ព្រឹទ្ធសភាសហរដ្ឋអាមេរិក ត្រូវគេរំពឹងថា នឹងសម្រេចលើការយល់ព្រមការតែងតាំងចៅក្រមលោក ស្រី Amy Coney Barrett សម្រាប់តំណែងចៅក្រមក្នុងតុលាការកំពូលសហរដ្ឋអាមេរិក នៅក្នុងការបោះឆ្នោតមួយនៅល្ងាចថ្ងៃចន្ទ។
ប្រសិនបើត្រូវបានបោះឆ្នោតយល់ព្រមនោះ លោកស្រី Barrett នឹងក្លាយជាចៅក្រមទី៣ ក្នុងចំណោមចៅក្រមទាំង៩រូបរបស់តុលាការកំពូលសហរដ្ឋអាមេរិក ដែលត្រូវបានតែងតាំងដោយលោកប្រធានាធិបតី Donald Trump ដែលនេះធ្វើឲ្យចំនួនចៅក្រមដែលជាអ្នកអភិរក្សនិយមមានចំនួនភាគច្រើននៅក្នុងតុលាការកំពូលនេះ គឺចំនួន៦ទល់នឹង៣។
គណបក្សសាធារណរដ្ឋគ្រប់គ្រងសំឡេងភាគច្រើន ៥៣ទល់នឹង៤៧ នៅក្នុងព្រឹទ្ធសភាអាមេរិក ហើយមានសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋតែម្នាក់ប៉ុណ្ណោះគឺលោកស្រី Susan Collins ដែលលើកឡើងថា លោកស្រីនឹងមិនចូលរួមបោះឆ្នោតសម្រេចលើបេក្ខភាពចៅក្រម Barrettនោះទេ ដោយសារតែវាកៀកនឹងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅសប្តាហ៍ក្រោយពេក។
កន្លងមកគណបក្សប្រជាធិបតេយ្យ បានប្រឆាំងនឹងការតែងតាំងលោកស្រី Barrett ឲ្យជំនួសចៅក្រមRuth Bader Ginsburg ដែលបានទទួលមរណភាពនោះ ក្នុងកាលៈទេសៈតក់ក្រហល់ និងប្រឆាំងលក្ខណសម្បត្តិរបស់លោកស្រី Barrett ក្នុងដំណើរនៃការតែងតាំងនេះផងដែរ។
ប៉ុន្តែប្រធានព្រឹទ្ធសភាលោក Mitch McConnell ពីគណបក្សសាធារណរដ្ឋ និងជាមេដឹកនាំសំឡេងភាគច្រើន បាននិយាយកាលពីថ្ងៃអាទិត្យថា «ព្រឹទ្ធសភាអាមេរិកកំពុងធ្វើការងារនេះត្រឹមត្រូវ ហើយយើងនឹងបន្តទៅមុខដំណើរការការតែងតាំងនេះ»៕