លោកស្រីនាយករដ្ឋមន្ត្រី Theresa May នៃប្រទេសអង់គ្លេសប្រឈមនឹងការបោះឆ្នោតមិនទុកចិត្តពីក្រុមសមាជិកសភានៃគណបក្សអភិរក្សនិយមរបស់លោកស្រីនៅថ្ងៃពុធនេះ ដែលជាផលវិបាកថ្មីៗបំផុតនៃរបៀបដោះស្រាយរបស់លោកស្រីអំពីដំណើរការដកប្រទេសអង់គ្លេសចេញពីសហភាពអឺរ៉ុប។
ប្រសិនបើក្រុមអភិរក្សនិយមភាគច្រើននៅក្នុងសភាតំណាងរាស្ត្រអង់គ្លេសបោះឆ្នោតប្រឆាំងនឹងលោកស្រី May លោកស្រីនឹងត្រូវតែចុះចេញពីតំណែងនាយករដ្ឋមន្ត្រី។ ក៏ប៉ុន្តែប្រសិនបើលោកស្រីទទួលសំឡេងឆ្នោតទុកចិត្ត ការបោះឆ្នោតអំពីការទុកចិត្តនឹងអាចមានធ្វើក្នុងពេលមួយឆ្នាំទៀត។
លោកស្រី May បានប្តេជ្ញាថា នឹងប្រយុទ្ធក្នុងការបោះឆ្នោតនេះ «ជាមួយអ្វីទាំង អស់ដែលលោកស្រីមាន» ហើយលោកស្រីបាននិយាយថា ការផ្លាស់ប្តូរពួកមេដឹកនាំនៅពេលនេះអាចធ្វើឱ្យមានផលមិនល្អដល់ដំណើរការ Brexit។
លោក Ian Lavery ដែលជាប្រធានគណបក្សពលករ ដែលជាគណបក្សប្រឆាំងធំជាងគេនៅក្នុងប្រទេសអង់គ្លេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ភាពកម្សោយនិងបរាជ័យរបស់លោកស្រី May បានធ្វើឱ្យរដ្ឋាភិបាលគាំងដំណើរទាំងស្រុងនៅពេលដ៏ពិបាកនេះសម្រាប់ប្រទេស»។
លោក Graham Brady មន្ត្រីរបស់គណបក្សអភិរក្សនិយមបានប្រកាសអំពីការបោះឆ្នោតនៅថ្ងៃពុធនេះដោយលោកបាននិយាយថា ការតម្រូវឱ្យមានយ៉ាងតិច ណាស់ ១៥ភាគរយនៃពួកសមាជិកសភារបស់គណបក្សដែលសុំឱ្យមានការបោះឆ្នោតនេះ បានសម្រេចតាមចំនួននេះហើយ។ លោក Brady បានថ្លែងថា លទ្ធផលនៃការបោះឆ្នោតនេះនឹងត្រូវប្រកាសឱ្យដឹងជាសាធារណៈ «ក្នុងពេលឆាប់ៗតាមដែលអាចធ្វើបាន»។
ប្រទេសអង់គ្លេសមានកំណត់នឹងចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ដែលជាលទ្ធផលនៃការបោះឆ្នោតប្រជាមតិមួយកាលពីឆ្នាំ២០១៦។ ភាគីទាំងពីរបានធ្វើការឱ្យមានកិច្ចព្រមព្រៀងមួយអំពីលក្ខខណ្ឌនៃការបែកគ្នា នៅក្រោយមានកិច្ចចរចាគ្នាយ៉ាងយូរមក ក៏ប៉ុន្តែកិច្ចព្រមព្រៀងនេះត្រូវតែទទួលការយល់ព្រមពីសភានៃប្រទេសអង់គ្លេសហើយកាលពីពេលមុននេះក្នុងសប្តាហ៍ នេះលោកស្រី May បានលុបចោលការ បោះឆ្នោត ដែលបានត្រូវគ្រោងធ្វើដែលទំនងជានឹងទទួលបរាជ័យ។
លោកស្រី May បានខិតខំព្យាយាមជួយសង្គ្រោះកិច្ចព្រមព្រៀងនេះតាមរយៈកិច្ចចរចាជាមួយ ក្រុមមេដឹកនាំអឺរ៉ុប។ ក៏ប៉ុន្តែក្រុមមេដឹកនាំសហភាពអឺរ៉ុបមានភាពម៉ឺងម៉ាត់អំពីការគ្មានបំណងរបស់ពួកគេក្នុងការធ្វើកិច្ចចរចាគ្នាជាថ្មីអំពីល័ក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងនេះ៕