ពិព័រណ៌​ទំនើប​អំពី​អាណាចក្រអង្គរ​ត្រូវ​បាន​ដាក់​បង្ហាញ​ជា​លើក​ដំបូង​នៅ​សហរដ្ឋ​អាមេរិក

រូបភាពដកស្រង់ពីគេហទំព័ររបស់មជ្ឈមណ្ឌលវិទ្យាសាស្ត្រកាលីហ្វ័រញ៉ា (California Science Center) បង្ហាញពីភាពយន្តបញ្ចាំង​ដោយបច្ចេកវិទ្យាភាពយន្តខ្នាតធំ​ IMAX និង 3D ពិសេស ជាផ្នែកមួយនៃពិព័រណ៌ 'Angkor: The Lost Empire of Cambodia' ដែលបើកដំណើរការជាសាធារណៈកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២។

ប្រាសាទ​អង្គរ​វត្ត​របស់​ប្រទេស​កម្ពុជា​ដែល​មាន​ប្រវត្តិ​ដ៏​យូរលង់​មក​ហើយ ត្រូវបាន​ក្លាយ​ជា​ប្រធានបទ​នៃ​ពិព័រណ៌​ដ៏​ធំ​មួយនៅ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​កាលីហ្វ័រញ៉ា (California Science Center) ក្នុងភាគខាងលិចសហរដ្ឋអាមេរិក នា​ឆ្នាំ​នេះ។

​ពិព័រណ៌ «Angkor: The Lost Empire of Cambodia»​ ឬ​ជា​ភាសា​ខ្មែរ ​«អង្គរ៖ អាណាចក្រ​ដែល​កប់បាត់​របស់​កម្ពុជា​» ត្រូវបាន​សម្ពោធ​ឲ្យ​សាធារណជន​ទិញ​សំបុត្រ​ចូល​ទស្សនា នៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា កាលពី​ថ្ងៃទី ១៦ ខែកុម្ភៈ​កន្លង​ទៅ។ ពិព័រណ៌​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​នេះ​មាន ដាក់​បង្ហាញ​ប្រវត្តិសាស្ត្រ​ដ៏​យូរ​អង្វែងនៃ​អាណាចក្រ​អង្គរ​ស្ថាបត្យកម្ម​ អច្ឆរិយ្យ​រូប​សំណាក​បែប​សាសនា​ដែល​មាន​អាយុកាល​រាប់​រយឆ្នាំ និង​កំណាយ​វត្ថុបុរាណ​របស់​ក្រុម​បុរាណវិទូ​នៅ​ជំុវិញ​ប្រាសាទ​អង្គរវត្ត។

អ្វី​ដែល​ពិសេស​ក្នុង​ពិព័រណ៌​ដ៏​កម្រ​មួយ​នេះ គឺ​ការ​ដាក់​តាំង​វត្ថុ​បុរាណ​ដ៏​មាន​តម្លៃ​ ដែល​ឆ្លុះ​បង្ហាញ​ពី​វប្បធម៌ និង​អច្ឆរិយ្យ​នៃ​ស្ថាបត្យកម្មរបស់​កម្ពុជា​នា​យុគសម័យ​អង្គរប្រមាណ ១២០។ ​ក្នុង​នោះ​ស្ទើរតែ​ពាក់កណ្តាល​ត្រូវបាន​ដាក់​បង្ហាញ​ជូន​សាធារណជន​ជា​លើក​ដំបូង​ផងដែរ។

រូបភាពដកស្រង់ពីគេហទំព័ររបស់មជ្ឈមណ្ឌលវិទ្យាសាស្ត្រកាលីហ្វ័រញ៉ា (California Science Center) បង្ហាញពីភាពយន្តបញ្ចាំង​ដោយបច្ចេកវិទ្យាភាពយន្តខ្នាតធំ​ IMAX និង 3D ពិសេស ជាផ្នែកមួយនៃពិព័រណ៌ 'Angkor: The Lost Empire of Cambodia' របស់មជ្ឈមណ្ឌលវិទ្យាសាស្ត្រកាលីហ្វ័រញ៉ា។

បន្ថែម​លើ​នេះ ភាពយន្ត​ឯកសារ​ចំណងជើងថា «Angkor 3D: The Lost Empire of Cambodia» ​ដែល​ពណ៌នា​អំពី​ប្រវត្តិ​ដើម​កំណើត​ភាព​អស្ចារ្យ​នៃ​ស្ថាបត្យកម្មប្រាង្គប្រាសាទ​អង្គរវត្ត វប្បធម៌​ប្រពៃណី​ខ្មែរ ភាព​រុង​រឿង​របស់​អាណាចក្រ​អង្គរ​ និង​មូលហេតុ​នៃ​ការ​ធ្លាក់ចុះរបស់​អាណាចក្រ​ដ៏​អស្ចារ្យ​មួយ​នេះ ត្រូវបាន​ចាក់​បញ្ចាំង​ដោយបច្ចេកវិទ្យាភាពយន្តខ្នាតធំ​ IMAX និង 3D ពិសេស ដែល​អនុញ្ញាត​ឲ្យ​អ្នក​ទស្សនា​ហាក់​ដូចជាចូល​ទៅ​មើល​ក្នុង​អាណាចក្រ​អង្គរ​ផ្ទាល់។​

តាមរយៈ​ភាពយន្ត​ឯកសារនេះ អ្នក​ទស្សនា​អាច​ឈ្វេង​យល់ដឹង​អំពី​អច្ចរិយ្យ​នៃ​អាណាចក្រ​ខ្មែរ​ក្នុង​ចន្លោះ​សតវត្សរ៍​ទី ៩ និង​សតវត្សរ៍​ទី ១៥ និង​បញ្ហាខ្លះៗ ដូចជា​ការ​ប្រែប្រួល​អាកាសធាតុ​ជា​ដើម ដែល​ក្រុម​អ្នក​វិទ្យាសាស្ត្រ​និង​អ្នក​ជំនាញ​បុរាណវិទ្យា​បាន​ចាត់ទុក​ថា​ជា​ដើមហេតុ​បណ្តាល​ឲ្យមាន​ការធ្លាក់ចុះនៃ​អាណាចក្រ​អង្គរ​ដ៏​មហិមា​មួយ​នេះ នា​ចុង​សតវត្សរ៍​ទី ១៦។ អ្នក​ទស្សនា​ក៏​បាន​ឃើញ​ទិដ្ឋភាព​នៃ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ក្នុង​អំឡុង​ពេល​នោះ រួមទាំង​ការ​ប្រតិបត្តិ​ប្រពៃណី​សាសនាផងដែរ។

ខ្សែភាពយន្ត​ដែល​មាន​រយៈពេល​ប្រមាណ ៤០ នាទីនេះ ត្រូវបាន​ដឹកនាំ​ផលិត​ដោយ​លោក Murray Pope និង​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន Definition Films, Helio Projects Asia និង K2 Studios សម្រាប់​ពិព័រណ៌​ «Angkor: The Lost Empire of Cambodia» នេះ។

បើ​តាម​ការ​ចែក​រំលែក​តាមបណ្តាញ​សង្គម ​អ្នក​ទស្សនា​ពិព័រណ៌​នេះ​ខ្លះ​បាន​បង្ហាញ​ពី​ភាព​ស្ងប់ស្ងែង​និង​អារម្មណ៍​រំភើប​របស់​ខ្លួន ​ដែល​បាន​ឃើញ​ទិដ្ឋភាព​នៃ​អច្ឆរិយ្យ​ដ៏​អស្ចារ្យ​មួយ​របស់​ខ្មែរ​កាលពី​អតីតកាល តាម​រយៈ​វត្ថុ​បុរាណ​ដ៏​មាន​តម្លៃ​របស់​កម្ពុជា និង​ភាពយន្ត​ឯកសារ​ដែល​ពណ៌នា​និង​បង្ហាញ​អំពី​ប្រវត្តិសាស្ត្រ​នៃ​អាណាចក្រ​អង្គរ​យ៉ាង​ល្អិតល្អន់។

គណនីយ ​Instagram សាធារណៈមួយ (@cambfromnothing) បាន​សរសេរ​ថា«ខ្ញុំ​និង​ក្រុមគ្រួសារ​ពិតជា​រំភើបណាស់​ដែល​បាន​ទស្សនា​ពិព័រណ៌ «Angkor: The Lost Empire of Cambodia» និង​ភាពយន្ត​ខ្នាតធំ IMAX «Angkor 3D»។ តាមរយៈ​វត្ថុបុរាណ​ចំនួន ១២០ ដែល​ពាក់កណ្តាល​ត្រូវបាន​ដាក់តាំង​ជា​លើក​ដំបូង​នៅ​ក្រៅ​ប្រទេស​កម្ពុជា និង​ការ​តាំង​ពិព័រណ៌​នានា យើង​បាន​ដឹង​អំពី​ភាព​រុង​រឿង​និង​ភាព​ខ្ទិចខ្ទាំ​នៃ​អាណាចក្រ​អង្គរ និង​កេរតំណែល​ដ៏​យូរ​អង្វែង​នៃ​អាណាចក្រ​នេះ​ផងដែរ»។

ពិព័រណ៌​ដ៏​ធំ​និង​កម្រ​មួយ​នេះ​នឹង​បន្ត​បើក​ជូន​ជា​សាធារណៈ​រហូត​ដល់​ជិត​ពាក់​កណ្តាល​ខែ​មិថុនា ឆ្នាំ ២០២២ នៅ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​កាលីហ្វ័រញ៉ា ជា​ទីកន្លែង​តាំង​ពិព័រណ៌​និង​មជ្ឈមណ្ឌល​ធនធាន​ស្រាវជ្រាវ​មួយ​ នៅភាគខាងត្បូង​រដ្ឋ​កាលីហ្វ័រញ៉ា ដែល​មាន​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ និង​ជន​អន្តោប្រវេសន៍​ខ្មែរ​ប្រមាណ ៣ សែន ៤ ម៉ឺន​នាក់ រស់នៅ​ច្រើន​ជាង​គេ​បង្អស់​នៅ​សហរដ្ឋ​អាមេរិក៕