ចក្រភព​អង់គ្លេស​ថា​ រុស្ស៊ី​អាច​កំពុង​ត្រៀម​​​​បិទ​ច្រកសមុទ្រ​ខ្មៅ​

រូប​ឯកសារ៖ រូបថត​ដែល​ត្រូវ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​របស់​ក្រសួង​ការពារជាតិ​រុស្ស៊ី​បង្ហាញ​នាវា​កងទ័ព​ជើង​ទឹក​រុស្ស៊ី ក្នុង​អំឡុង​សមយុទ្ធ​មួយ​នៅ​សមុទ្រ​ខ្មៅ។

ក្រសួង​ការពារ​ជាតិ​អង់គ្លេស​និយាយ​នៅ​ថ្ងៃពុធ​នេះ​ថា​ រុស្ស៊ី​បាន​ផ្លាស់​ប្តូរ​សកម្មភាពនាវា​របស់​ខ្លួននៅ​ក្នុង​សមុទ្រ​ខ្មៅ​ ហើយ​មាន​លទ្ធភាព​មួយ​ដែល​កងកម្លាំង​រុស្ស៊ី​ កំពុង​ត្រៀមពង្រឹង​បិទ​ផ្លូវចេញ​ចូល​របស់​អ៊ុយក្រែន​នៅ​ក្នុង​សមុទ្រ​នេះ។ ​

កាល​ពី​សប្តាហ៍​កន្លង​ទៅ​ រុស្ស៊ី​បាន​ដក​ខ្លួនចេញពី​កិច្ចព្រមព្រៀង​នាំ​ចេញ​គ្រាប់ធញ្ញជាតិ​ ដែល​មាន​អាយុ​ជិត​១​ឆ្នាំ​ ដែល​សម្របសម្រួល​ដោយ​អង្គការ​សហប្រជាជាតិ​និង​ប្រទេស​តួកគី​ ដែល​អនុញ្ញាត​ឱ្យ​មាន​ការដឹកជញ្ជូន​គ្រាប់ធញ្ញជាតិចេញ​ពី​កំពង់​ផែ​អ៊ុយក្រែន​ ដែល​ស្ថិត​ក្នុង​សមុទ្រ​ខ្មៅ។​ នៅ​មុន​ពេល​មាន​កិច្ចព្រមព្រៀង​នោះ​ ការ​ចូល​លុកលុយ​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​ ​បានបញ្ឈប់​ការ​នាំចេញ​គ្រាប់ធញ្ញជាតិ​ពី​ប្រទេស​នេះ ដែល​ធ្វើ​ឱ្យប៉ះពាល់​ដល់វិបត្តិ​ស្បៀងអាហារ​ពិភពលោកកាន់​តែ​អាក្រក់ខ្លាំង​ឡើង។​

នៅ​ក្នុងរបាយការណ៍​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ ក្រសួង​ការពារ​ជាតិ​អង់គ្លេសលើក​ឡើង​ថា​ នាវា​ចម្បាំងធុន​តូច​របស់​រុស្ស៊ី​ Sergey Kotov ​ ត្រូវ​បាន​ដាក់ប្រចាំការក្នុង​សមុទ្រ​ខ្មៅ​ និង​យាមល្បាត​ខ្សែ​ដឹកជញ្ជូនរវាង​ច្រកសមុទ្រ​ Bosporus និង​កំពង់ផែ Odesa ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូងអ៊ុយក្រែន។
ទន្ទឹម​នឹង​នេះ​ដែរ​ សហរដ្ឋ​អាមេរិក​ នឹង​បញ្ជូន​ជំនួយ​យោធាបន្ថែម​ដែល​មាន​ទឹក​ប្រាក់​៤រយលាន​ដុល្លារ​អាមេរិក​ ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន​ ដែល​ក្នុង​នោះ​រួម​មាន​មីស៊ីល​ការពារ​ដែន​អាកាស​ គ្រាប់​កំាភ្លើង​ផ្លោង ​យន្តហោះ​ដ្រូន​ធន់តូច និង​រថពាស​ដែក​មួយ​ចំនួន​ផង​ដែរ។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​ក្រសួង​ការពារ​ជាតិសហរដ្ឋ​អាមេរិក។​ ​

ការ​ប្រកាស​ផ្តល់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នេះ​ កើត​មាន​ឡើង នៅ​ចំ​ពេល​ដែល​កងកម្លាំង​អ៊ុយក្រែន​ កំពុងប្រឡូក​ក្នុង​សមរភូមិ​វាយបក​ប្រឆាំង​នឹង​កងកម្លាំង​ឈ្លានពាន​រុស្ស៊ី​ ​ដោយ​មាន​សន្ទុះ​យឺតៗ៕ ​

ព័ត៌មាន​មួយ​ចំនួន​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​បាន​មក​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ The Associated Press, Agence France-Presse និង Reuters ។