អ្នកបោះឆ្នោតប៊ូរុនឌីប្រមាណ៥លាននាក់នៅប្រទេសភាគខាងកើតទ្វីបអាហ្វ្រិកមួយនេះបានទៅបោះឆ្នោតកាលពីថ្ងៃពុធ ក្នុងអំឡុងមានវិបត្តិជំងឺរាតត្បាតកូវីដ១៩ ដើម្បីជ្រើសរើសបេក្ខជនដែលនឹងត្រូវស្នងតំណែងប្រធានាធិបតី Pierre Nkurunziza ដែលកាន់តំណែងដ៏ចម្រូងចម្រាសអស់១៥ឆ្នាំ។
មានបេក្ខជនចំនួន៧រូបបានប្រកួតគ្នាដើម្បីតំណែងប្រធានាធិបតីស្នងលោក Nkurunziza ដែលនៅក្នុងអំឡុងការកាន់អំណាចរបស់លោក ការស៊ើបអង្កេតមួយរបស់អង្គការសហប្រជាជាតិរកឃើញថាអាជ្ញាធរបានបង្ក្រាបការបះបោរររបស់ប្រជាជនមួយនិងនាំឲ្យស្លាប់មនុស្សរាប់រយនាក់។
ការបោះឆ្នោតកាលថ្ងៃពុធធ្វើឡើងខណៈមានការបន្តផ្ទុះរាតត្បាតនៃវីរុសកូរ៉ូណាដែលបង្កជំងឺកូវីដ១៩ ហើយដែលមកទល់នឹងពេលនេះ ប្រទេសប៊ូរុនឌីបានរាយការណ៍ពីការឆ្លង៤២ករណីនិងអ្នកស្លាប់តែម្នាក់ប៉ុណ្ណោះ ក្នុងចំណោមប្រជាជន១១លាននាក់របស់ខ្លួន។
រដ្ឋាភិបាលប៊ូរុនឌីមិនបានខ្វល់ខ្វាយពីការគំរាមគំហែងពីជំងឺកូវីដ១៩ទេ ដោយអនុញ្ញាតឲ្យមានការជួបជុំធំៗក្នុងយុទ្ធនារឃោសនាបោះឆ្នោតនិងមិនរឹតត្បិតការធ្វើដំណើររបស់ពលរដ្ឋឡើយ។ រដ្ឋាភិបាលបានបណ្តេញតំណាងអង្គការសុខភាពពិភពលោកដែលបានសម្តែងការបារម្ភអំពីរឿងនេះ ហើយការបោះឆ្នោតកាលពីថ្ងៃ ពុធមិនមានអ្នកសង្កេតការបរទេសទេដោយជនបរទេសដែលធ្វើដំណើរមកប៊ូរុនឌីត្រូវជាប់ការស្ថិតនៅដាច់ពីគេរយៈ១៤ថ្ងៃ៕