្នាំ ២០២៤។

គេ​ឃើញ​មាន​ការ​អំពាវនាវ​កាន់តែ​ច្រើន​ថែម​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ឱ្យ​អ៊ីស្រាអែល​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​ខ្លួន​លើ​ក្បួន​រថយន្ត​នៅ​ក្នុង​តំបន់​ហ្កាហ្សា (Gaza) ដែល​បាន​សម្លាប់​បុគ្គលិក​ជំនួយ​អង្គការ World Central Kitchen ៧ នាក់។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu ត្រូវគេ​រំពឹង​ថា​នឹង​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ដំបូង​បង្អស់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​តាំងពី​ការ​វាយ​ប្រហារ​នោះ​បាន​កើតឡើង​មក។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Matthew Miller បាន​ប្រាប់​អ្នក​កាសែត​កាលពី​ថ្ងៃ​ពុធ​ថា អ៊ីស្រាអែល​ចាំបាច់​ត្រូវ​មាន​វិធានការ​ប្រសើរ​ជាង​មុន​ដើម្បី​ការពារ​បុគ្គលិក​មនុស្សធម៌​និង​ជន​ស៊ីវិល។

អង្គការ World Central Kitchen បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ខ្លួន​បាន​ស្នើ​ប្រទេស​អូស្ត្រាលី ចក្រភព​អង់គ្លេស កាណាដា ប៉ូឡូញ និង​សហរដ្ឋ​អាមេរិក​ឱ្យ​ទាមទារ​នូវ «ការ​ស៊ើបអង្កេត​ដ៏​ឯករាជ្យ​របស់​ភាគី​ទី​បី​លើ​ការ​វាយ​ប្រហារ​ទាំងនេះ ដែល​ក្នុង​នោះ​រួម​ទាំង​ថាតើ​ការ​វាយ​ប្រហារ​ទាំងនេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ចេតនា​ឬ​ក៏​រំលោភ​លើ​ច្បាប់​អន្តរជាតិ​ឬ​ក៏​អត់»។

អ្នក​ដែល​ត្រូវបាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​កាលពី​ថ្ងៃ​ចន្ទ​នោះ​គឺ​មាន​ជនជាតិ​ប៉ាឡេស្ទីន​ម្នាក់ ចក្រភព​អង់គ្លេស ៣ នាក់ ប៉ូឡូញ​ម្នាក់ អូស្ត្រាលី​ម្នាក់ និង​ម្នាក់​ទៀត​មាន​សញ្ជាតិ​ពីរ​គឺ​កាណាដា​និង​អាមេរិក។

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Anthony Albanese បាន​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការ​ឆ្លើយតប​របស់​អ៊ីស្រាអែល​គឺ​មិន​ទាន់​គ្រប់គ្រាន់​ទេ «ដែល​ក្នុង​នោះ​រួម​ទាំង​ការ​លើកឡើង​ថា​នេះ​គឺជា​លទ្ធផល​នៃ​សង្គ្រាម​ផងដែរ»។

នាយករដ្ឋមន្ត្រី​ប៉ូឡូញ​លោក Donald Tusk បាន​បញ្ជាក់​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប៉ូឡូញ​រំពឹង​ថា​នឹង​ទទួល​បាន​ការ​ពន្យល់​អំពី​អ្វី​ដែល​បាន​កើតឡើង​ក៏​ដូចជា​សំណង​សម្រាប់​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ផងដែរ។

ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​លើកឡើង​ថា រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Lloyd Austin «បាន​បង្ហាញ​កំហឹង​របស់​លោក​លើ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល» ក្នុង​អំឡុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ពុធ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល​លោក Yoav Gallant៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន Reuters និង​ទីភ្នាក់ងារ​សារព័ត៌មាន AFP។