ប្រធានាធិបតី​ប្រេស៊ីល​ថា លោក​ធ្វើ​តេស្ត​ឃើញ​ឆ្លង​ជំងឺ​កូវីដ១៩ ជា​លើក​ទី​ពីរ

លោក Jair Bolsonaro ប្រធានាធិបតីប្រេស៊ីល ចូលរួមពិធីទម្លាក់ទង់ជាតិ នៅវិមានប្រធានាធិបតី ក្នុងរដ្ឋធានីប្រាស៊ីលីយ៉ា កាលពីថ្ងទី១៥ ខែកក្កដា ឆ្នាំ២០២០។

ប្រធានាធិបតី​ប្រេស៊ីល​លោក Jair Bolsonaro នៅតែ​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​លោក​បាន​ប្រកាស​ថា លោក​បាន​ធ្វើ​តេស្ត​ឃើញ​ថា​មាន​ឆ្លង​ជំងឺ​កូវីដ១៩ ជា​លើក​ទី​ពីរ។

ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ខាង​ក្រៅ​វិមាន​ប្រធានាធិបតី​ក្នុង​រដ្ឋធានី​ប្រាស៊ីលីយ៉ា លោក Bolsonaro បាន​និយាយ​ថា លោក​នឹង​ធ្វើ​តេស្ត​ម្ដង​ទៀត​នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ដោយ​សង្ឃឹម​ថា​អាច​ចាប់ផ្ដើម​កិច្ចការ​មួយ​ចំនួន​របស់​លោក​ឡើង​វិញ។

លោក Bolsonaro បាន​ទទូច​ថា ថ្នាំ hydroxychloroquine ដែល​ជា​ថ្នាំ​ព្យាបាល​ជំងឺ​គ្រុនចាញ់ បាន​ជួយ​លោក​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩បាន ទោះបីជា​អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា គ្មាន​ភស្តុតាង​ផ្នែក​វេជ្ជសាស្ត្រ​ណា​មួយ​បង្ហាញ​អំពី​ប្រសិទ្ធភាព​នៃ​ថ្នាំ​នេះ​ក៏​ដោយ។

ចាប់តាំង​ពី​ជំងឺ​កូវីដ១៩ បាន​ផ្ទុះ​ឆ្លង​រាលដាល​ដំបូង​កាល​ពី ៤ ខែ​មុន​មក លោក Bolsonaro ហាក់​មិន​គិត​ថា ជំងឺ​នេះ​មាន​ភាព​ធ្ងន់ធ្ងរ​ខ្លាំង​នោះ​ទេ ដោយ​បាន​រិះគន់​អភិបាល​រដ្ឋ​នានា​របស់​ប្រទេស​ប្រេស៊ីល​ថា​បាន​ដាក់​កំហិត​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ។

ប្រទេស​ប្រេស៊ីល​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ច្រើន​ជាង​គេ​បំផុត​ទី​ពីរ​នៅ​លើ​ពិភលោក បន្ទាប់ពី​សហរដ្ឋ​អាមេរិក។

ប្រទេស​នេះ​មាន​ករណី​ឆ្លង​ជំងឺ​នេះ ជិត ២ លាន​នាក់ និង​ករណី​ស្លាប់​ជាង ៧៥.០០០ នាក់៕