នៅថ្ងៃចន្ទនេះ ប្រទេសប៊ុលហ្គារីត្រៀមលក្ខណៈសម្រាប់ការចរចាយូរនិងលំបាកអំពីការបង្កើតរដ្ឋាភិបាលចម្រុះ បន្ទាប់ពីមិនមានគណបក្សណាមួយឈ្នះដាច់នៅក្នុងការបោះឆ្នោតជ្រើសរើសរដ្ឋសភា ដែលនេះគឺជាលើកទី ៥ ហើយក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមដែលដឹកនាំដោយគណបក្ស GERB ដែលមានទស្សនៈកណ្ដាលស្ដាំនិយមរបស់លោកអតីតនាយករដ្ឋមន្ត្រី Boyko Borissov បានឈ្នះសំឡេងឆ្នោត ២៦,៥% នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។ ចំណែកឯក្រុមកំណែទម្រង់និយមមានទំនោរទៅរកបស្ចិមប្រទេសដែលដឹកនាំដោយគណបក្ស We Continue the Change (PP) ទទួលបានសំឡេងឆ្នោត ២៤,៩%។ នេះបើយោងតាមលទ្ធផលបឋមដែលផ្អែកលើសន្លឹកឆ្នោតរាប់រួចចំនួន៩៦%។
គណបក្សជាតិនិយម Revival ដែលជាគណបក្សគាំទ្រប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅក្នុងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ស្ថិតក្នុងលំដាប់ទី ៣ ដោយទទួលបានសំឡេងឆ្នោត ១៤,៤% ដោយកើនចំនួនប៉ុន្មានភាគរយពីការបោះឆ្នោតកាលពីខែតុលាឆ្នាំមុន។
គណបក្សចលនាដើម្បីសិទ្ធិនិងសេរីភាព (MRF) របស់ជាតិសាសន៍តួកគីស្ថិតក្នុងចំណាត់ថ្នាក់ទី ៤ ដោយទទួលបានសំឡេង ១៣% ហើយគណបក្សសង្គមនិយមប៊ុលហ្គារី (Bulgarian Socialist Party (BSP)) ដែលជាគណបក្សបន្តវេនពីគណបក្សកុម្មុយនីស្ត (Communist Party) ដ៏មានឥទ្ធិពលពីមុន ទទួលបានសំឡេងគាំទ្រ ៩%។
ការជាប់គាំងនយោបាយអូសបន្លាយនៅក្នុងប្រទេសប៊ុលហ្គារី ដែលបណ្ដាលមកពីគំនុំផ្ទាល់ខ្លួនក្នុងចំណោមមេដឹកនាំនៃក្រុមគណបក្សធំៗទាំងពីរ បានបង្ខំប្រទេសប៊ុលហ្គារីឱ្យពន្យារពេលរួចហើយនូវកាលបរិច្ឆេទគោលដៅសម្រាប់ការប្រើប្រាស់ប្រាក់អឺរ៉ូ ហើយប្រទេសនេះនៅមិនទាន់អនុម័តលើសំណើច្បាប់ថវិកាសម្រាប់ឆ្នាំ ២០២៣ នៅឡើយទេ។
ភាពស្រពិចស្រពិលនេះក៏បានប៉ះពាល់ផងដែរដល់លទ្ធភាពរបស់ប្រទេសប៊ុលហ្គារីនៅក្នុងការប្រើប្រាស់ថវិកាសហភាពអឺរ៉ុបសម្រាប់ការរើបឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩ ហើយអ្នកវិភាគនិងអ្នកបោះឆ្នោតខ្លាចថា លទ្ធផលច្របូកច្របល់នៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យនៅទីបំផុតអាចឈានទៅដល់ការបោះឆ្នោតមួយលើកទៀតដែលនឹងធ្វើឡើងនៅចុងឆ្នាំនេះ៕
ប៊ុលហ្គារីត្រៀមចរចាបង្កើតរដ្ឋាភិបាលចម្រុះ ក្រោយការបោះឆ្នោតលើកទី ៥ ដែលគ្មានអ្នកឈ្នះដាច់
រដ្ឋធានីសូហ្វ៊ីយ៉ា ប្រទេសប៊ុលហ្គារី —