ភូមា​ប្រាប់​ឱ្យ​កម្ពុជា​រៀនសូត្រ​តាម​ខ្លួន​ខាង​ផ្នែក​ប្រជាធិបតេយ្យ

មេដឹកនាំ​គណបក្ស​ប្រឆាំង​ភូមា លោកស្រី Aung San Suu Kyi និង​អនុ​រដ្ឋ​មន្រ្តី​ក្រសួង​កិច្ចការ​ព្រំដែន​លោក​វរៈសេនីយត្រី Zaw Win ចូលរួម​ក្នុង​ពិធី​ខួប​ទី​៦៨ នៃ​ទិវា​កងទ័ព​ជាតិ​ក្នុង​រដ្ឋធានី Naypyidaw នៃ​ប្រទេស​ភូមា នៅ​ថ្ងៃ​ទី២៧ ខែមិនា ឆ្នាំ២០១៣។

​ភ្នំពេញ៖ មន្ត្រី​ផ្លូវការ​នៃ​អតីត​ប្រទេស​របប​សឹក​ភូមា​បាន​ប្រកាស​ថា ​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យរបស់​ភូមា ​មាន​ការវិវត្តន៍​ទៅ​មុខ​លឿន​ជា​ង​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ហើយ​ប្រទេស​កម្ពុជា​គួរ​តែ​រៀន​សូត្រ​ពី​ប្រទេស​ភូមា។

ប៉ុន្តែ​ក្រុម​មន្ត្រី​រដ្ឋា​ភិបាល​កម្ពុជា​ បាន​ស្តី​បន្ទោស​ស្ថានភាព​បច្ចុប្បន្ន​នៃ​ប្រទេស​ភូមា​ដែល​កំពុង​ស្ថិត​ក្នុង​ភាព​ច្របូក​ច្របល់​នៃ​សង្គ្រាម​ផ្ទៃ​ក្នុង​និង​បរិបថ​ខុសគ្នា​នៃ​ស្ថានការណ៍​នយោបាយ។

ប្រទេស​ភូមា​បាន​ស្ថិត​ក្រោម​របប​ដឹកនាំ​ដោយ​យោធា​ផ្តាច់ការ​អស់​រយៈ​ពេល៥០ឆ្នាំ ហើយ​របប​សឹក​បាន​ចាប់​មេដឹកនាំ​គណបក្ស​ជំទាស់​លោក​ស្រី ​Aung ​San ​Suu ​Kyi ​ដាក់​ឃុំឃាំង​ក្នុង​គេហដ្ឋាន​ក្រោម​ការ​ឃ្លាំ​មើល​អស់​រយៈ​ពេល​២០​ឆ្នាំ ​មុននឹង​អនុញ្ញាត​ឲ្យ​លោក​ស្រី​ចូលរួម​ការបោះឆ្នោត​កាល​ពី​ឆ្នាំ​២០១២ ​ហើយ​ប្រទេស​នេះ​បាន​បើក​ទ្វារ​ទៅ​រក​ការ​កែ​ទម្រង់​ជា​ច្រើន​ក្នុង​ពេល​បច្ចុប្បន្ន។

លោក​កូ ​កូ ​ឡាំង​ ប្រធាន​ទីប្រឹក្សា​នយោបាយ​របស់​លោកប្រធានា​ធិបតី​ថេន​ សេន ​នៃ​ប្រទេស​ភូមា​បាននិយាយ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​អ្នកយក​ព័ត៌មាន​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ជា​ខេមរ​ភាសា​ក្នុង​ទី​ក្រុង​វ៉ាស៊ីនតោន ​កាល​ពី​ថ្ងៃ​ពុធ ​ថា​បើ​ទោះ​ជា​ប្រទេស​ភូមា​ជា​ប្រទេស​ក្នុង​អន្តរកាល​នៃ​ប្រជាធិប​តេយ្យ​ថ្មីជាង​ប្រទេស​កម្ពុជា ​ប៉ុន្តែ​លោក​គិត​ថា​ប្រទេស​ភូមា ​«​បោះ​ជំហាន​ទៅមុខ​បាន​លឿន​ជាង​ប្រទេស​កម្ពុជា ​ហើយ​ភូមា​បើក​ទូលាយ​ជាង​ប្រទេស​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ»។

លោក​កូ កូ ​ឡាំង ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ក្រោយ​ពី​សន្និសីទ​ស្តីពី​ការត្រៀម​ខ្លួន​ធ្វើជា​ប្រធាន​សមាគម​អាស៊ាន​របស់​ប្រទេស​ភូមា​នៅ​សាកល​វិទ្យាល័យ​អាមេរិកាំង​ក្នុង​ក្រុងWashington។​ប្រទេស​ភូមានឹង​ត្រូវ​ឡើង​ធ្វើ​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ឆ្នាំ​២០១៤​បន្ទាប់​ពី​ប្រទេស​ប្រ៊ុយណេ។

ទីប្រឹក្សា​លោក​ប្រធានា​ធិបតី​ថេន ​សេន ​ដដែល​បាន​និយាយ​យោង​ទៅ​ដល់​ការ​បើក​ឱកាស​ឲ្យ​ដល់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​និង​ចលនា​នៃ​សង្គម​ស៊ីវិល​រួមទាំង​ស្ថានភាព​បោះឆ្នោត​កាលពី​ឆ្នាំ​២០១២​ដែល​លោក​ហៅ​ថា​គឺ​ជា​ការបោះឆ្នោត​«ដោយ​សេរី​និង​យុត្តិធម៌»។

លោក​កូ​ កូ ​ឡាំង​ និយាយ​ដោយ​មោទនភាព​ថា​ប្រទេស​កម្ពុជា​«គួររៀន​ពីប្រទេស​ភូមា​ជាពិសេស​សម្រាប់​កំណែ​ទម្រង់​នយោបាយ​ពិត​ប្រាកដ»។

​មន្ត្រី​ជាន់​ខ្ពស់​ភូមា​ដដែល​លើក​ជា​ឧ​ទាហរណ៍​ថា​គណបក្ស​ប្រជាជន ​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​«គឺ​ជា​គណបក្ស​តែ​មួយ​គត់​ដែល​ឈ្នះ​ឆ្នោត​ជា​បន្ត​បន្ទាប់។ ហេតុ​ដូច​ម្តេច​បាន​ជា​ដូច្នេះ?»។

​សេចក្តី​ថ្លែងការណ៍​របស់​ប្រធាន​ទីប្រឹក្សា​នយោបាយ​របស់​លោក​ប្រធានា​ធិបតី​ថេន​ សេន​ នៃ​ប្រទេស​ភូមាធ្វើ​ឡើង​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​អង្គការ​តម្លាភាព​អន្តរជាតិ​បានចេញ​ផ្សាយរបាយការណ៍​មួយ​ដែល​ថា​ប្រទេស​កម្ពុជា​មាន​កម្រិត​អំពើ​ពុក​រលួយ​ខ្ពស់​ជាងគេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​គឺ​ពុក​រលួយ​ខ្លាំង​ជាង​ប្រទេស​ឡាវ​និង​ប្រទេស​ភូមា។

​លោក​ផៃ​ ស៊ីផាន ​រដ្ឋ​លេខា​ធិការ​និង​ជា​អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​សម្តែង​ភាព​សោះ​អង្គើយចំពោះ​សេចក្តី​អត្ថាធិប្បាយ​ខាងលើ​ប៉ុន្តែ​លោក​បាន​ព្រមាន​អំពី​ការ​ប្រើ​ប្រាស់​វោហា​ស័ព្ទ​គួរតែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដោយ​ចៀស​វាង​ការ​ប្រៀបធៀប​បែប​នេះ។​

​«ប៉ុន្តែ​ការ​រៀន​សូត្រ​ថា​តើ​ប្រទេស​ភូមា​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​ឆ្លើយ​តប​នឹង​ការ​អភិវឌ្ឍ​លទ្ធិ​ប្រជា​ធិបតេយ្យ?​ ​តើ​ប្រទេស​ភូមា​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​ស្រោច​ស្រង់​ប្រជា​ពលរដ្ឋនៅ​ពេល​ដែល​មាន​សង្គ្រាម​ស៊ីវិល? តើ​ប្រទេស​ភូមា​បាន​ធ្វើ​អ្វី​ខ្លះសម្រាប់​ពួក​ផ្តាច់​ខ្លួន? បើ​សិន​យើង​មើល​គ្រប់​ជ្រុង​ជ្រោយ​កន្លែង​ទាំង​នេះ​ធៀប​ជាមួយ​ប្រទេស​កម្ពុជា​គឺ​បរិបថ​ខុសគ្នា​ដូច​មេឃ​និង​ដី»។

​ដោយ​ឡែក​លោក​ខៀវ ​កាញ៉ារិទ្ធ​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​និង​ជា​អ្នក​នាំពាក្យ​រដ្ឋា​ភិបាល​ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណើរការ​នៃ​«លទ្ធិ​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ»​តាម​រយៈ​ការជាប់​ឆ្នោត​របស់​គណបក្ស​ជំទាស់​ដែល​បាន​កើន​ចំនួន​អាសនៈ​ចំនួន​ទ្វេ​ដង។

​ដោយ​ឆ្លើយ​តប​ទៅ​នឹង​ទី​ប្រឹក្សា​នយោបាយ​របស់​ប្រធានា​ធិបតី​ភូមា​ដែល​បាន​ចោទសួរ​អំពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជាប់​ឆ្នោត​ជា​បន្ត​បន្ទាប់​នោះ​ លោកខៀវ​ កាញ៉ារិទ្ធ ​លើក​ឡើងថា​ដោយសារ​គណបក្ស​របស់​លោក​ធ្វើ​ការជិតស្និទ្ធ​ជាមួយ​ម្ចាស់ឆ្នោត។

​លោក​ខៀវ ​កាញ៉ារិទ្ធ​ ថ្លែងថា​ប្រទេស​កម្ពុជា​មិន​បាន​ធ្វើ​ឬក​ជា​ប្រទេស​គំរូ​បែប​ប្រជាធិបតេយ្យ​នោះ​ទេដោយសារ​តែ​ប្រទេស​នីមួយៗ​មាន​ប្រវត្តិ​និង​ជំហាន​រៀងៗ​ខ្លួន​ក្នុង​ការឈាន​ដល់​គោលដៅ​ប្រជាធិប​តេយ្យ។​ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ពោល​បញ្ឆិត​បញ្ឆៀង​ថា​យ៉ាង​ហោច​ណាស់​ប្រទេស​កម្ពុជា​«មិន​មាន​សង្គ្រាម​ស៊ីវិល​ទៀត​ទេ»។​

លោកអ៊ូ​ វីរៈ ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​ទើប​តែ​បាន​ចូល​រួម​កិច្ច​ប្រជុំ​ស្តីពី​ស្ថាន​ភាព​នយោបាយ​នៅ​ប្រទេស​ភូមា​កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ (លោក)​មាន​ប្រសាសន៍​ថា​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេស​ភូមា​កំពុង​ស្ថិត​នៅ​ពី​ក្រោយ​ប្រទេស​កម្ពុជា​នៅ​ឡើយ។​

«ខ្ញុំ​មើល​ទៅ​ប្រទេស​កម្ពុជា​នៅ​គ្រាន់​បើ​ជាង​ផ្នែក​ប្រជាធិប​តេយ្យ​ប៉ុន្តែ​ការ​គ្រាន់​បើ​នេះ​នៅ​មាន​កម្រិត​ធ្ងន់។ ​[នៅ​ភូមា]​ ទាហាន​នៅ​មាន​អំណាច​គ្រប់​គ្រង​សភា​ជាន់​ទាប​និង​សភា​ជាន់​ខ្ពស់​គឺ​មាន​ចំនួន​ប្រមាណ​១ភាគ​៣​នៃ​សមាជិក​សភា​ទាំង​ស្រុង។ ការ​វិនិយោគ​មិន​ទាន់​សេរី​ដូច​ប្រទេស​កម្ពុជា​ទេ។​រីឯ​វិទ្យុ​និង​ទូរទស្សន៍​តានតឹង​ស្រដៀង​ប្រទេស​កម្ពុជា​ដែរ»។​

​ប្រទេស​កម្ពុជា​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​ទាំង​ស្រុង​កាល​ពី​ឆ្នាំ១៩៩៨។​សង្គ្រាម​ស៊ីវិលនោះ​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​បី​ទសវត្សរ៍។

​ដោយឡែក​របប​សឹក​ភូមា​ក្រោយ​ពីបាន​ប្តូរ​របត់​ទៅ​រក​របប​ប្រជា​ធិបតេយ្យ​បានជួប​ប្រទះ​នូវ​ការប៉ះ​ទង្គិច​ដោយ​ប្រដាប់​អាវុធ​ផ្ទៃ​ក្នុង​រវាង​ជនជាតិ​និង​និន្នាការ​សាសនា។

ប្រទេស​ភូមា​ដែល​មាន​ប្រជាជន​សរុប​ចំនួន​៦០​លាន​នាក់​នឹង​ធ្វើការ​បោះឆ្នោត​សកល​នៅឆ្នាំ​២០១៥​ដែល​គឺជា​ការបោះឆ្នោត​ដែល​កំពុងស្ថិត​ក្រោម​ខ្សែ​ភ្នែក​តាម​ឃ្លាំ​មើល​របស់​សហគមន៍​អន្តរជាតិ​ស្តីពី​ដំណើរ​ការ​ប្រជាធិប​តេយ្យ​របស់​ប្រទេស​នេះ៕