ប្រទេស​ចិន​ចាក់​ដី​ពង្រីក​កោះ និង​ធ្វើ​ការ​យាម​ល្បាត​កាន់​តែ​ច្រើន​ឡើង​ក្រោយ​ការ​សម្រេច​របស់​តុលាការ​អន្តរជាតិ

ប្រទេស​វៀតណាម​បង្ហាញ​នូវ​ប្រព័ន្ធ​ការពារ​តំបន់​ឆ្នេរ​របស់​ខ្លួន​ចំ​ពេល​មាន​ភាព​តានតឹង​ទៅ​លើ​បញ្ហា​សមុទ្រ​ខាង​ត្បូង។

បណ្តាញ​ផ្សាយ​ព័ត៌មាន​របស់​រដ្ឋ​ក្នុង​ប្រទេស​ចិន រាយការណ៍​នៅ​សប្តាហ៍​នេះ​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង កំពុង​សង្ឃឹម​ថា​នៅ​ឆ្នាំ​ក្រោយ​នេះ​នឹង​បញ្ចប់​ក្រម​ប្រតិបត្តិ​សម្រាប់​សមុទ្រ​ចិន​ខាង​ត្បូង ដែល​អាច​កាត់​បន្ថយ​ភាព​តាន​តឹង​ក្នុង​ជម្លោះ​ដែនដី​ រវាង​បណ្តា​ប្រទេស​ក្នុង​តំបន់។ សារព័ត៌មានផ្លូវ​ការ​របស់​រដ្ឋ China Daily ​បាន​រាយការណ៍​ថា​ ក្រុម​អ្នក​ការ​ទូត​តំណាង​ឲ្យ​ប្រទេស​ចិន និង​បណ្តា​ប្រទេស​ជា​សមាជិកនៃ​សមាគម​អាស៊ាន បាន​អនុម័ត្ត​លើ​ប្រព័ន្ធទាក់​ទង​គ្នាមួយ​សម្រាប់​គ្រា​មាន​អាសន្ន​នៅ​សមុទ្រ ហើយ​បាន​តាំង​ចិត្ត​ថា​នឹង​បញ្ចប់​ក្រម​ប្រតិបត្តិ នៅ​មុន​ពាក់​កណ្តាល​ឆ្នាំ​ក្រោយ។

ការ​បញ្ចប់​ក្រម​ប្រតិបត្តិ​នេះ នឹង​ជា​ដំណោះ​ស្រាយ​យ៉ាង​ធំ​មួយ ក្រោយ​ពី​ការ​ចចារ​មិន​បាន​លទ្ធផល​អស់​ពេល​ជាង​១០​ឆ្នាំ​កន្លង​មក។ ក្រុម​អ្នក​សង្កេត​ការ​ពី​ក្រៅ​មាន​ការ​មន្ទិល​សង្ស័យ​ចំពោះ​លទ្ធភាព​នៃ​ការសម្រេច​ក្រម​ប្រតិបត្តិ​នេះ មួយ​ផ្នែក​គឺ​ដោយ​សារ​ឥរិយាបទ​កាន់​តែគគ្លើន​របស់​ចិន នៅ​ក្នុង​តំបន់​នោះ បន្ទាប់​ពី​តុលាការ​អាជ្ញាកណ្តាល​របស់​អសប បាន​ច្រាន​ចោលការ​ទាមទារ​ជា​ច្រើន​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង៕