រដ្ឋមន្រ្តី​អង់គ្លេស​ពិភាក្សា​បញ្ហា​សិទ្ធិ​មនុស្ស​និង​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា

អ្នកស្រី ​Amanda Milling ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី​របស់​ចក្រភព​អង់គ្លេស​ថ្លែង​ក្នុង​អំឡុង​ជំនួប​​ជាមួយ​អ្នកដឹកនាំ​ផ្នែក​បច្ចេកវិទ្យា​ និង អតីត​និស្សិត​អាហារូបករណ៍ Chevening នៅ​​​ថ្ងៃ​ច័ន្ទ​ទី១០ ខែ​មករា ឆ្នាំ​២០២២ នៅ​​ភ្នំពេញ។ (Facebook/British Embassy in Cambodia)

មន្រ្តី​ជាន់​ខ្ពស់​ចក្រភព​អង់គ្លេស​បាន​ពិភាក្សា​បញ្ហា​សិទ្ធិ​មនុស្ស​និង​ស្ថានភាព​នយោបាយ​ជាមួយ​រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជាមេដឹកនាំ​គណបក្ស​ប្រឆាំង​និង​សង្គមស៊ីវិល​ដោយ​ឡែក​ពីគ្នា​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​មក​រាជធានី​ភ្នំពេញ​រយៈ​ពេល​២​ថ្ងៃ។​នេះ​បើ​តាម​ស្ថានទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​និង​សារ​លើ​ប្រព័ន្ធ​ Twitter​ របស់​មន្រ្តី​រូប​នោះ។​

អ្នកស្រី​ Amanda Milling​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី​របស់​ចក្រភព​អង់គ្លេស​បាន​ជួប​ជាមួយ​លោក​ ប្រាក់ សុខុន​ ​នៅ​ថ្ងៃ​អង្គារ​នេះ​ក្នុង​ដំណើរ​ទស្សនកិច្ចដែល​ផ្តោត​លើ​ទំនាក់​ទំនង​ទ្វេភាគី​ពាណិជ្ជកម្ម ការ​ធ្វើ​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​និង​បញ្ហា​សិទ្ធិ​មនុស្ស​ផង​ដែរ។​នេះ​បើ​តាម​សារ​របស់​ស្ថានទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​លើ​ប្រព័ន្ធ​ Twitter។​

លោក​ កុយ គួង ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ប្រាប់​វីអូអេ​នៅ​រសៀល​ថ្ងៃ​អង្គារ​ឲ្យ​រង់ចាំ​មើល​សេចក្តី​ប្រកាស​ព័ត៌មាន​អំពី​លទ្ធផល​នៃ​ជំនួប​នេះ​នៅ​ពេល​ក្រោយ។​

មុន​ជំនួប​ជាមួយ​លោក ​ប្រាក់ សុខុន អ្នកស្រី ​Amanda Milling ​បាន​បញ្ជាក់​លើ​ប្រព័ន្ធ​ Twitter ​ថា​ចក្រភព​អង់គ្លេស​នៅ​តែ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​គាំទ្រ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។ ការ​បញ្ជាក់​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​អ្នកស្រី​បាន​ជួប​ជាមួយ​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​មករា​ ឆ្នាំ​២០២២។​

នៅ​ថ្ងៃ​អង្គារ​នេះ​អ្នកស្រី​ក៏​បាន​ជួប​ជាមួយ​លោក ​កឹម សុខា ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ផង​ដែរ​ដោយ​ពិភាក្សា​អំពី​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​នេះ។​

អ្នកស្រី​បញ្ជាក់​លើ​ប្រព័ន្ធ​ Twitter ​របស់​អ្នកស្រី​ថា៖​ «យើង​ទាំង​ពីរ​នាក់​ចង់​ឃើញ​កម្ពុជា​ដែល​មាន​សន្តិភាព​វិបុលភាព ​និង​ប្រជា​ធិបតេយ្យ។​ យើង​បាន​ពិភាក្សា​អំពី​តម្រូវ​ការ​សម្រាប់​ការ​គោរព​សិទ្ធិ​មនុស្ស​ហើយ​ថា​តើ​អ្នក​ជំនាន់​ក្រោយ​កម្ពុជា​អាច​ចូល​រួម​ចំណែក​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​លើ​បញ្ហា​ទាំង​នេះ​យ៉ាង​ដូច​ម្តេច»៕​