តុលាការសម្រេចមិនឃុំខ្លួនប្តីប្រពន្ធពីរនាក់ជាម្ចាស់អគារបាក់រលំនៅខេត្តកែបដែលបណ្តាលឲ្យមនុស្ស៣៦នាក់ស្លាប់ តែតម្រូវឲ្យអនុវត្តលក្ខខណ្ឌមួយចំនួន ខណៈនីតិវិធីស៊ើបអង្កេតកំពុងបន្ត។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យតុលាការ។
កាលពីថ្ងៃទី៣ ខែមករា មានករណីបាក់អគារដែលកំពុងសាងសង់មួយក្នុងខេត្តកែប បណ្តាលឲ្យមនុស្សចំនួន៣៦នាក់ស្លាប់ និង២៣នាក់រងរបួស។ ម្ចាស់សំណង់ឈ្មោះ ឯក សារុន ជាប្តី និង ប្រពន្ធឈ្មោះ ឈីវ សុធី ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការខេត្តកំពត ដោយសារមិនមានតុលាការក្នុងខេត្តកែបនោះទេ។
លោក ម៉ាន់ បូរ៉េត អ្នកនាំពាក្យសាលាដំបូងខេត្តកំពត ប្រាប់VOAនៅថ្ងៃអង្គារនេះថា តុលាការបានចោទប្រកាន់អ្នកទាំងពីរពីបទ«មនុស្សឃាតដោយអចេតនា»និង«បង្ករបួសដោយអចេតនា»។ លោកបន្តថា ចៅក្រមបានសម្រេចមិនឃុំខ្លួនប្តីប្រពន្ធទាំងពីរនាក់ ដោយសារពួកគេមានទីលំនៅច្បាស់លាស់ ដាក់ប្រាក់តម្កល់ចំនួន៣៥៤លានរៀល ឬស្មើប្រមាណ៩ម៉ឺនដុលា្លរសហរដ្ឋអាមេរិក និងហាមមិនឲ្យចេញក្រៅប្រទេស ព្រមទាំងលក្ខខណ្ឌមួយចំនួនទៀត។
«រឿងនេះបន្តស៊ើបអង្កេត អត់មានចប់ទេ។ គ្រាន់តែការសម្រេចឋិតនៅតំណាក់កាលចៅក្រមស៊ើបសួរហ្នឹង ចៅក្រមស៊ើបសួរគាត់សម្រេចមិនឃុំខ្លួនប៉ុណ្ណឹងទេ អត់មានអីទាន់ចប់រឿងហ្នឹងទេ»។
អ្នកនាំពាក្យតុលាការរូបនេះបន្ថែមថា ចៅក្រមស៊ើបនឹងបន្តនីតិវិធីស៊ើបអង្កេត ហើយបើកសវនាការនៅពេលបញ្ចប់ការស៊ើបសួរ។
«អង្គហេតុហ្នឹងបើសិនជាមានពាក់ព័ន្ធចៅក្រមសួរទាំងអស់ ក្នុងដំណាក់កាលស៊ើបសួរ។ មនុស្សដែលមានឈ្មោះនៅក្នុងអង្គហេតុដែលរបាយការណ៍ប៉ូលិស ដែលដីកាសន្និដ្ឋានស៊ើបសួររបស់ព្រះរាជអាជ្ញាបញ្ជូនឲ្យចៅក្រមស៊ើបសួរមានទាំងអម្បាលមាណ គាត់ស៊ើបសួរទាំងអស់ និងអាចពន្លាតរឿងហ្នឹងថែមទៀត»។
លោក យន់ ផល្លី អ្នកសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពតនិងកែប លើកឡើងថា ក្នុងបទល្មើសដែលទាបជាងបទឧក្រិដ្ឋ តុលាការមានសិទ្ធិក្នុងការសម្រេចថាឃុំខ្លួន ឬមិនឃុំខ្លួនជនល្មើស។ លោកក៏ជំរុញឲ្យមានការស៊ើបអង្កេតមួយដោយតម្លាភាព ថាតើអាចមានជាប់ពាក់ព័ន្ធនឹងមន្រ្តីមានសមត្ថកិច្ចខេត្តក្នុងការត្រួតពិនិត្យ និងអនុញ្ញាតឲ្យសាងសង់ឬយ៉ាងណា។
«រឿងទាំងអស់ហ្នឹងវាស្ថិតក្រោមការត្រួតពិនិត្យរបស់មន្ទីរពាក់ព័ន្ធ អញ្ចឹងមន្ទីរពាក់ព័ន្ធទោះបីយ៉ាងណាក៏ដោយក៏ត្រូវទទួលខុសត្រូវដែរពីបញ្ហាទាំងអស់ហ្នឹង។ បើសិនជាតុលាការស៊ើបអង្កេតទៅឃើញថាមានការពាក់ព័ន្ធ តុលាការត្រូវតែមានវិធានការទៅតាមផ្លូវច្បាប់ បើសិនជាតុលាការរកឃើញជនដែលពាក់ព័ន្ធក្នុងករណីនេះ»។
លោក ហែម សុភី ជាបងប្រុសបង្កើតរបស់ស្រ្តីជនរងគ្រោះដែលស្លាប់ទាំងប្តីប្រពន្ធ និងកូនប្រុសពីរនាក់ក្នុងគ្រោះថ្នាក់បាក់អគារនេះ ប្រាប់VOAថាលោកសង្ឃឹមថា តុលាការនឹងផ្តល់យុត្តិធម៌ដល់ក្រុមគ្រួសាររបស់លោក។
អ្នកស្រី សិទ្ធ ភារ៉ា អាយុ៣០ឆ្នាំ ដែលជាអ្នកជិតខាងនៅម្តុំអគារដែលបាក់ និងធ្លាប់ស្គាល់លោក ឯក សារុន ម្ចាស់អគារ បានថ្លែងប្រាប់VOAកាលពីថ្ងៃអាទិត្យថា ម្ចាស់អគារបានហៅប្តីរបស់អ្នកស្រី ឈ្មោះ អ៊ូច តន ពិការភ្នែកម្ខាង និងជាអ្នកមានបទពិសោធន៍លើការងារសំណង់ ទៅជួយធ្វើការងារសំណង់អគារនោះ។ ប៉ុន្តែអ្នកស្រីថាប្តីអ្នកស្រីមិនចង់ធ្វើ ដោយសារចេះមិនសូវច្បាស់។
«ពេលដំបូង ជំហានទីមួយ គាត់ហៅប្តីខ្ញុំឲ្យមកម៉ៅ ក្នុងហ្នឹងម៉ៅជាតង់ៗ ក៏ប៉ុន្តែខ្ញុំថា ខ្ញុំអត់ឲ្យប្តីខ្ញុំគាត់ម៉ៅទេ ព្រោះអីគាត់អត់ចេះច្បាស់លាស់អញ្ចឹង ខ្លាចខាត ខ្លាចអីអញ្ចឹង អត់មានលុយបើកឲ្យកម្មករ អញ្ចឹងតាំងពីគាត់ហៅមក ក៏ប្តីខ្ញុំ អត់ដែលបានធ្វើការជាមួយគាត់ដែរ»។
អ្នកស្រីបានឲ្យដឹងទៀតថា ដីដែលអគារបាក់នោះ មានទទឹង២៥ម៉ែត្រ និងបណ្តោយ៣០ម៉ែត្រ ក្បែរភ្នំកែប ហើយម្ចាស់បានទិញពីគេម្នាក់នៅភ្នំពេញ ជិត២ឆ្នាំ មុនអគារបាក់ ក្នុងតម្លៃប្រមាណ១២ម៉ឺនដុល្លារអាមេរិក។
អ្នកស្រីបន្តថា អ្នកស្រីធ្លាប់បានសួរម្ចាស់អគារអំពីការសាងសង់អគារនេះ ដោយម្ចាស់អគារបានលើកឡើងថា លោកសង់អគារកម្ពស់៦ជាន់នេះ គឺដើម្បីទុកជួលឲ្យចិន។
អ្នកស្រីបន្តថា៖ «ថៅកែស្គាល់តែមុខ តែអត់បានស្គាល់ឈ្មោះអីផង។ បានសួរលេង ណែនាំគាត់ ថាគាត់ធ្វើប៉ុន្មានជាន់ គាត់ធ្វើជាអូតែលអីអញ្ចឹងណា។ គាត់ថាគាត់ធ្វើជាអូតែល ជួលឲ្យពួកចិនអីអញ្ចឹងណា។ គាត់មានក្រុមហ៊ុនចិនជួលគាត់នៅកំពង់សោម»។
ជនរងគ្រោះមួយចំនួនដែលនៅមានជីវិតពីការបាក់អគារ និងអ្នករស់នៅក្បែរនោះប្រាប់VOA ថា ការសាងសង់ខ្វះបច្ចេកទេស ការផ្ទុកលើសទម្ងន់ ការសាងសង់ប្លង់សេបន្ថែមនៅផ្នែកខាងលើ និងការស្ថាបនាអគារនៅទីទួលខ្ពស់ជិតជើងភ្នំ ជាមូលហេតុធ្វើឲ្យអគារនោះបាក់រលំ។
អ្នកស្រី គីម តេម អាយុ៣២ឆ្នាំ ដែលត្រូវបានជួយសង្រ្គោះ កាលពីរសៀលថ្ងៃសៅរ៍ ក្រោយជាប់នៅក្នុងគំនរបែកបាក់នោះជិត២៤ម៉ោង ប្រាប់VOAថា ការបាក់នោះអាចបណ្តាលមកពីការចាក់ប្លង់សេខាងលើបន្ថែម ដែលធ្វើឲ្យមានទម្ងន់កាន់តែធ្ងន់។
«ប្រហែលជាសង្ស័យថា ចាក់ប្លង់សេខាងមួយកំណាត់ [ទៀត]។ ឲ្យវាធ្ងន់មួយជំហាន វាសង្កត់មកតែម្តង។ ដូចថាប្លង់សេគេ គេថា ៦ជាន់កន្លះ។ អាចុងក្រោយហ្នឹង គេចាក់កន្លះ អាហ្នឹងចុងក្រោយហើយ»។
កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបិទប្រតិបត្តិការរុករក និងសង្គ្រោះជនរងគ្រោះថា ពុំមានថ្នាក់ដឹកនាំខេត្តណាម្នាក់ នឹងត្រូវដកចេញពីតំណែង ឬលាឈប់ពីតំណែងនោះទេ។ លោកបន្តថា ម្ចាស់អគារក៏ស្នាក់នៅការដ្ឋានសំណង់នោះដែរ តែលោករួចផុតជីវិត ដោយសាររវល់ចេញក្រៅ។
«ឥឡូវម្ចាស់ផ្ទះ បើសិនជាកុំឃាត់ គាត់មកនៅកន្លែងហ្នឹងតែម្តង ដេកនៅទីហ្នឹងតែម្តង [អគារបាក់] គាត់ចេញផុតពីអគារ អគារហ្នឹងត្រូវដួលរលំ។ តែឥឡូវ គាត់ត្រូវជាប់ឃុំ។ កុំអីគាត់ស្លាប់ ស្លាប់ទាំងម្ចាស់ផ្ទះ ស្លាប់ទាំងមេការហ្នឹងតែម្តង ដូច្នេះគ្មាននរណាទទួលខុសត្រូវទេ»។
បើតាមកម្មករ ម្ចាស់អគារតែងតែស្នាក់នៅអគារនោះជារៀងរាល់ថ្ងៃនៅជាន់ទីពីរ។ អគារមួយនេះត្រូវបានសាងសង់តាំងពីខែមីនា ឆ្នាំ២០១៩ ហើយការសាងសង់ធ្វើឡើងបន្តិចម្តងៗអស់ជាង១០ខែ មកទល់នឹងថ្ងៃដែលអគារនេះបាក់ស្រុត៕