អង់គ្លេស​ចាក់​វ៉ាក់សាំង​កូវីដ​១៩​ដល់​ក្មេង​អាយុពី​១២​ទៅ​១៥​ឆ្នាំ

រូបឯកសារ៖ ស្លាកសញ្ញា​បង្ហាញ​ទិសដៅ​សម្រាប់​ចូល​ទៅ​ក្នុង​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ នៅ​ទីក្រុងឡុងដ៍ ប្រទេស​អង់គ្លេស ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១។

លោក​សាស្ត្រាចារ្យ ​Chris Whitty​ ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​របស់​ចក្រភព​អង់គ្លេស​បាន​ផ្តល់​អនុសាសន៍​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ ក្មេង​អាយុ​ចន្លោះពី​១២​ឆ្នាំ​ទៅ​១៥​ឆ្នាំ​ត្រូវ​ចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ​១៩​ដោយ​លោក​និយាយ​ថា​ ​អត្ថ​ប្រយោជន៍​គឺ​បន្ថយ​ការ​រំខាន​ដល់​ការសិក្សា​របស់​ពួកគេ។​

កាលពី​ជាងមួយ​សប្តាហ៍​មុនគណៈ​កម្មការ​ចម្រុះ​ស្តីពី​វ៉ាក់សាំង​និង​ថ្នាំបង្ការ​រោគ​របស់​ចក្រភព​អង់គ្លេស​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​«កម្រិត​នៃ​ផល​ប្រយោជន៍»​ចាក់​វ៉ាក់សាំង​ឱ្យ​កុមារ​អាយុ​ចន្លោះពី​១២​ឆ្នាំ​ទៅ​១៥​ឆ្នាំគឺ​មាន​តិចតួច​ពេក​ហេតុនេះ​ហើយ​បាន​ជា​ពួកគេ​មិន​អាច​ផ្តល់​អនុសាសន៍​ឱ្យ​រដ្ឋាភិបាល​ចាក់វ៉ាក់សាំង​ឱ្យ​កុមារ​អាយុ​ចន្លោះពី​១២​ឆ្នាំ​ទៅ​១៥​ឆ្នាំ។​

ប៉ុន្តែ​នៅ​ថ្ងៃច័ន្ទ​លោក​ Chris Whitty​ រួម​ជាមួយ​សមភាគី​មក​ពី​ប្រទេស​ស្កុតលែន​ វេល​ និង​អៀរឡង់​ខាងជើង​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ ពួកគេ​កំពុង​ផ្តល់​អនុសាសន៍​ដល់​រដ្ឋមន្រ្តី​សុខាភិបាល​ប្រទេស​រៀងៗ​ខ្លួន​ថា​ក្មេង​អាយុ​ចន្លោះពី​១២​ឆ្នាំ​ទៅ​១៥​ឆ្នាំ​ត្រូវចាក់​វ៉ាក់សាំង​ Pfizer-BioNTech ​មួយ​ដូស។ ​ពួកគេ​មិនទាន់​សម្រេច​ចិត្ត​ថា​ តើត្រូវ​ចាក់​វ៉ាក់សាំង​ដូសទី​២​ដល់​សិស្ស​ឬ​យ៉ាងណា​ទេ។​

លោក​ Whitty​ បាន​និយាយ​សង្កត់ធ្ងន់​ថា​ ការ​ចាក់​វ៉ាក់សាំង​គួរតែ​ជា​«ជម្រើស» ​មិន​មែន​តម្រេូវការ​ទេ​ដោយ​លោក​បន្ថែម​ថា​«យើង​មិន​គិត​ថា​ នេះជា​ថ្នាំ​ព្យាបាល​រោគ​ទេ។​ នេះ​មិនមែន​ជា​វត្ថុទិព្វ​ទេ ... ប៉ុន្តែ​យើង​គិត​ថា​ ​សំខាន់​និង​មាន​ផល​ប្រយោជន៍​ជា​សក្តានុពល​ដើម្បី​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​សុខភាព​សាធារណៈតាម​រយៈ​ការ​រំខាន​ដល់​ការសិក្សា»។​

លោក​ Whitty ​បាន​និយាយ​ថា ​ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​បាន​ចែក​រំលែក​អនុសាសន៍​របស់​ជាមួយ​រដ្ឋមន្រ្តី​របស់ពួក​គេ​ ហើយ​ឥឡូវ​នេះ​វា​អាស្រ័យ​លើ​រដ្ឋមន្រ្តី​ក្នុង​ការ​សម្រេច​ថា​ តើត្រូវ​ឆ្លើយតប​យ៉ាង​ដូច​ម្តេច។​

សហ​រដ្ឋ​អាមេរិក​ប្រទេស​អ៊ីស្រាអែល​និង​បណ្តា​ប្រទេស​អឺរ៉ុប​មួយចំនួន​បាន​ចាក់​វ៉ាក់សាំង​ដល់​កុមារ ​ ហើយ​រដ្ឋាភិបាល​អង់គ្លេស​គួរ​ធ្វើ​ដូច​គ្នា។ ​

ប្រទេស​អង់​គ្លេស​មាន​មនុស្ស​ស្លាប់​ជាង​១៣៤.០០០​នាក់​ដោយសារ​ជំងឺកូវីដ១៩​ ហើយការ​ចាក់ថ្នាំ​បង្ការ​មានសភាព​យឺតយ៉ាវ​គឺ​៨១% ​អ្នក​ដែល​មាន​អាយុលើស​ពី​១៦​ឆ្នាំ​បាន​ចាក់​វ៉ាក់សាំង​ពីរ​ដូស៕


(ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ The Associated Press, Reuters និង Agence France-Presse)