ចក្រភពអង់គ្លេស​និង​បារាំង​ចូលរួម​គាំទ្រ​បាតុកម្ម​ប្រឆាំង​លោក Nicolas Maduro

​ប្រធានាធិបតី​ប្រទេស​វ៉េណេស៊ុយអេឡា​លោក Nicolas Maduro ស្ថិត​ក្នុង​ពិធី​បើករបស់​​តុលការកំពូល​ Supreme Court of Justice (TSJ) ទីក្រុង​ Caracas ប្រទេស​វ៉េណេស៊ុយអេឡា​កាលពី​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។

កាលពី​ថ្ងៃព្រហស្បតិ៍​មិ្សលមិញ​ប្រទេសបារាំង​ និង​ចក្រភព​អង់គ្លេស​គឺ​ជា​ប្រទេស​ចុងក្រោយ​បំផុត​ដែល​បាន​បន្ថែម​ទម្ងន់​នៅ​ពី​ក្រោយ​ការប្រឆាំងតវ៉ា​នៅតាម​ផ្លូវ​ដ៏ខ្លាំង​ដែល​បង្ខំ​ឲ្យ​ប្រធានាធិបតី​ប្រទេស​វ៉េណេស៊ុយអេឡា​លោក Nicolas Maduro ​ចុះចេញ​ពី​តំណែង​ដោយ​បាន​ហៅ​មេ​ដឹកនាំ​ប្រទេស​នេះ​ថា​ជា​មេដឹកនាំ​ខុសច្បាប់។

ពលរដ្ឋវ៉េណេស៊ុយអេឡារាប់សែននាក់​បាន​ធ្វើ​បាតុកម្ម​ដើម្បី​បន្ត​ទាមទារ​ឲ្យ​លោក Maduro ចុះ​ចេញ​ពី​តំណែង​ ដែល​ទិដ្ឋភាព​នេះ​បាន​ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​ដល់​ការផ្ទុះ​ឡើងកម្លាំង​ប្រជានិយម​នៅក្នុង​ប្រទេសអ៊ុយក្រែន​កាល​ពី​ឆ្នាំ២០១៤ ដែល​បាន​បណ្តេញ​មេដឹកនាំ​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុងម៉ូស្គូ​ចេញ​ពី​អំណាច។ ប្រធានាធិបតីបារាំង លោកEmmanuel Macronបាន​បង្ហាញ​ការគាំទ្រ​របស់​លោក​ ដោយ​បាន​និយាយ​ថា លោក​ស្វាគមន៍​ចំពោះ​ការលើកទឹកចិត្ត​ដល់​ពលរដ្ឋ​វ៉េណេស៊ុយអេឡា​រាប់សែននាក់ដែល​ទាមទារ​សេរីភាព​របស់​ពួកគេ។

មេដឹកនាំ​ក្រុមប្រឆាំង​វ៉េណេស៊ុយអេឡា​និង​ជាប្រធាន​រដ្ឋសភាជាតិ​លោក Juan Guaido​ បាន​ប្រកាស​ខ្លួនឯង​ថា​ជា​មេដឹក​ប្រទេស​វ៉េណេស៊ុយអេឡា​បណ្តោះអាសន្ន​កាល​ពី​ថ្ងៃពុធ​ ដោយ​បាន​ទទួល​ការគាំទ្រ​ពី​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​ និង​រដ្ឋ​ជាច្រើន​ទៀត​នៅ​តំបន់អាមេរិកឡាទីន​ រួមទាំង​ប្រទេសកូឡុំប៊ី​ដែល​ជា​ប្រទេស​ជិតខាង​របស់​ប្រទេស​វ៉េណេស៊ុយអេឡា​ផងដែរ។

ការប្រកាស​ដូចនេះ​របស់​លោក Juan Guaidoបាន​ធ្វើ​ឲ្យ​លោក Maduroដែល​បាន​ដឹកនាំ​ប្រទេស​សម្បូរ​ប្រេង​មួយ​នេះ​តាំង​ពី​ឆ្នាំ២០១៣​មក​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​សហរដ្ឋអាមេរិក​និង​បាន​ទាមទារ​ឲ្យ​អ្នកការទូត​៧៥នាក់​ទៀត​ចាកចេញ​ពីប្រទេស៕