ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​វិភាគ​ថា ប្រទេស​កម្ពុជា​នឹង​ជួប​ផល​វិបាក​នៅ​ក្នុង​ការ​លម្អៀង​ទៅ​រក​ប្រទេស​ចិន


លោក Li Keqiang នាយក​រដ្ឋ​មន្រ្តី​ចិន (រូប​ឆ្វេង) និយាយ​ជាមួយ​នឹង​លោក Wang Yi រដ្ឋ​មន្រ្តី​ការបរទេស​ចិន (រូប​កណ្តាល) នៅ​ពេល​លោក និង​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ចូលរួម​ពិធី​បើក​ជា​ផ្លូវ​ការ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​នៅ​ក្នុង​ក្រុង​អ៊ូឡង់បាទ័រ (Ulaanbaatar) ប្រទេស​ម៉ុងហ្គោលី កាលពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។

វិស័យ​ការ​ទូត​កម្ពុជា​អាច​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​ធ្វើឲ្យ​សេចក្ដី​ថ្លែងការណ៍​អាស៊ាន ដែល​មាន​គោល​បំណង​ប្រឆាំង​នឹង​មហិច្ឆតា​ដែន​សមុទ្រ​របស់​ប្រទេស​ចិន មិន​សូវ​មាន​ប្រសិទ្ធភាព។ ប៉ុន្តែ​អ្នកវិភាគ​បាន​លើកឡើង​ថា នេះ​គ្រាន់​តែ​ជា​ជោគជ័យ​តែ​សំបក​ក្រៅ​តែ​ប៉ុណ្ណោះ ដោយ​វា​បាន​ធ្វើឲ្យ​​ប្រទេស​​នៃ​សមាគម​អាស៊ាន​បែកបាក់​គ្នា​ទាំង​ក្នុង​វិស័យ​នយោបាយ និង​វិស័យ​សេដ្ឋកិច្ច។

វិស័យ​ការ​ទូត​កម្ពុជា​អាច​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​ធ្វើឲ្យ​សេចក្ដី​ថ្លែងការណ៍​អាស៊ាន ដែល​មាន​គោល​បំណង​ប្រឆាំង​នឹង​មហិច្ឆតា​ដែន​សមុទ្រ​របស់​ប្រទេស​ចិន មិន​សូវ​មាន​ប្រសិទ្ធភាព។ ប៉ុន្តែ​អ្នកវិភាគ​បាន​លើក​ឡើង​ថា នេះ​គ្រាន់​តែ​ជា​ជោគជ័យ​តែ​សំបក​ក្រៅ​តែ​ប៉ុណ្ណោះ ដោយ​វា​បាន​ធ្វើឲ្យ​ក្រុម​ប្រទេស​ពាណិជ្ជកម្ម​សេរី​នៃ​សមាគម​អាស៊ាន​ទាំង​១០​បែកបាក់​គ្នា។

ក្រុម​អ្នកវិភាគ​ទាំង​នោះ​បាន​និយាយ​ថា ការ​បដិសេធ​របស់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ការ​គាំទ្រ​ឲ្យ​មាន​នូវ​ដំណោះស្រាយ​ពហុ​ភាគី​ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ក៏​បាន​ធ្វើឲ្យ​សមាគម​អាស៊ាន​មាន​ការ​បែកបាក់​ផ្នែក​នយោបាយ​ផង​ដែរ ហើយ​វា​ដល់​ពេល​ដែល​ត្រូវ​គិតគូរ​ពី​បញ្ហា​នេះ​ឡើង​វិញ​ហើយ។

លោក Billy Chia-Lung Tai ដែល​ជា​អ្នក​សិក្សា​ស្រាវជ្រាវ និង​ជា​អ្នកវិភាគ​ឯករាជ្យ​ជនជាតិ​តៃវ៉ាន់ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «នៅ​ពេល​ដែល​អ្នក​សម្លឹង​មើល​អាស៊ាន​ថា​ជា​សមាគម​រួម​មួយ សមាគម​នេះ​អាច​មាន​សក្ដានុពល​ធ្វើ​ជា​អ្នក​ដើរ​តួ​ដ៏​មាន​ឥទ្ធិពល​មួយ​នៅ​ក្នុង​តំបន់ ឬ​អាច​នៅ​ក្នុង​ពិភពលោក​ទៀត​ផង។ ប៉ុន្តែ​ បើ​តាម​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​វិញ ការ​មិន​ចុះ​សម្រុង​គ្នា​នេះ​បាន​បង្កើត​ឲ្យ​មាន​ការ​ថ្នាំងថ្នាក់​ចិត្ត​ជាច្រើន ដែល​ឥឡូវ​នេះ​ប្រហែលជា​មិន​ទាន់​ឃើញ​ច្បាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​ការ​ថ្នាំងថ្នាក់​ចិត្ត​នេះ​នឹង​លេចចេញ​ជា​រូបរាង​ឡើង​នៅ​ពេល​ណា​មួយ​ជាក់ជា​មិន​ខាន»។

ការ​ថ្នាំងថ្នាក់​ចិត្ត​នេះ​កើត​មាន​ឡើង បន្ទាប់ពី​ប្រទេស​កម្ពុជា​បាន​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​ប្រទេស​នៅ​ជុំវិញ​ក្បែរ​ខាង​ខ្លួន និង​បាន​គាំទ្រ​ប្រទេស​ចិន​ដើម្បី​ធ្វើឲ្យ​សេចក្ដី​ថ្លែងការណ៍​អាស៊ាន​ទាក់ទិន​នឹង​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​មិន​សូវ​មាន​ប្រសិទ្ធភាព នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​សមាគម​អាស៊ាន ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ឡាវ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​នេះ។

សេចក្ដី​ថ្លែងការណ៍​នេះ​មិន​បាន​និយាយ​ពី​ការ​ចាញ់​ក្ដី​របស់​ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី ១២ ខែ​កក្កដា កន្លង​ទៅ​នេះ នៅ​ក្នុង​ការ​កាត់​សេចក្ដី​របស់​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ​នៅ​ក្នុង​ទីក្រុង​ឡាអេ ដែល​បាន​សម្រេច​ថា «ប្រទេស​ចិន​គ្មាន​មូលដ្ឋាន​ផ្លូវ​ច្បាប់​ណាមួយ​ក្នុង​ការ​ទាមទារ​នូវ​សិទ្ធិ​កាន់កាប់​ជា​ប្រវត្តិសាស្ត្រ​នូវ​ធនធាន​នៅ​ក្នុង​បរិវេណ​ខ្សែ​បន្ទាត់​ព្រំដែន​សមុទ្រ​ដែល​កំណត់​ដោយ​ប្រទេស​ចិន​ខ្លួន​ឯង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ‍»។

ប្រទេស​ចិន​បាន​បដិសេធ​មិន​ទទួល​ស្គាល់​នូវ​យុត្តាធិការ​របស់​តុលាការ ដែល​ជា​ការ​វិវត្តន៍​មួយ​ដែល​គាំទ្រ​ដោយ​ប្រទេស​កម្ពុជា ឬ​ក៏​បាន​បដិសេធ​ទទួលស្គាល់​នូវ​សកម្មភាព​ផ្លូវ​ច្បាប់​ដែល​ផ្ដួចផ្ដើម​ឡើង​ដោយ​ប្រទេស​ហ្វីលីពីន។

ទាហាន​កិត្តិយស​ឈរ​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​របស់​ចិន នៅ​ខាង​ក្រៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
ទាហាន​កិត្តិយស​ឈរ​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​របស់​ចិន នៅ​ខាង​ក្រៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។

លុយ​មាន​ឥទ្ធិពល​លើ​អ្វីៗ​ទាំងអស់

សមុទ្រ​ចិន​ខាង​ត្បូង ដែល​គេ​ស្គាល់​ថា​ជា​សមុទ្រ​ខាង​កើត​នៅ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម និង​សមុទ្រ​ហ្វីលីពីន​ខាង​លិច​នៅ​ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ជា​តំបន់​ដែល​ភាគ​ច្រើន​សម្បូរ​ប្រជុំ​កូន​កោះ​ ផ្កាថ្ម ថ្ម​ប៉ប្រះ​ទឹក និង​ផ្ទាំង​ថ្ម​ចំនួន​រាប់​ពាន់ ដែល​គ្មាន​មនុស្ស​រស់នៅ។ តំបន់​ប្រជុំ​កូន​កោះ​ទាំង​នេះ​ត្រូវ​បាន​បែងចែក​ដោយ​ផ្លូវ​ទឹក​អន្តរជាតិ។

តំបន់​ប្រជុំ​កូន​កោះ​ទាំង​នេះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង រួម​មាន​ប្រជុំ​កោះ Paracel ស្ថិត​នៅ​ភាគ​ខាង​កើត​នៃ​ឆ្នេរ​សមុទ្រ​ប្រទេស​វៀតណាម ប្រជុំ​កោះ Spratly ស្ថិត​នៅ​កៀក​នឹង​ប្រទេស​ហ្វីលីពីន និង​កោះ Natuna ដែល​គ្រប់គ្រង​ដោយ​ប្រទេស​ឥណ្ឌូនេស៊ី ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​សមុទ្រ​ចិន​ខាង​ត្បូង។ ប្រទេស​សមាជិក​អាស៊ាន​ទាំង ៣ រួម​ទាំង​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ព្រុយណេ​ផង​ដែរ មាន​ការ​ទាមទារ​កាន់កាប់​កោះ​ទាំង​នោះ​ជាន់​គ្នា​ជាមួយ​ប្រទេស​ចិន។

ភាគី​ជម្លោះ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ជាពិសេស​ប្រទេស​វៀតណាម និង​ប្រទេស​ហ្វីលីពីន ចង់​ចរចា​ពហុភាគី​ជាមួយ​ប្រទេស​ចិន​តាម​រយៈ​សមាគម​អាស៊ាន។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បដិសេធ​នូវ​សំណើ​នេះ ហើយ​ដោយ​មាន​ការ​គាំទ្រ​ពី​រាជ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ក្នុង​ការ​ទទូច​ឲ្យ​មាន​នូវ​កិច្ច​ចរចា​ទ្វេភាគី​នោះ ដំណើរ​វិវត្តន៍​មួយ​នេះ​ត្រូវ​បាន​អ្នក​យុទ្ធសាស្ត្រ​លើក​ឡើង​ថា​នឹង​ផ្ដល់​អំណាច​បន្ថែម​ទៀត​ឲ្យ​ប្រទេស​ចិន​ក្នុង​ការ​គ្រប​សង្កត់​លើ​ប្រទេស​ជិត​ខាង​ដែល​មាន​ឥទ្ធិពល​ខ្សោយ​ជាង​ខ្លួន​នៅ​តុ​ចរចា។

ជម្លោះ​នេះ​ជា​ជម្លោះ​មួយ ដែល​ប្រទេស​តូច​មិន​សូវ​មាន​ឥទ្ធិពល​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច ដូចជា​ប្រទេស​កម្ពុជា​នេះ ស្វែងរក​បាន​ប្រទេស​ធំ​ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន​ដូចជា​ប្រទេស​ចិន​ជា​ដើម។

ប្រទេស​ចិន​បាន​ផ្ដល់​ជំនួយ និង​កម្ចី​មិន​មាន​លក្ខខណ្ឌ​តឹងតែង​ក្នុង​ទឹក​ប្រាក់​ប្រមាណ ១៥ ពាន់​លាន​ដុល្លារ​អាមេរិក ទៅ​ឲ្យ​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល ២ ទសវត្ស​ចុងក្រោយ​នេះ ហើយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រទេស​ចិន​បាន​ផ្ដល់​ជំនួយ​ឲ្យ​មាន​លក្ខណៈ​ស៊ីមេទ្រី​គ្នា​ជាមួយ​នឹង​ជំនួយ​របស់​បណ្ដា​ប្រទេស​លោក​ខាង​លិច ក្នុង​រង្វង់​ទឹក​ប្រាក់​ដុល្លារ​អាមេរិក​ស្មើ​គ្នា។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​បាន​ប្រកាស​ផ្ដល់​កញ្ចប់​ថវិកា​ជំនួយ​ក្នុង​ទឹក​ប្រាក់​ចំនួន ៦ រយ​លាន​ដុល្លារ​អាមេរិក​ភ្លាមៗ​ដល់​រដ្ឋាភិបាល​កម្ពុជា បន្ទាប់ពី​តុលាការ​អាជ្ញា​កណ្ដាល​អន្តរជាតិ​បាន​ប្រកាស​សាលក្រម​អំពី​បណ្ដឹង​ហ្វីលីពីន ដែល​ប្ដឹង​ប្រទេស​ចិន​ពាក់ព័ន្ធ​នឹង​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​បាន​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​បាន​គាំទ្រ​រដ្ឋាភិបាល​ចិន​ផង​ដែរ។

មួយ​សប្ដាហ៍​ក្រោយ​មក បន្ទាប់ពី​បញ្ចប់​កិច្ច​ប្រជុំ​នៅ​ប្រទេស​ឡាវ រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់​ថា ខ្លួន​នឹង​ផ្ដល់​ថវិកា​តាម​សំណើ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​សាងសង់​អាគារ​រដ្ឋបាល​កម្ពស់ ១២ ជាន់ សម្រាប់​រដ្ឋសភា​កម្ពុជា។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​ទទូច​អះអាង​ថា ជំនួយ​របស់​ប្រទេស​ចិន​មិន​មាន​ភ្ជាប់​លក្ខខណ្ឌ​អ្វី​នោះ​ទេ ដែល​មិន​ដូច​ជា​ជំនួយ​របស់​ប្រទេស​លោក​ខាង​លិច ដែល​ជា​ទូទៅ​ភ្ជាប់​ទៅ​នឹង​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បញ្ហា​សិទ្ធិ​មនុស្ស​នេះ ជា​ទូទៅ​ត្រូវ​បាន​អ្នក​តស៊ូ​មតិ គណបក្ស​ប្រឆាំង និង​អ្នក​ទិតៀន​រដ្ឋាភិបាល​ផ្សេងៗ​រិះគន់​ម្ដង​ហើយ​ម្ដង​ទៀត។

លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន មើល​ទូរស័ព្ទ​ដៃ​របស់​លោក​នៅ​ក្នុង​ពិធី​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។
លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន មើល​ទូរស័ព្ទ​ដៃ​របស់​លោក​នៅ​ក្នុង​ពិធី​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។

ស្ថានការណ៍​ដដែល​ជា​ដដែល

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី បាន​និយាយ​ថា ជា​ធម្មតា ប្រទេស​កម្ពុជា​បាន​រក្សា​គោល​ជំហរ​ដែល​ខ្លួន​បាន​ប្រកាន់​យក បន្ទាប់​ពី​មាន​ការ​ផ្លាស់​ប្ដូរ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​គោល​នយោបាយ​ការ​បរទេស​របស់​កម្ពុជា​នៅ​ក្នុង​ឆ្នាំ ២០០២ ដោយ​ពង្រីក​បន្ថែម​នូវ​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ដោយហេតុ​ថា​នៅ​ពេល​នោះ រដ្ឋាភិបាល​ចិន​បាន​លុបចោល​នូវ​ចំនួន​បំណុល​ដែល​ប្រទេស​កម្ពុជា​ជំពាក់​ចិន។

លោក​បាន​លើកឡើង​ថា គោល​ជំហរ​របស់​ប្រទេស​កម្ពុជា​ដូច​នេះ​នឹង​ជួយ​ធានា​នូវ​សន្តិសុខ​នៅ​តាម​ផ្លូវ​សមុទ្រ ដែល​មាន​កប៉ាល់​ជំនួញ​ប្រហែល​ពាក់​កណ្ដាល​នៃ​កប៉ាល់​ជំនួញ​ទាំង​អស់​នៅ​ក្នុង​ពិភពលោក​ធ្វើ​ដំណើរ​ឆ្លងកាត់ ដោយ​រក្សា​នូវ​ស្ថានភាព​បច្ចុប្បន្ន​នៃ​គោលការណ៍​ធូរ​រលុង​មួយ ដែល​គេ​ស្គាល់​ថា សេចក្ដី​ប្រកាស​ស្ដីពី​ការ​ប្រតិបត្តិ​របស់​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា DOC នោះ។

លោក ផៃ ស៊ីផាន បាន​និយាយ​ថា លោក​សប្បាយ​ចិត្ត​ដែល​ឃើញ​ប្រទេស​នៅ​ក្នុង​សមាគម​អាស៊ាន​ទាំងអស់​រួបរួម​គ្នា​ផ្អែក​លើ​ការ​ឯកភាព​ជា​រួម​របស់​បណ្ដា​ប្រទេស​ទាំង​នេះ​នៅ​ក្នុង​សេចក្ដី​ប្រកាស DOCស្ដីពី​ការ​ប្រតិបត្តិ​របស់​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ លោក​សង្ឃឹម​ថា ក្រម​ប្រតិបត្តិ​ផ្លូវ​ការ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា COC នឹង​ត្រូវ​បាន​អនុម័ត​ឆាប់ៗ​នេះ ដោយ​ហេតុ​ថា ក្រម​ប្រតិបត្តិ​ផ្លូវការ COC នេះ នឹង​ផ្ដល់​ឱកាស​ឲ្យ​មាន​សន្តិភាព សន្តិសុខ និង​សេរីភាព​នៃ​ការ​ធ្វើ​ចរាចរ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

សេចក្ដី​ប្រកាស​ស្ដីពី​ការ​ប្រតិបត្តិ​របស់​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង DOC ជា​ក្រម​ប្រតិបត្តិ​ដែល​បាន​បង្កើត​ឡើង​មុន​ក្រម​ប្រតិបត្តិ​ផ្លូវ​ការ COC ដែល​ក្រម​ប្រតិបត្តិ COC នេះ​បាន​ចងក្រង​ច្បាប់​នានា ដែល​តាក់តែង​ឡើង​ដើម្បី​ការពារ​មិន​ឲ្យ​មាន​ជម្លោះ​ណា​មួយ​កើត​ឡើង។ ពេល​មាន​ជម្លោះ​ម្ដងៗ សមាគម​អាស៊ាន​ត្រូវ​បាន​អ្នក​វិភាគ​គ្រប់​និន្នាការ​ស្ដី​បន្ទោស​ថា​ជា «ខ្លា​បាក់​ចង្កូម» ដោយសារ​តែ​សមាគម​នេះ​គ្មាន​លទ្ធភាព​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​ចំពោះ​ជម្លោះ​នានា​នៅ​ក្នុង​តំបន់​អស់​រយៈពេល ១៤ ឆ្នាំ​មក​ហើយ គឺ​តាំងពី​សេចក្ដី​ប្រកាស DOC ត្រូវ​បាន​គេ​បង្កើត​ដំបូង​មក​ម្ល៉េះ។

ការ​រិះគន់​នេះ​ភាគ​ច្រើន​គឺ​សំដៅ​លើ​ប្រទេស​កម្ពុជា។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ប្រទេស​កម្ពុជា​មាន​ការ​អាក់អន់​ស្រពន់​ចិត្ត​យ៉ាង​ខ្លាំង​ជាមួយ​នឹង​អ្នក​ទិតៀន​ផ្សេងៗ បូករួម​នឹង​ការ​ធ្វើ​ឲ្យ​ស្មុគស្មាញ​បន្ថែម​ទៀត​ដោយ​ការ​កើន​ឡើង​នូវ​អារម្មណ៍​មិន​សប្បាយចិត្ត​របស់​ប្រជាពលរដ្ឋ​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា បន្ទាប់​ពី​មាន​ការ​បើក​កកាយ​នូវ​រឿងរ៉ាវ​ទាក់ទិន​នឹង​ទ្រព្យ​សម្បត្តិ​មិន​គួរ​ឲ្យ​ជឿដែល​គ្រប់គ្រង​ដោយ​គ្រួសារ​លោក ហ៊ុន សែន និង​បន្ទាប់ពី​មាន​ការ​សម្លាប់​លោក កែម ឡី ដែល​ជា​អ្នក​វិភាគ​ឯករាជ្យ និង​ជា​សកម្មជន​មួយ​រូប កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​នេះ។

លោក ផៃ ស៊ីផាន ក៏​បាន​និយាយ​ផង​ដែរ​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ក្រីក្រ ដូច្នេះ​ប្រទេស​នេះ​មាន​សិទ្ធិ​គ្រប់​យ៉ាង​ក្នុង​ការ​ទទួល​យក​ជំនួយ​ពី​ប្រទេស​ចិន។ លោក​បាន​ថ្លែង​នៅ​ក្នុង​ការ​ពិភាក្សា​ដេញ​ដោយ​មួយ​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ឯ​មជ្ឈមណ្ឌល​វប្បធម៌​កម្ពុជា អាល្លឺម៉ង់ ដែល​ហៅ​ថា Meta Houseនៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ថា «គ្មាន​លុយ​ណា​ធុំ​ក្លិន​អាក្រក់​នោះ​ទេ‍»។

ប្រទេស​កម្ពុជា ដែល​មាន​ប្រជាជន​ច្រើន​ជាង ១៥ លាន​នាក់ និង​ផលិតផល​ក្នុង​ស្រុក​សរុប GDP ចំនួន ១៨ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ នៅ​តែ​រងគ្រោះ​ដោយសារ​ភាព​ក្រីក្រ និង​នៅតែ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​បំផុត​នៅ​ក្នុង​សមាគម​អាស៊ាន ដែល​សមាគម​នេះ​មាន​ប្រជាជន​សរុប​ចំនួន ៦៣៣ លាន​នាក់ និង​ផលិតផល​ក្នុង​ស្រុក​សរុប GDP ចំនួន ២,៤ លាន​លាន​ដុល្លារ​អាមេរិក ឬ ២,៤ ទ្រីលាន​ដុល្លារ​អាមេរិក។

ក្មេង​ប្រុស​ម្នាក់​ប្រមូល​ដែក​ចាស់ៗ​នៅ​កន្លែង​ចាក់​សំរាម​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦។
ក្មេង​ប្រុស​ម្នាក់​ប្រមូល​ដែក​ចាស់ៗ​នៅ​កន្លែង​ចាក់​សំរាម​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦។

តើ​មាន​អ្វី​នឹង​កើត​ឡើង​បន្ទាប់​មក​ទៀត?

លោក Bernd Schaefer មក​ពី​មជ្ឈមណ្ឌល Woodrow Wilson អន្តរជាតិ​សម្រាប់​អ្នក​សិក្សា​ស្រាវជ្រាវ (Woodrow Wilson International Center for Scholars) បាន​លើក​ឡើង​តាម​សម្ដី​របស់​លោក Chia-Lung Tai ដោយ​បាន​និយាយ​ថា គេ​មិន​បាន​រំពឹង​ទុក​ទេ​ថា ប្រទេស​កម្ពុជា​ដើរ​តួនាទី​ដ៏​សំខាន់​ដូចនេះ​នៅ​ពេល​ដែល​កម្ពុជា​មិន​មែន​ជា​ភាគី​មួយ​នៅ​ក្នុង​ជម្លោះ និង​ជា​ប្រទេស​តែ​មួយ​គត់​នៅ​ក្នុង​តំបន់​អាស៊ាន ដែល​មិន​ទាន់​ធ្វើ​សច្ចាប័ន​លើ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​ច្បាប់​សមុទ្រ UNCLOS នោះ​ទេ។

លោក Bernd Schaefer បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា៖

«វេទិកា​ពហុភាគី​របស់​ប្រទេស​ទាំង ១០ ដែល​ត្រូវ​ដោះស្រាយ​ជាមួយ​បញ្ហា​នេះ អាច​រង​នូវ​សម្ពាធ​គ្រប់​ប្រភេទ​ពី​ខាង​ក្រៅ ដែល​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ដល់​អនាគត​របស់​សមាគម​អាស៊ាន ដោយសារតែ​មាន​ប្រទេស​ដូចជា​ប្រទេស​កម្ពុជា​ដូច​នេះ»។

លោក Schaefer បាន​បន្ថែម​ទៀត​ថា ប្រទេស​កម្ពុជា​ត្រូវតែ​សម្រេច​ចិត្ត​ថា​តើ​គួរ​បន្ត​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​ដដែល​ជា​ដដែល ឬ​ក៏​មិន​លូក​ដៃ​អ្វី​ទាំង​អស់ ដោយ​ទុក​ឲ្យ​វិធីសាស្ត្រ​ផ្អែក​លើ​ហេតុផល​ត្រឹមត្រូវ​ប្រសើរ​ជាង​មុន​សម្រាប់​ជម្លោះ​នេះ​អាច​ដំណើរ​ការ​ទៅ​មុខ​បាន​ដោយ​រលូន។

វិធីសាស្ត្រ​ផ្អែក​លើ​ហេតុផល​ត្រឹមត្រូវ​ប្រសើរ​ជាង​មុន​សម្រាប់​ជម្លោះ​នេះ​ អាច​មាន​ដូចជា​ការ​ពិភាក្សា​ទ្វេភាគី​ដែល​មិន​ដែល​ធ្វើ​ពី​មុន​មក​រវាង​ប្រទេស​ហ្វីលីពីន និង​ប្រទេស​ចិន​ជា​ដើម ដោយសារ​តែ​រដ្ឋាភិបាល​ក្រុង​ម៉ានីល​មាន​កណ្ដាប់​ដៃ​ខ្លាំង និង​មាន​ឥទ្ធិពល​ជាង​មុន ក្រោយ​ពី​ខ្លួន​ទទួល​បាន​ជ័យ​ជម្នះ​នៅ​ក្នុង​រឿង​ក្ដី​ដែល​ខ្លួន​ប្ដឹង​ប្រទេស​ចិន​ទៅ​កាន់​តុលាការ​អាជ្ញា​កណ្ដាល​អន្តរជាតិ​នៅ​ក្នុង​ទីក្រុង​ឡាអេ​កន្លង​មក​នេះ។

លោក​ក៏​បាន​ជំរុញ​ឲ្យ​ប្រទេស​ចិន​អនុវត្ត​នូវ​វិធីសាស្ត្រ​ផ្អែក​លើ​ហេតុផល​ត្រឹមត្រូវ​ជាង​មុន​ជាមួយ​សមាគម​អាស៊ាន​ផង​ដែរ។

លោក​បន្ត​យ៉ាង​ដូច្នេះ​ថា៖

«ខ្ញុំ​គិត​ថា​ប្រទេស​ចិន​គួរតែ​ខ្វល់​ខ្វាយ​ខ្លាំង​ជាង​នេះ​ចំពោះ​កិត្តិនាម​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ ដែល​ខ្លួន​ធ្វើ​ជា​ខ្វល់​ខ្វាយ​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយហេតុថា​ការ​សម្រេច​ចិត្ត​របស់​តុលាការ​អាជ្ញា​កណ្ដាល​អន្តរជាតិ​ទាំង​នេះ​គឺ​ពិតជា​ធ្វើ​ឲ្យ​ខូចខាត​ដល់​កិត្តិនាម​របស់​ប្រទេស​ចិន​នៅ​លើ​ឆាក​អន្តរជាតិ»។

លោក Chia-Lung Tai មិន​បាន​និយាយ​ថា​តើ​ប្រទេស​កម្ពុជា​អាច​ជួប​ប្រទះ​ផលវិបាក​អ្វី​ខ្លះ ដែល​អាច​កើត​មាន​ឡើង​ដោយ​មិន​មាន​ការ​គ្រោង​ទុក​មួយ​ចំនួន ដោយសារ​តែ​ប្រទេស​នេះ​បាន​គាំទ្រ​ប្រទេស​ចិន​នោះ​ទេ ប៉ុន្តែ​អ្នក​វិភាគ​មួយ​ចំនួន​ដែល​បដិសេធ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ប្រទេស​សមាជិក​សមាគម​អាស៊ាន​ផ្សេង​ទៀត​ទំនង​ជា​នឹង​មិន​គាំទ្រ​គោលនយោបាយ​របស់​កម្ពុជា​នៅ​ក្នុង​សមាគម​អាស៊ាន​នោះ​ទេ។

ប្រទេស​កម្ពុជា​មាន​បញ្ហា​មិន​ទាន់​ដោះស្រាយ​ជា​ច្រើន​ជាមួយ​ប្រទេស​ជិតខាង ដែល​ក្នុង​នោះ​មាន​កិច្ច​ព្រមព្រៀង​ព្រំដែន​ពាក់ព័ន្ធ​ធនធាន​ប្រេង និង​ឧស្ម័ន ចលនា​ចំណាក​ស្រុក​របស់​កម្មករ បញ្ហា​ទេសចរណ៍ បញ្ហា​យោធា បញ្ហា​ការ​សាងសង់​ផ្លូវ​រថភ្លើង និង​ទំនប់​វារី​អគ្គិសនី និង​បទឧក្រិដ្ឋ​ឆ្លង​ប្រទេស​ជាដើម។ បញ្ហា​អស់​ទាំង​នេះ​តម្រូវ​ឲ្យ​មាន​ការ​ឯកភាព​គ្នា​ជា​ធ្លុង​មួយ​នៅ​ក្នុង​តំបន់។

លោក Chia-Lung Tai បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា​បាន​សម្រេច​ចិត្ត​យ៉ាង​ច្បាស់​ថា ប្រទេស​ចិន​ជា​ប្រទេស​ផ្ដល់​ផល​ប្រយោជន៍​ដ៏​គួរ​ឲ្យ​ទាក់ទាញ​សម្រាប់​ប្រទេស​កម្ពុជា​ជាង​ប្រទេស​ក្បែរ​ខាង​ខ្លួន​នៅ​ក្នុង​សមាគម​អាស៊ាន ជាង​សហរដ្ឋ​អាមេរិក និង​ជាង​បណ្ដា​ប្រទេស​លោក​ខាង​លិច ដែល​ជំនួយ​ផ្ដល់​ដោយ​បណ្ដា​ប្រទេស​ទាំង​នេះ​មាន​ភ្ជាប់​នូវ​លក្ខខណ្ឌ​សិទ្ធិ​មនុស្ស ដែល​ប្រទេស​កម្ពុជា «ជា​ចាំបាច់​មិន​ចង់​ធ្វើ​តាម​នោះ​ទេ»។

លោក​បាន​បញ្ជាក់​បន្ថែម​ថា វា​ជា​រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ការ​សម្លឹង​មើល​នៅ​ក្នុង​រយៈពេល​មធ្យម​ទៅ​រយៈពេល​វែង នូវ​ផលវិបាក​ដែល​ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​ពី​ការ​ចង​សម្ព័ន្ធ​មិត្ត​ជាមួយ​នឹង​ប្រទេស​ចិន។ ហើយ​វា​ក៏​ជា​រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ ក្នុង​ការ​សម្លឹង​មើល​ទៅ​លើ​ផល​ប៉ះពាល់​ដែល​កើត​ចេញ​ពី​សម្ព័ន្ធ​មិត្ត​រវាង​កម្ពុជា​និង​ចិន​ចំពោះ​សមាគម​អាស៊ាន ដូច​ជា​ការ​បែកបាក់​ដែល​យើង​បាន​ឃើញ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ពាក់ព័ន្ធ​នឹង​បញ្ហា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង»៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG