អង់គ្លេស​​បារម្ភ​អំពី​បទ​ចោទ​លើ​ជនជាតិ​អង់គ្លេស​ដើម​កំណើត​អាមេរិកាំង​ដែល​កំពុង​ជាប់​ឃុំ​នៅ​រុស្ស៊ី

រូប​លោក Paul Whelan ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​រុស្ស៊ី​ដោយ​សង្ស័យ​ថា​ជា​ចារកម្ម។ រូប​ថត​បញ្ចេញ​ដោយ​ក្រុម​គ្រួសារ​របស់​លោក​កាល​ពី​ថ្ងៃ​ទី​១ មករា ២០១៩។

រដ្ឋ​មន្រ្តីការ​បរទេស​អង់គ្លេស​លោក ​Jeremy Hunt​ កាល​ពី​ថ្ងៃ​សុក្រ​បាន​និយាយ​ថា លោក​ពិត​ជា​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​ចាប់​ខ្លួន​អតីត​ទាហាន​ម៉ារីន​អាមេរិកាំង​លោក Paul Whelan​ ក្នុង​ប្រទេស​រុស្ស៊ី ​ក្រោម​បទ​ចោទ​ធ្វើ​ចារកម្ម។

តាម​រយៈ​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ Sky News ​លោក​ Hunt ​បាន​ព្រមាន​រុស្ស៊ី​ថា «បុគ្គល​ណា​ក៏ដោយ​មិន​គួរ​ត្រូវ​បាន​ប្រើ​ប្រាស់​ធ្វើ​ជា​កូន​អុក​នៃ​អំណាច​ការទូត​នោះ​ទេ​ និង​ថា​ប្រទេស​អង់គ្លេស​នឹង​ផ្តល់​ការ​គាំទ្រ​គ្រប់​យ៉ាង​ដែល​អាច​អ្វី​បាន»។

ស្ថានទូត​អាមេរិក​បាន​ប្រាប់​អំពី​សញ្ជាតិ​អង់គ្លេស​របស់​លោក ​Whelan​ ដល់​មន្រ្តី​ចក្រភព​អង់គ្លេស​កាល​ពី​ថ្ងៃ​សុក្រ។ នេះ​បើ​យោង​តាម​សារព័ត៌មាន ​Press Association​ របស់​អង់គ្លេស។ ​ការ​បើក​បង្ហាញ​អំពី​សញ្ជាតិ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ឯក​អគ្គរដ្ឋទូត​អាមេរិក​លោក ​Jon Huntsman​ ជួប​ជាមួយ​លោក ​Whelan​ នៅ​ក្នុង​ពន្ធនាគារ​ក្នុង​ទីក្រុង​មូស្គូ។

កាល​ពី​ថ្ងៃ​ចន្ទ មន្រ្តី​ទីភ្នាក់ងារ​សន្តិសុខ​សហព័ន្ធ​រុស្ស៊ី ​FSB ​បាន​និយាយ​ថា​ លោក ​Whelan​ មាន​វ័យ​៤៨ឆ្នាំ​ត្រូវ​បាន​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី២៨​ ខែ​ធ្នូ ខណៈ​កំពុង​ធ្វើ​សកម្មភាព​ចារកម្ម​ ហើយ​ការ​ស៊ើប​អង្កេត​លើ​បទ​ព្រហ្មទណ្ឌ​មួយ​ត្រូវ​បាន​គេ​ដាក់​បញ្ជា។

ទីភ្នាក់ងារ ​FSB​ មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​លើ​ករណី​នេះ​ទេ​ ប៉ុន្តែ​ទីភ្នាក់​សារព័ត៌មាន​ TASS​ របស់​រដ្ឋ​រុស្ស៊ី​បាន​រាយការណ៍​ថា លោក​ Whelan​ ប្រឈម​នឹង​ការ​ចាប់​ពន្ធនាគារ​រហូត​ដល់​២០​ឆ្នាំ​ ប្រសិន​បើ​រក​ឃើញ​ថា​មាន​ទោស៕