មួយថ្ងៃបន្ទាប់ពីសហភាពអឺរ៉ុប បានសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ«គ្រប់មុខទំនិញលើកលែកសព្វាវុធ» មកលើកម្ពុជា ក្រុមសហជីពកម្មករ និងអ្នកបញ្ជាទិញ និយាយថា កម្ពុជានឹងរងផលប៉ះពាល់ ប៉ុន្តែពួកគេថា វាលឿនពេកក្នុងការបញ្ជាក់ពីទំហំនៃផលប៉ះពាល់នេះ។
សហភាពអឺរ៉ុបបានសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនៅកម្ពុជា «គ្រប់មុខទំនិញលើកលែងសព្វាវុធ»ឬ “Everything But Arms” (EBA) ទៅលើមុខទំនិញមួយចំនួន ដែលវានឹងប៉ះពាល់ការនាំចេញសរុបរបស់កម្ពុជាទៅសហភាពអឺរ៉ុប។
បើតាមសេចក្តីសម្រេច ការព្យួរនេះនឹងប៉ះពាល់ផលិតផលស្បែកជើង និងសម្លៀកបំពាក់មួយចំនួន ហើយទំនិញសម្រាប់ធ្វើដំណើរ និងស្ករ ត្រូវបានសម្រេចព្យួរទាំងស្រុង។
ក្រុមសហជីពនិងសហភាពការងារកម្ពុជា យល់ឃើញថា ផលប៉ះពាល់ពីការដកប្រព័ន្ធអនុគ្រោះពន្ធ EBA គឺមិនអាចជៀសបាន ប៉ុន្តែទំហំនៃផលប៉ះពាល់នៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ដោយសារតែវាឆាប់ពេកក្នុងការទស្សន៍ទាយ។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជាបាននិយាយថា ផលប៉ះពាល់នឹងជៀសមិនរួច។
អ្នកស្រីបាននិយាយប្រាប់វីអូអេ កាលពីរសៀលថ្ងៃព្រហស្បតិ៍នេះថា៖ «មកដល់ពេលនេះ យើងមិនទាន់ឃើញសញ្ញាអីមួយច្បាស់លាស់ពាក់ព័ន្ធជាមួយនឹងរោងចក្រទេ មកដល់ពេលថ្ងៃនេះណា។ ប៉ុន្តែ ខ្ញុំអត់ដឹងថាទៅថ្ងៃស្អែកខាងស្អែកឬថ្ងៃខាងមុខ នឹងមានសញ្ញាអីដែលបញ្ជាក់ថា រោងចក្រត្រូវបានប្រឈមនៅក្នុងជួរការងារក៏ដូចជាបិទទ្វារអីអ៊ីចឹង។ យើងអត់ទាន់ដឹងច្បាស់នៅឡើយទេ»។
អ្នកស្រី យ៉ាង សុភ័ណ្ឌ បង្ហាញការសោកស្តាយចំពោះសេចក្តីសម្រេចរបស់សហគមន៍អឺរ៉ុបមួយនេះ និងខកចិត្តដែលរដ្ឋាភិបាលកម្ពុជាមិនបានទប់ស្កាត់បញ្ហានេះ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជានិយាយថា សេចក្តីសម្រេចរបស់សហភាពអឺរ៉ុបនេះ គឺមានភាពបន្ធូរបន្ថយច្រើនសម្រាប់កម្ពុជា ដោយសារតែគេនៅទុកពេលឲ្យកម្ពុជារហូតដល់៦ខែទៀត។ ទោះយ៉ាងណាក្តី នៅពេលនេះលោកថា ផលប៉ះពាល់តិចឬច្រើន គឺស្ថិតនៅលើការសម្រេចចិត្តរបស់អ្នកបញ្ជាទិញ។
«អ៊ីចឹងខ្ញុំគិតថា យ៉ាងយូរបំផុតប្រហែលជាមួយខែហ្នឹងទៀត គឺគេសម្រេចថាតើគេត្រូវបន្តធ្វើវិនិយោគទុនបន្តទៅទៀតជាធម្មតា ឬក៏គេនឹងកាត់ចំនួនណាមួយ ឬក៏គេកាត់ភាគច្រើនមួយ វាអាស្រ័យទៅលើការសម្រេចចិត្តរបស់ពួកគេ។ ប៉ុន្តែគ្រាន់តែថាពេលនេះវាថ្មី ទើបនឹងចាប់ផ្តើម»។
លោក គង់ អាទិត្យ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា CCAWDU បាននិយាយថា វិធានការដកការអនុគ្រោះពន្ធរបស់សហគមន៍អឺរ៉ុបនេះគឺបានប៉ះពាល់ភាគីទាំងសងខាងជាពិសេសកម្មកររោងចក្រកម្ពុជា។ លោកស្នើឲ្យសហគមន៍អឺរ៉ុបនិងរដ្ឋាភិបាលស្វែងរកដំណោះស្រាយណាមួយដែលសមស្របជាងនេះ។
លោកបាននិយាយប្រាប់វីអូអេនៅរសៀលនេះថា៖ «ព្រោះពួកយើងខាងកម្មករយើងអត់មានអំណាច។ យើងមិនមានកូនសោរសំខាន់ក្នុងការទៅដោះស្រាយរឿងហ្នឹងទេ។ អ៊ីចឹងយើងនៅតែស្នើទៅភាគីទាំងអស់ កុំឲ្យរើសយកយន្តការណាមួយដែលប៉ះពាល់ដល់កម្មករដល់ជីវភាពរបស់គាត់»។
លោកស្រី Astrid Noren Nilsson សាស្ត្រាចារ្យមជ្ឈមណ្ឌលសិក្សាកិច្ចការអាស៊ីខាងកើតនិងអាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យ Lund ក្នុងប្រទេសស៊ុយអែត បានប្រាប់វីអូអេថា ការសម្រេចចិត្តនេះ មិនគួរឲ្យភ្ញាក់ផ្អើលនោះទេ ទោះជាសហគមន៍អឺរ៉ុបមិនចង់ឲ្យមានលទ្ធផលបែបនេះក៏ដោយ។
អ្នកស្រីបានសរសេរតាមសារអេឡិចត្រូនិកថា៖ «ប៉ុន្តែ ដើម្បីឲ្យការគំរាមចាត់វិធានការណាមួយនៅពេលអនាគត ជឿទុកចិត្តបាន សហគមន៍មានជម្រើសតិចតួចបន្ទាប់ពីដំណើរការត្រួតពិនិត្យរយៈពេលវែងមួយ មិនផ្តល់ផលដែលសហគមន៍នេះចង់បាន។ ការសម្រេចនេះនឹងរុញច្រានឲ្យរដ្ឋាភិបាលកម្ពុជាកាន់តែឃ្លាតឆ្ងាយពីសហគមន៍នេះ»។
លោក Miguel Chanco សេដ្ឋវិទូប្រចាំតំបន់អាស៊ីរបស់ក្រុមហ៊ុនស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច Pantheon Macroeconomics និយាយថា ការសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ«គ្រប់មុខទំនិញលើកលែកសព្វាវុធ» លើកម្ពុជានឹងមានផលប៉ះពាល់ភ្លាមៗ នៅពេលដែលអ្នកបញ្ជាទិញចាប់ផ្តើមវាយតម្លៃការចំណាយលើខ្សែចង្វាក់ផ្គត់ផ្គង់ផលិតកម្មដែលនឹងកើនឡើងក្នុងរយៈពេល៦ខែខាងមុខ។
លោក Miguel Chanco បានសរសេរតាមសារអេឡិចត្រូនិកថា៖ «នៅពេលដែលការបញ្ជាទិញធ្លាក់ចុះ អ្នកនាំចេញទំនិញគោលដៅនឹងរងគ្រោះ មុនពេលដែលការដកការអនុគ្រោះពន្ធនេះចាប់ផ្តើមទៅទៀត»។
មន្ត្រីទំនាក់ទំនង របស់ក្រុមហ៊ុន Adidas លោក Stefan Pursche បានប្រាប់វីអូអេតាមប្រព័ន្ធអេឡិចត្រូនិកថា៖ «យើងនឹងពិនិត្យទៅលើការប៉ះពាល់របស់ការសម្រេចចិត្តនេះ។ សូមយល់ថា ដូច្នេះហើយបានជាយើងមិនអាចអត្ថាធិប្បាយច្រើនទៅលើរឿងនេះ។ ក្រុមហ៊ុន Adidas មានវិធានការច្បាស់លាស់ដើម្បីធានាលក្ខខណ្ខការត្រឹមត្រូវ និងមានសុវត្ថិភាពក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្ម ហើយ ដូច្នេះវាចូលរួមចំណែកក្នុងការគាំទ្រសិទ្ធិមនុស្សនៅរោងចក្រ»។
លោកបានបន្ថែមថា៖ «ឧទាហរណ៍ និយោជិក ធ្វើការនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្ម ក្រុមហ៊ុន Adidas គឺជាអ្នកដែលទទួលបានប្រាក់ខែខ្ពស់ជាងគេបង្អស់នៅក្នុងឧស្សាហកម្មនេះ»។
លោក ខេន លូ ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជាក៏មិនទាន់អាចបញ្ជាក់ពីផលប៉ះពាល់ដោយសារការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះបានដែរ។
ការព្យួរបណ្តោះអាសន្ននេះនឹងប៉ះពាល់ដល់ការនាំចេញក្នុងទំហំទឹកប្រាក់ប្រមាណ ១,១០០លានដុល្លារជារៀងរាល់ឆ្នាំ ដែលស្មើប្រមាណ ២០ភាគរយនៃទំហំទឹកប្រាក់នៃការនាំចេញសរុបពីកម្ពុជា ដែលមានតម្លៃប្រមាណ ៥,៨០០លានដុល្លារអាមេរិក។
សេចក្តីសម្រេចបញ្ជាក់ថា ប្រសិនបើគ្មានការជំទាស់ពីសភាអឺរ៉ុប និងក្រុមប្រឹក្សានៅពេលខាងមុខ ការព្យួរនេះនឹងចូលជាធរមាននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។
យោងតាមរបាយការណ៍របស់សហភាពអឺរ៉ុប ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបក្នុងឆ្នាំ២០១៨ មានទំហំប្រមាណ ៥,៨ពាន់លានដុល្លារ ដែលក្នុងនោះផលិតផលសម្លៀកបំពាក់ មានជាង ៧៣,៤ភាគរយនៃការនាំចេញ ស្បែកជើងប្រមាណ១២,៧ភាគរយ កង់ ៥,៧ភាគរយ និងអង្ករ ៣ភាគរយ៕