ឯករាជ្យ​បុគ្គល​និង​ស្ថាប័ន​នៅ​កម្ពុជា​អាស្រ័យ​លើ​ការ​ភាព​ក្លាហាន​របស់​បុគ្គល​ម្នាក់ៗ

រូបឯកសារ៖ កម្មករ​រោងចក្រកម្ពុជា​ស្រែកហូ និង​ក្រវីទង់ជាតិ​ខ្មែរ នៅ​ពេល​ដែល​ពួក​គេ​ចូលរួម​ក្នុង​បាតុកម្ម​មួយ ដើម្បី​អំពាវនាវឲ្យ​រដ្ឋាភិបាល​តម្លើង​ប្រាក់​បៀរវត្សរ៍​ក្នុង​ក្បួន​ដង្ហែរ​ថ្ងៃទិវាពលកម្ម​អន្តរជាតិ​នៅ​ទីក្រុងភ្នំពេញ ថ្ងៃទី១ ខែ​ឧសភា ឆ្នាំ២០១៥។

លោក ខូ តារាឫទ្ធិ មាន​ប្រសាសន៍​ថា ប្រសិន​បើ​ បុគ្គល​ម្នាក់ៗ ត្រូវ​គេ​បញ្ឈប់​ពី​ការងារ​ដោយ​សារ​តែ​ការ​ហ៊ាន​បំពេញ​តួនាទី​របស់​ខ្លួន​ដោយ​ឯករាជ្យ​បែបនេះ​ក៏​ដោយ ក៏​បុគ្គល​នោះ នៅ​តែ​ជា​បុគ្គល ដែល​មាន​តម្លៃ​​និង​បាន​ចូលរួម​កែប្រែ​សង្គម​ទៅ​រក​ភាព​ត្រឹមត្រូវ​និង​វិជ្ជមាន​ដែរ។

សាស្ត្រាចារ្យ​ខ្មែរ​ម្នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក លើក​ឡើង​ថា ដើម្បី​ឲ្យ​ស្ថាប័ន​គ្រប់គ្រង​រដ្ឋនៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ឯករាជ្យ​ផុត​ពី​ឥទ្ធិពល​នយោបាយ លុះត្រាតែ​បុគ្គល​ម្នាក់ៗ​នៅ​ក្នុង​ស្ថាប័ន​នោះ ហ៊ាន​បំពេញ​តួនាទី​របស់​ខ្លួន​ ដោយ​ឯករាជ្យ ទោះបីជា​ត្រូវប្រឈម​នឹង​ផលវិបាក​ផ្សេងៗ​ ដែល​អាច​កើត​ចេញ​ពី​បំពេញ​តួនាទីរបស់​ខ្លួន​ដោយ​ឯករាជ្យ​នេះ​ក៏​ដោយ។

Your browser doesn’t support HTML5

Hello VOA៖ ឯករាជ្យ​បុគ្គល​និង​ស្ថាប័ន​នៅ​កម្ពុជា​អាស្រ័យ​លើ​ការ​ភាព​ក្លាហាន​របស់​បុគ្គល​ម្នាក់ៗ

លោក ខូ តារាឫទ្ធិ ​ជា​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ UMass Lowell and Middlesex Community College ក្នុង​រដ្ឋម៉ាសាឈូសិត សហរដ្ឋ​អាមេរិក បាន​ថ្លែង​បែប​នេះ​ នៅ​ក្នុង​កម្មវីធី​ «Hello VOA» កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី​២០ ខែ​មិថុនា​នេះ។

«បើ​សិន​ជា​ប៉ូលិស​ចរាចរ មើល​ចរាចរ​កុំ​ឲ្យ​ស្ទះ។ បើ​សិន​ជា​គ្រូ​បង្រៀន បង្រៀន​កូន​សិស្ស​ឲ្យ​ចេះ។ បើ​ជា​អ្នក​ការ​ពារ​ព្រំដែន ការពារ​ព្រំដែន​ កុំ​ឲ្យ​បាត់​បង់ ហើយ​បើ​ជា​អ្នក​ខាង​គយ​ឬ​រដ្ឋាករ​ហ្នឹង​ មើល​យ៉ាងម៉េច​កុំ​ឲ្យ​គេ​រត់​ពន្ធ​ខុស​ច្បាប់ កុំ​ឲ្យ​មាន​ឡាន​ មាន​ម៉ូតូ​នៅ​ក្នុង​ស្រុក មិន​បាន​បង់ពន្ធ។ តែ​ប៉ុណ្ណឹង​ចប់​ហើយ មិន​ចាំបាច់យក​ចិត្ត​ទុកដាក់​ជាមួយ​អ្នក​នយោបាយ​អី​ផ្សេង​ទៀត​ទេ»។

លោក ខូ តារាឫទ្ធិ ដែល​ជា​អ្នក​និពន្ធ​ ដែល​បាន​សិក្សា​នៅ​សាកលវិទ្យា Harward ក្នុង​សហរដ្ឋ​អាមេរិក​ផង​នោះ មាន​ប្រសាសន៍​ថា ប្រសិន​បើ​ បុគ្គល​ម្នាក់ៗ ត្រូវ​គេ​បញ្ឈប់​ពី​ការងារ​ដោយ​សារ​តែ​ការ​ហ៊ាន​បំពេញ​តួនាទី​របស់​ខ្លួន​ដោយ​ឯករាជ្យ​បែបនេះ​ក៏​ដោយ ក៏​បុគ្គល​នោះ នៅ​តែ​ជា​បុគ្គល ដែល​មាន​តម្លៃនិង​បាន​ចូលរួម​កែប្រែ​សង្គម​ទៅ​រក​ភាព​ត្រឹមត្រូវ​និង​វិជ្ជមាន​ដែរ។

«លុះ​ត្រា​តែ​ម្នាក់ៗ​ហ្នឹង ហ៊ាន​សម្រេច​ចិត្ត។ បើសិនជា យើង​ធ្វើ​កិច្ចការ​មួយ ហើយ​គេ​គំរាមយើង​ថា បើ​មិន​ធ្វើ​តាម​គេ​ទេ គេ​ដក​យើង​ចេញ យើង​ឈប់​ក៏​ល្អ​ដែរ ព្រោះ​បើ​ មនុស្ស​ទាំង​អស់​គ្នា​ហ្នឹង​ ឈប់​ធ្វើការ បើ​សិន​ជា​មនុស្ស​ទាំងអស់​ហ្នឹង​ គ្មាន​មុខងារ​នៅ​ក្នុង​កន្លែង​ពុករលួយ ខ្ញុំ​ជឿ​ថា សង្គម​ហ្នឹង ផ្លាស់​ប្តូរ ច្រើន​មែនទែន»។

លោក ខូ តារាឫទ្ធិ ដែល​ជា​អ្នក​និពន្ធ ​និង​ជាសាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ UMass Lowell and Middlesex Community College ចូលរួម​ជា​វាគ្មីន​នៅក្នុង​កម្មវិធី​ Hello VOA ដើម្បី​ពិភាក្សា​អំពី​កង្វះ​បុគ្គល​និង​ស្ថាប័ន​ឯករាជ្យ​នៅក្នុង​ប្រទេស​កម្ពុជា កាលពីថ្ងៃច័ន្ទ ទី២០ ខែមិថុនា ឆ្នាំ២០១៦។ (រូបថត​ផ្តល់​ឲ្យ)

​ស្ថាប័ន​រដ្ឋ​ស្ទើរ​តែ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​អ្នក​វិភាគ​ខ្លះ​ មើល​ឃើញ​ថា ខ្វះ​ឯករាជ្យ​ភាព​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន​ដោយ​ឯករាជ្យ​ពេញលេញ ដោយសារ​តែ​ឥទ្ធិពល​នយោបាយ​គ្រប់​ដណ្ដប់។

មន្ត្រី​រាជការ​ឬ​បុគ្គលិក​រដ្ឋ​មួយ​ចំនួន តែង​តែ​រអ៊ូរទាំ​ថា ពួក​ខ្លួន មិន​អាច​បំពេញ​ការងារ​ទៅ​តាម​តួនាទី​របស់​ខ្លួន​សុទ្ធសាធ​ដោយ​គ្មាន​គំនាប​ណាមួយ​ដោយ​ផ្ទាល់​ក្តី​ឬ​ដោយ​ប្រយោល​ក្តី ពី​ឥទ្ធិពល​នៃ​គណបក្ស​នយោបាយ​នោះ​ឡើយ។

លោក ខូ តារាឫទ្ធិ មាន​ប្រសាសន៍​ថា ការ​ទទួល​បាន​ឯករាជ្យ​នេះ មិន​អាច​កើតឡើង​បាន​ ដោយ​គ្មាន​ការ​ប្រថុយប្រថាន​នោះ​ទេ ពោល​គឺ​បុគ្គល​ម្នាក់ៗ ត្រូវ​តែ​ហ៊ាន​ ប្រឈម​នឹង​ផល​វិបាក​ដែល​អាច​កើត​ចេញ​ពី​ការ​បំពេញ​តួនាទី​របស់​ខ្លួន​ដោយ​ឯករាជ្យ​នេះ។

«នៅ​ស្រុក​យើង លុះ​ត្រាតែ មាន​មនុស្ស​ហ្នឹង ហ៊ានលះបង់​ច្រើន។ ប្រសិនបើ​យើង រស់នៅ​ក្នុង​សង្គម​មួយ ដែល​ពុករលួយ មិន​ថ្លៃ​ថ្លូរ យើង​កុំ​ទៅ​ធ្វើ​អញ្ចឹង​ទៅ។ បើ​គេ​បញ្ឈប់​ការ​ងារ​យើង យើង​ឈប់​ទៅ ចាំបាច់​ទៅ​នេះ​អី មាន​ស្រែ​មាន​ចម្ការ​ ធ្វើ​ស្រែ​ធ្វើ​ចម្ការ​ ក៏​អាច​រស់​បាន​ដែរ ព្រោះ​ស្រុក​ខ្មែរ​ មិន​ពិបាក​រស់​ទេ »។

លោក​បន្ថែម​ថា៖«អញ្ចឹង​ហើយ​បាន​ខ្ញុំ​ថា ត្រូវ​ឲ្យ​ហ៊ាន។ បើ​យើង​ធ្វើ​អ្វី​មួយ​ខុស​ពី​គោលការណ៍ ខុស​ពី​ច្បាប់​រដ្ឋធម្មនុញ្ញ ខុស​ពី​អ្វី​ដែល​ច្បាប់​ចែង​មក យើង​កុំ​ធ្វើ។ បើ​គេ​ឲ្យ​យើង​ឈប់​ធ្វើ​ការ យើង​ឈប់​ទៅ ព្រោះ​អាហ្នឹង​ហើយ ជា​តម្លៃ​របស់​មនុស្ស ជា​តម្លៃ​របស់​យើង»៕