យន្តហោះចម្បាំងរបស់អង់គ្លេសបានចាប់ផ្តើមវាយប្រហារតាមអាកាសនៅក្នុងប្រទេសស៊ីរីហើយ តែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពីសមាជិកសភាក្នុងទីក្រុងឡុងដ៍បានអនុម័តសម្រេចការពង្រីកយុទ្ធសាស្ត្រដើម្បីយកជ័យជម្នះលើក្រុមរដ្ឋឥស្លាម។
យន្តហោះចម្បាំងរបស់ទ័ពអាកាសអង់គ្លេសបានហោះចេញពីមូលដ្ឋានទ័ពអាកាសអង់គ្លេសនៅក្នុងប្រទេសស៊ីប (Cyprus) ដែលជាប្រទេសកោះស្ថិតក្នងសមុទ្រមេឌីទែរ៉ាណេភាគខាងកើត ហើយបានវាយប្រហារទៅលើគោលដៅនានាក្នុងប្រទេសស៊ីរី ហើយក៏វិលត្រឡប់ចូលទៅមូលដ្ឋានវិញ ដោយសុវត្ថិភាព។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីការពារជាតិអង់គ្លេសនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ក្រសួងការពារជាតិអង់គ្លេសក្រោយមកបាននិយាយតាមបណ្តាញ Twitter ថា ការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំងរបស់អង់គ្លេសនេះតម្រង់គោលដៅទៅរកទីលានស្តុកប្រេង Omar ដែលក្រុមរដ្ឋឥស្លាមគ្រប់គ្រង ប៉ុន្តែក្រសួងការពារជាតិអង់គ្លេសមិនបានផ្តល់លទ្ធផលនៃការវាយប្រហារនោះទេ។
ក្រសួងដដែលក៏បាននិយាយថា ខ្លួននឹងបញ្ជូនយន្តហោះចម្បាំងចំនួន៨គ្រឿងទៀតទៅកាន់មូលដ្ឋានទ័ពអាកាសនៅឧបទ្វីប Akrotiri។ កងកម្លាំងអង់គ្លេសនឹងចាប់ផ្តើមបេសកកម្មចេញពីទីនោះ ដោយបង្កើនចំនួនយន្តហោះចម្បាំងរបស់អង់គ្លេសទ្វេដងនៅមូលដ្ឋានទ័ពអាកាសនោះ៕