ការប្រែក្លាយសេដ្ឋកិច្ចកម្ពុជាពីសេដ្ឋកិច្ចបែបផែនការមកជាសេដ្ឋកិច្ចទីផ្សារសេរីនិងការបន្តកាន់អំណាចបានជាង៣០ឆ្នាំកំពុងក្លាយជាចំណុចមោទនភាពសម្រាប់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដោយលោកយល់ថាអាចនឹងចែករំលែកបទពិសោធន៍នេះបង្រៀនទៅសហរដ្ឋអាមេរិកបានផងដែរ។
ប៉ុន្តែអ្នកវិភាគយល់ថាបើកម្ពុជាអាចប្រែក្លាយពីប្រទេសក្រីក្រលែងសុំអំណោយពីបរទេសមកជាប្រទេសអ្នកមានបាននៅពេលណាទើបជាពេលដែលកម្ពុជាត្រូវមានមោទនភាពពិតប្រាកដ។
ថ្លែងនៅក្នុងពិធីជួបជុំពិសារភោជនាហារសាមគ្គី ដែលរៀបចំឡើងដោយសមាគមអ្នកឧកញ៉ានៅក្នុងប្រទេសកម្ពុជានៅមជ្ឈមណ្ឌលកោះពេជ្រកាលពីល្ងាចថ្ងៃសៅរ៍ លោកនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលថ្លែងថា ក្រោមការដឹកនាំរបស់លោក និងគណបក្សប្រជាជនកម្ពុជា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានកើនឡើងខ្ពស់ជាប់គ្នាក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ហើយថាអ្នកវិនិយោគទុនក្នុងស្រុកបានផ្តល់ទំនុកចិត្តដល់រដ្ឋាភិបាលរបស់លោក។
«ខ្ញុំពិតជាមានមោទនភាពជាមួយនឹងនយោបាយ របស់គណបក្ស ក៏ដូចជាការដឹកនាំរបស់ខ្លួនខ្ញុំ ដែលបានទទួលខុសត្រូវទៅលើនីតិប្រតិបត្តិជាង៣០ឆ្នាំកន្លងមកនេះ។ ខ្ញុំយល់ច្បាស់ណាស់ថាប្រសិនបើអ្នកទាំងអស់ មិនទុកចិត្តទៅលើសមត្ថភាពដឹកនាំរបស់គណបក្សប្រជាជន មិនទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយមិនទុកចិត្តទៅលើស្ថិរភាពរបស់ប្រទេស អ្នកទាំងអស់ពិតជាយកប្រាក់កាក់នោះ ទៅផ្ញើនៅបរទេស ឬទៅទិញផ្ទះនៅបរទេស ដោយមិនរវីរវល់និងការវិនិយោគនៅទីនេះ នោះទេ»។
ក្រៅពីការកោតសរសើរខ្លួនឯង លោកហ៊ុន សែនឲ្យដឹងដែរថា លោកធុញទ្រាន់អំពីការផ្តល់ដំបូន្មានទាក់ទិននឹងការផ្លាស់ប្តូរដែលធ្វើឡើងដោយប្រទេសនៅលោកខាងលិច។ ភ្ជាប់ជាមួយគ្នានេះលោកបានរិះគន់ធ្ងន់ៗ និងចំៗទៅលើឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិក គឺលោក William E. Todd ដោយលោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា លោកខ្លួនឯង អាចជាសាស្ត្រាចារ្យម្នាក់ដែលអាចបង្រៀនប្រធានាធិបតីរបស់អាមេរិក គឺលោក Barack Obama។
«ថ្ងៃមុនខ្ញុំជួប ជាមួយអគ្គរដ្ឋទូតអាមេរិក មុនពេលដែលចាកចេញពីកម្ពុជា នៅពេលដែលគាត់និយាយជាមួយខ្ញុំ គាត់និយាយយ៉ាងច្រើនអំពីអ្វីដែលហៅថាការផ្លាស់ប្តូរ។ ខ្ញុំក៏បាននិយាយទៅកាន់គាត់ថា តើអ្នកភ្លេចទេឬ? អ្នកកំពុងនិយាយជាមួយអ្នកណា? ឯកឧត្ដមកំពុងនិយាយជាមួយអ្នកណា? ឯកឧត្ដមពិតជាកំពុងនិយាយជាមួយនឹងសាស្ត្រាចារ្យម្នាក់ដែលអាចបង្រៀនឯកឧត្ដម ឬប្រធានាធិបតីប្រទេសឯកឧត្តម ឬនាយករដ្ឋមន្ត្រីប្រទេសលើបញ្ហាការផ្លាស់ប្តូរ»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលចូលចិត្តនិយាយច្រើននៅមុខក្បាលមេក្រូ បានបន្តទៀតថា សហរដ្ឋអាមេរិកបរាជ័យក្នុងការគ្រប់គ្រងការផ្លាស់ប្តូររបបនយោបាយនៅក្នុងប្រទេសមួយចំនួននៅឯតំបន់មជ្ឈឹមបូព៌ា ដែលកំពុងក្លាយជាទីលានប្រយុទ្ធរបស់ពួកសកម្មប្រយុទ្ធរដ្ឋឥស្លាម ហៅកាត់ថា ISIS។
«បើខ្ញុំមិនយល់ដឹងអំពីការផ្លាស់ប្តូរ និងមិនអាចគ្រប់គ្រងនូវដំណើរការនៃការផ្លាស់ប្តូរ តើខ្ញុំអាចមានលទ្ធភាព ស្ថិតនៅក្នុងអំណាច រយៈពេលជាង៣០ឆ្នាំទេឬ? ព្រោះខ្ញុំធុញទ្រាន់នូវដំបូន្មានរបស់ប្រទេសខ្លះ មកលើកម្ពុជា។ ផ្លាស់ប្តូរៗ ផ្លាស់ប្តូរ។ ខ្ញុំបានប្រាប់ គាត់ថា ដោយសារតែអាមេរិកមិនអាច គ្រប់គ្រងបាននូវការផ្លាស់ប្តូរ នៅលីប៊ី នៅស៊េរី នៅអ៊ីរ៉ាក់ និងនៅអាហ្វហ្គានីស្ថាន បានជាមានពួកISIS ធ្វើសកម្មភាពនៅទីនោះ»។
ដោយឡែក លោក អ៊ូ វីរៈ នាយកវេទិកាអនាគតដែលជាមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយក្នុងស្រុក ក៏បានកោតសរសើរនូវភាពឈ្លាសវៃលោកហ៊ុន សែននៅក្នុងការរក្សាអំណាចបានយូរ។ ប៉ុន្តែអ្នកតាមដាននយោបាយកម្ពុជាយ៉ាងដិតដល់រូបនេះ មើលឃើញថា ប្រទេសកម្ពុជាមិនទាន់អាចត្រូវបានចាត់ទុកជាប្រទេសគំរូសម្រាប់ប្រទេសដទៃគោរពតាមនោះទេ ព្រោះប្រទេសនៅញាំញីដោយការរំលោភសិទ្ធិមនុស្ស និងពឹងពាក់លើប្រទេសផ្តល់ជំនួយនៅឡើយ។
«បើសិនជាយើងចង់ឲ្យប្រទេសកម្ពុជាទៅជាប្រទេសមួយដែលអាចជាគំរូ ហើយអ្នកដឹកនាំត្រូវគេរៀនសូត្រតាមហ្នឹងគឺ ត្រូវតែកែទម្រង់ច្រើនមែនទែន ហើយប្រទេសកម្ពុជាត្រូវទៅជាមួយប្រទេសមួយអ្នកមាន ហើយជោគជ័យ ហើយអាចដូរពីប្រទេសក្រ ទៅជាប្រទេសអាចជោគជ័យមួយបាន អាហ្នឹងគឺយើងអាចទៅជាគំរូ។ ប្រទេសកម្ពុជានៅពេលបច្ចុប្បន្ននេះនៅពឹងផ្អែកទៅលើ ជំនួយពិភពលោកនៅឡើយ មិនទាន់អាចជាគំរូ»។
លោកអ៊ូ វីរៈបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជាបានបង្វែរទិសដៅការពឹងពាក់ផ្នែកហិរញ្ញវត្ថុលើប្រទេសនៅក្នុងតំបន់លោកខាងលិច មកប្រទេសចិនវិញ ដែលបង្ហាញឲ្យឃើញច្បាស់ថា កម្ពុជានៅមិនទាន់អាចឈរលើខ្លួនឯងបាននៅឡើយ ហើយថាការផ្លាស់ប្តូរនឹងកើតមានឬយ៉ាងណានោះ គឺអាស្រ័យលើលោកនាយករដ្ឋមន្ត្រីហ៊ុន សែននេះតែម្តង។ លោកមិនអាចប៉ាន់ស្មានដឹងជាមុនថា តើលោកហ៊ុន សែននឹងបន្សល់កេរដំណែលនយោបាយល្អ ឬអាក្រក់យ៉ាងណានោះទេ បន្ទាប់ពីលោកចាកចេញពីតំណែងរបស់លោក។
នៅក្នុងខែសីហាឆ្នាំមុននេះ លោកនាយករដ្ឋមន្ត្រីក៏ធ្លាប់ចំអកដល់លោក Barack Obama ប្រធានាធិបតីសហរដ្ឋអាមេរិក អំពីការប្រើប្រាស់ការវាយប្រហារជើងអាកាសប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធឥស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់។ លោកបានហៅការវាយប្រហារនេះ ពុំសូវមានប្រសិទ្ធភាពនោះទេ បើធៀបនឹងការវាយប្រហារតាមជើងគោក។
យ៉ាងណាក៏ដោយរដ្ឋាភិបាលកម្ពុជាហាក់ដូចជាមានភាពរសើបនឹងការធ្វើបដិវត្តន៍ពណ៌ដែលបានកើតមានឡើងនៅប្រទេសមួយចំនួន។ ជាញឹកញយលោកនាយករដ្ឋមន្ត្រីនិងមន្ត្រីរបស់លោកតែងតែព្រមានមហាជនកុំឱ្យរៀបចំសកម្មភាពណាមួយដែលឈានទៅធ្វើបដិវត្តន៍ពណ៌នេះ បើទោះបីជាអ្នកវិភាគយល់ឃើញថាវាជាការភ័យខ្លាចហួសហេតុក៏ដោយ។
ជាក់ស្តែងមាននិស្សិតឆ្នាំទីមួយនៃសាកលវិទ្យាល័យខេមរៈម្នាក់ ឈ្មោះ គង់ រ៉ៃយ៉ាត្រូវបានចាប់និងឃុំខ្លួនជាបណ្តោះអាសន្នដោយប៉ូលិសនិងតុលាការក្រុងភ្នំពេញកាលពីសប្ដាហ៍មុន បន្ទាប់ពីនិស្សិតរូបបានបង្ហោះនៅក្នុងទំព័រហ្វេសប៊ុក ក្រោមរហ័សនាមថា Sorriya Koko ដើម្បីបង្ហាញពីចេតនារបស់ខ្លួនក្នុងការធ្វើបដិវត្តន៍ពណ៌នេះ។ នេះបើតាមការផ្សព្វផ្សាយរបស់បណ្តាញព័ត៌មានក្នុងស្រុក និងការបញ្ជាក់ពីសាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ៕