ប្រេស៊ីលមានមនុស្សស្លាប់ច្រើនបំផុតដោយសារមេរោគកូរ៉ូណា ខណៈលោកត្រាំដាក់បម្រាមលើការធ្វើដំណើរ

រូ​បឯកសារ៖ អ្នកជំងឺកូវីដ១៩នៅមន្ទីរពេទ្យមួយនៅក្រុង Manaus ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

ចំនួនមនុស្សស្លាប់ប្រចាំថ្ងៃនៅក្នុងប្រទេសប្រេស៊ីលពីមេរោគកូរ៉ូណាថ្មីបានឡើងទៅ​ដល់​១ពាន់​១រយ​៧៩នាក់​កាលពីថ្ងៃអង្គារនៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយ​ថា លោកកំពុងពិចារណាដាក់ការហាមឃាត់លើការធ្វើដំណើរមកពីប្រទេសប្រេស៊ីល។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។

ចំនួនអ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតមុនថ្ងៃអង្គារគឺ ៨៨១នាក់នៅថ្ងៃទី១២ ខែឧសភា។ ការរាតត្បាតនៃមេរោគកូរ៉ូណាបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏១ម៉ឺន៧ពាន់៩រយ៧១នាក់នៅក្នុងប្រទេសប្រេស៊ីល។ នេះបើតាមក្រសួងសុខាភិបាលប្រទេសប្រេស៊ីល។

ប្រេស៊ីលមានចំនួនលើសចក្រភពអង់គ្លេសកាលពីថ្ងៃចន្ទបានក្លាយជាប្រទេសដែលមានការឆ្លងច្រើនបំផុតទី៣ បន្ទាប់ពីប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិក។ ការឆ្លងមេរោគកូរ៉ូណានៃប្រទេសប្រេស៊ីលក៏បានហក់ឡើងដល់ចំនួន១ម៉ឺន៧ពាន់៤រយ៨ករណីកាលពីថ្ងៃអង្គារ ហើយចំនួនមនុស្សសរុបទាំងអស់២សែន៧ម៉ឺន១ពាន់៦រយ២៨នាក់ដែលបានធ្វើតេស្តមានមេរោគកូរ៉ូណាវិជ្ជមាន។

លោក Jair Bolsonaro ប្រធានាធិបតីនៃប្រទេសប្រេស៊ីលដែលជាសម្ព័ន្ធមិត្តខាងមនោគមវិជ្ជារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានទទួលរងការរិះគន់យ៉ាងខ្លាំងចំពោះចំណាត់ការរបស់លោកនៃការផ្ទុះឡើងមេរោគនេះ ដូចជា ការជំទាស់ប្រឆាំងការរឹតត្បិតលើការធ្វើដំណើរដែលលោកមើលឃើញថា មានការប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច។

ប្រធានាធិបតី Bolsonaro បាននិយាយថា លោក Eduardo Pazuello រដ្ឋមន្រ្តីក្រសួងសុខាភិបាលស្តីទី នឹងចេញគោលការណ៍ណែនាំថ្មីនៅថ្ងៃពុធនេះដើម្បីពង្រីកការប្រើឱសថ Chloriquine ដែលជាថ្នាំព្យាបាលជំងឺគ្រុនចាញ់ដើម្បីព្យាបាលមេរោគកូរ៉ូណា។

លោក Nelson Teich រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលាចេញពីតំណែងកាលពីថ្ងៃសុក្រសប្តាហ៍មុននៅក្រោមសម្ពាធឲ្យចុះហត្ថលេខាលើគោលការណ៍ណែនាំដែលបានធ្វើឲ្យលោកក្លាយជាវេជ្ជបណ្ឌិតដែលបានទទួលការបណ្តុះបណ្តាលលើកទី២ចុះចេញពីតំណែងក្នុងរយៈពេលមួយខែ៕