រដ្ឋមន្ត្រីក្រសួងការបរទេសចក្រភពអង់គ្លេសលោក James Cleverly នឹងស្វែងរកការគាំទ្រដល់ប្រទេសអ៊ុយក្រែនបន្ថែមទៀត នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាមេរិក និងប្រទេសកាណាដា ដែលនឹងចាប់ផ្តើមនៅថ្ងៃអង្គារនេះ នៅមុនខួបមួយឆ្នាំនៃការចូលឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ចក្រភពអង់គ្លេសគឺជាអ្នកគាំទ្រដ៏រឹងមាំមួយរបស់រដ្ឋាភិបាលក្រុងកៀវ ចាប់តាំងពីរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក ហើយកាលពីចុងសប្តាហ៍កន្លងទៅនេះអង់គ្លេស បានសន្យាថានឹងបញ្ជូនរថគ្រោះប្រភេទ Challenger 2 របស់ខ្លួនចំនួន១៤គ្រឿង និងអាវុធធន់ធ្ងន់ដទៃទៀតទៅឱ្យអ៊ុយក្រែនផងដែរ។
ដោយឡែកប្រទេសអាល្លឺម៉ង់ឯណោះវិញ កំពុងស្ថិតក្រោមសម្ពោធឱ្យបញ្ជូនរថគ្រោះប្រភេទ Leopard 2 របស់ខ្លួនទៅឱ្យប្រទេសអ៊ុយក្រែនផងដែរ ប៉ុន្តែរដ្ឋាភិបាលរបស់ប្រទេសនេះនិយាយថា ការផ្តល់រថគ្រោះប្រភេទនេះទៅឱ្យអ៊ុយក្រែននោះ លុះត្រាតែមានកិច្ចព្រមព្រៀងក្នុងចំណោមសម្ពន្ធមិត្តរបស់អ៊ុយក្រែនជាមុនសិន ជាពិសេសសហរដ្ឋអាមេរិកតែម្តង។
លោក Cleverly នឹងប្រាប់ដល់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីកាណាដា លោកស្រី Melanie Joly ថា នេះជាពេលវេលាដ៏សមស្របមួយដើម្បីផ្តល់ការគាំទ្រផ្នែកយោធាដល់ប្រទេសអ៊ុយក្រែនឱ្យកាន់តែខ្លាំងនិងលឿនជាងមុន។
លោក Cleverly បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ពេលនេះយើងរួមគ្នាប្រឆាំងនឹងសង្គ្រាមខុសច្បាប់របស់លោក Putin ហើយយើងនឹងបន្តប្រើប្រាស់នូវទំនាក់ទំនងផ្នែកសន្តិសុខនិងការពារដ៏រឹងមាំរបស់យើង ក្នុងការធានាថា នៅទីបំផុត ពលរដ្ឋអ៊ុយក្រែន នឹងទទួលបានជ័យជម្នះ»៕