រាជវង្ស​អង់គ្លេស​ថា​ បញ្ហា​រើសអើង​ជាតិសាសន៍​នឹង​ត្រូវ​ដោះស្រាយ​«ជា​លក្ខណៈ​ឯកជន»

រូបឯកសារ៖ ព្រះមហាក្សត្រីចក្រភពអង់គ្លេស Elizabeth II ថតរូបរួមគ្នាមួយ ជាមួយព្រះអង្គម្ចាស់ Harry និងអ្នកម្នាង Meghan Markle នៅព្រះបរមរាជវាំង Buckingham កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។

ព្រះ​បរមរាជវាំង Buckingham របស់​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អង្គារ​ថា ក្រុម​គ្រួសារ​រាជវង្ស​អង់គ្លេស​មាន ​«ការ​សោកស្តាយ នៅ​ពេល​បាន​ដឹង​ពី​បញ្ហា​ប្រឈម​យ៉ាង​ខ្លាំង ​ក្នុង​រយៈ​ពេល​ប៉ុន្មានឆ្នាំ​កន្លង​មក​នេះ» ដែល​បាន​កើត​ឡើង​ចំពោះ​ព្រះ​អង្គម្ចាស់ Harry និង​អ្នកម្នាង Meghan Markle។

ការបញ្ជាក់​នេះ​កើត​មាន​ឡើង ក្រោយពី​មាន​កិច្ចសម្ភាសន៍​របស់​ទូរទស្សន៍​អាមេរិក CBS កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​អ្នកស្រី Oprah Winfrey ជាមួយ​សមាជិក​រាជវង្ស​ទាំង​ពីរ ហើយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ។ ក្នុង​កិច្ចសម្ភាសន៍នោះ មាន​លេច​ឡើង​ការ​ចោទ​ប្រកាន់​ពីបញ្ហា​រើសអើង​ជាតិសាសន៍ ឥទ្ធិពល​គ្រួសារ​ និង​ការ​គិត​ធ្វើ​អត្តឃាត។

ព្រះបរមរាជវាំង Buckingham បាន​ចេញ​សេចក្តី​ថ្លែងការណ៍​តាងនាម​ឲ្យ​ព្រះមហាក្សត្រិយានី Elizabeth ថា៖ «ខណៈដែលការ​ចងចាំអំពី​ហេតុការណ៍​អាច​ខុស​គ្នា​ខ្លះ បញ្ហា​ទាំងនោះ​នឹង​ត្រូវ​ពិនិត្យ​ពិចារណា​ដោយ​ហ្មត់ចត់​ ហើយ​នឹង​ត្រូវ​ដោះស្រាយ​ដោយ​ក្រុម​គ្រួសារ​រាជវង្ស​ជាលក្ខណៈ​ឯកជន»។

សេចក្តី​ថ្លែងការណ៍​ដែល​បាន​ចេញផ្សាយ​តាម Twitter ក៏បាន​បញ្ជាក់​ដែរ​ថា ព្រះអង្គម្ចាស់ Harry និង​អ្នកម្នាង Meghan និង​រាជបុត្រា Archi តែង​ជា​ «សមាជិក​ក្រុម​គ្រួសារ​រាជវង្ស​ដ៏​ជា​ទីស្រឡាញ់​បំផុត»។

សេចក្តី​ថ្លែងការណ៍​នោះ​ កើត​មាន​ឡើង​បន្ទាប់​ពី​អ្នកម្នាង​ Markle ដែល​ជា​កូនកាត់​ស្បែក​ខ្មៅ​និង​ស្បែក​ស បាន​មាន​បន្ទូល​ថា សមាជិក​ម្នាក់​នៃ​ក្រុម​គ្រួសារ​រាជវង្ស​បាន​លើក​ឡើង​ពី​ការ​ព្រួយ​កង្វល់អំពី​ថា រាជបុត្រា Archie នឹង​ «អាច​មានសម្បុរ​ខ្មៅ​យ៉ាង​ណា​ទៅ?»។ អ្នកម្នាង​ Markle ដែលជាអតីត​តារា​ភាពយន្ត​រូប​នេះ​ កំពុងមានគ៌រ​រាជបុត្រ​ទី ២។

កាលពី​ខែ​កុម្ភៈ ព្រះ​បរមរាជវាំង​បាន​ប្រកាស​ថា ព្រះ​អង្គម្ចាស់​និង​អ្នក​ម្នាង​នឹង​មិន​វិលត្រឡប់មក​កាន់​តួនាទី​ផ្លូវការក្នុង​រាជវង្ស​វិញ​ទេ ជិត​មួយ​ឆ្នាំ​បន្ទាប់​ពី​ពួក​គេ​បាន​ប្រកាសលាលែង​ពី​តួនាទី​ការងារ​ក្នុង​ក្រុមគ្រួសារ​រាជវង្ស។ ព្រះ​អង្គម្ចាស់​និង​អ្នកម្នាង​បាន​ផ្លាស់ទីលំនៅ​ទៅ​កាន់​ទ្វីប​អាមេរិក​ខាង​ជើង ​កាលពី​ចុង​ឆ្នាំទៅ។ នៅពេល​បច្ចុប្បន្ន​នេះ ព្រះ​អង្គម្ចាស់​និង​ព្រះនាង កំពុង​គង់​នៅក្នុង​រដ្ឋ​ California។

ការ​បញ្ជាក់កាល​ពី​ថ្ងៃ​អង្គារ​ គឺ​ជា​លើក​ទី ១ ហើយ​ ដែលក្រុម​គ្រួសារ​រាជវង្ស​បាន​ឆ្លើយ​តប​ជា​សាធារណៈ​ ទៅ​នឹង​បញ្ហា​ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចសម្ភាសន៍​ កាល​ពី​ថ្ងៃ​អាទិត្យ៕