ប្រទេសអង់គ្លេសបានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួននឹងដាក់ពង្រាយនាវាចម្បាំង២គ្រឿងជាអចិន្ត្រៃយ៍នៅក្នុងផ្ទៃទឹកអាស៊ី បន្ទាប់ពីនាវាផ្ទុកយន្តហោះ Queen Elizabeth និងនាវាអមជាច្រើនគ្រឿង បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុនកាលពីខែកញ្ញាកាត់តាមសមុទ្រដែលប្រទេសចិន កំពុងប្រកួតប្រជែងឥទ្ធិពលជាមួយសហរដ្ឋអាមេរិកនិងជប៉ុន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
គម្រោងនៃការធ្វើដំណើររបស់ក្រុមនាវាផ្ទុកយន្តហោះនេះកើតមានឡើងនៅពេលដែលរដ្ឋាភិបាលក្រុងឡុងដ៍មានចំណងទាក់ទងកាន់តែជ្រាលជ្រៅជាមួយរដ្ឋាភិបាលក្រុងតូក្យូ ដែលបានសម្តែងការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះអំពីមហិច្ឆតានៃការទាមទារទឹកដីរបស់ចិននៅក្នុងតំបន់ រួមទាំងកោះតៃវ៉ាន់ផងដែរ។
រដ្ឋមន្ត្រីការពារជាតិប្រទេសអង់គ្លេសលោក Ben Wallace បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសរួមនៅក្នុងទីក្រុងតូក្យូជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Nobuo Kishi ថា៖ «បន្ទាប់ពីការសម្ពោធដាក់ពង្រាយក្រុមនាវាចម្បាំងមក ចក្រភពអង់គ្លេសនឹងបញ្ជូននាវាទាំង២គ្រឿងទៅប្រចាំការជាអចិន្ត្រៃយ៍នៅក្នុងតំបន់នោះចាប់តាំងពីចុងឆ្នាំនេះតទៅ»។
ជប៉ុនដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធមួយរបស់សហរដ្ឋអាមេរិក បានក្លាយជាទីតាំងរបស់កងកម្លាំងយោធាសហរដ្ឋអាមេរិកដ៏ធំបំផុតនៅខាងក្រៅសហរដ្ឋអាមេរិក រួមទាំងនាវា យន្តហោះ និងទាហានម៉ារីនរាប់ពាន់នាក់ផង។
នាវាផ្ទុកយន្តហោះអង់គ្លេសដែលមានផ្ទុកយន្តហោះចម្បាំងទំនើបប្រភេទ F-35B នៅលើនោះផង នឹងចតនៅកំពង់ផែ Yokosuka ដែលជាទីបញ្ជាការកងនាវារបស់ជប៉ុន ហើយនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក USS Ronald Reagan ជានាវាផ្ទុកយន្តហោះសហរដ្ឋអាមេរិកតែមួយគត់ដែលត្រូវបានដាក់ពង្រាយនៅទីនោះ។
នាវារបស់អង់គ្លេសនឹងមិនមានមូលដ្ឋានអចិន្ត្រៃយ៍ទេ។ នេះបើតាមអ្នកនាំពាក្យស្ថានទូតអង់គ្លេសនៅក្នុងទីក្រុងតូក្យូដែលបាននិយាយនៅពេលដែលគេសួរថាតើកំពង់ផែមួយណាដែលនាវាអង់គ្លេសនឹងប្រតិបត្តិការនោះ។
នាវាផ្ទុកយន្តហោះ Queen Elizabeth នឹងត្រូវអមដោយនាវាពិឃាត២គ្រឿង កងនាវាចំនួន២ នាវាដឹកជញ្ជូន២គ្រឿង និងនាវា២គ្រឿងមកពីសហរដ្ឋអាមេរិក និងប្រទេសហូឡង់៕