នាយក​រដ្ឋមន្ត្រី​អង់គ្លេស៖ រុស្ស៊ី​ទំនង​នៅ​ពី​ក្រោយ​ការវាយប្រហារ​លើ​អតីត​ចារបុរស​ម្នាក់

លោកស្រី Theresa May នាយករដ្ឋមន្ត្រី​អង់គ្លេស​ចាកចេញ​ពី​អគារ​Downing Street ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​សភា​សម្រាប់​សេចក្តីថ្លែងការណ៍ Chancellors Spring Statement នៅ​ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។

លោកស្រី​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេសអង់គ្លេស​បាននិយាយ​ថា​ «មាន​ទំនង​ខ្លាំង» ថា​ប្រទេស​រុស្ស៊ី​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​លើ​អតីតចារបុរសម្នាក់​និង​កូន​ស្រី​លោក​ដែល​ស្ថិត​ក្នុង​ស្ថានភាពធ្ងន់ធ្ងរ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​កន្លែង​នៅ​ក្រោយ​ប៉ះ​សារធាតុ​មួយ​ធ្វើឱ្យ​ខូចប្រព័ន្ធ​សរសៃ​ប្រសាទ​ក្នុង​ពេល​ជាង​មួយ​សប្តាហ៍​មុន​នេះ​នៅ​ក្នុង​ក្រុង Salisbury នា​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេសអង់គ្លេស។​

ពួក​អ្នកជំនាញ​ខាង​អាវុធ​ជីវសាស្ត្រ​និង​អាវុធ​គីមីបា​នធ្វើការ​ពេញ​២៤​ម៉ោង​នៅ​ឯកន្លែង​នៃ​ការ​វាយ​ប្រហារ​នោះ កាល​ពី​ថ្ងៃ​ទី៤ខែ​មីនាប្រឆាំង​នឹង​លោក Sergei Skripal អតីត​ចារបុរស​រុស្សី​និងកូន​ស្រី​លោកឈ្មោះ​ Yulia។

លោកស្រី​នាយក​រដ្ឋមន្ត្រី​អង់គ្លេស Theresa May បានមាន​ប្រសាសន៍​ប្រាប់ពួក​សមាជិក​សភា​កាល​ពី​ថ្ងៃ​ចន្ទ​ថា​នៅ​ពេល​នេះ​ពួក​អ្នកជំនាញ​ទាំង​នេះ​បាន​ដឹង​ថា​សារធាតុ​ត្រូវ​ប្រើប្រាស់​ក្នុង​ការ​វាយ​ប្រហារ​នោះ​ឋិត​នៅ​ក្នុង​ក្រុមមួយ​នៃ​សារធាតុ​បំផ្លាញ​សរសៃ​ប្រសាទ​សម្រាប់​ប្រើប្រាស់​ដោយ​កង​យោធា​ដែល​គេ​ស្គាល់ថា Novichock។

លោកស្រី​នាយក​រដ្ឋមន្ត្រី​នៃប្រទេស​អង់គ្លេស​បាន​មាន​ប្រសាសន៍​ថា «កាលពី​ពេលមុន​ប្រទេស​រុស្ស៊ី​បានផលិត​សារធាតុនេះ​ហើយ​នៅ​តែ​អាចផលិត​បានតទៅ​ទៀត។​ ប្រវត្តិ​រុស្ស៊ី​ក្នុង​ការ​ធ្វើឃាតកម្ម​ឧបត្ថម្ភ​ផ្ចុង​ផ្តើម​ដោយ​រដ្ឋ​និង​ការ​ស្ទង់ប៉ាន់​មើល​របស់​យើង​ថា​អាជ្ញាធរ​រុស្ស៊ី​យល់​ឃើញ​ថា​អ្នក​រត់​ចោល​ជួរ​ខ្លះជា​ទី​ដៅ​ត្រឹមត្រូវ​តាម​ច្បាប់​សម្រាប់​ការ​ធ្វើឃាត​ រដ្ឋាភិបាល​សន្មត​ថា​ជា​ការ​មាន​ទំនង​ខ្លាំង​ថា​ប្រទេស​រុស្ស៊ី​ជា​អ្នកទទួល​ខុស​ត្រូវ​ដល់សកម្មភាព​ប្រឆាំង​នឹងលោក Sergei Skripal និង​កូន​ស្រី​លោកឈ្មោះ​ Yulia Skripal៕