អ្នក​បឹងកក់​ធ្វើ​បុណ្យ​ចូលឆ្នាំ​បួងសួង​ឱ្យ​ដោះលែង​សកម្មជន​សហជីព​និង​កម្មករ

អ្នក​ភូមិ​បឹងកក់​បាន​ប្រារព្ធ​នោះ​គឺ​ពិធីបុណ្យ​បួង​សួង​តាម​បែប​សាសនា​ដើម្បី​ឱ្យ​ដោះ​លែង​តំណាង​សហជីព​និង​ក្រុម​កម្មករ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ថ្លុង​ឱ្យ​មាន​សេរីភាព​វិញ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០១៤។ (ហេង រស្មី/វីអូអ)

នៅ​ក្នុង​ពេល​ប្រទេស​កម្ពុជា​កំពុង​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រចាំ​ឆ្នាំ​ដែល​ជាទំនៀម​ទម្លាប់​ប្រពៃណី​តាំង​ពី​បរម​បុរាណ​ក្រុម​អ្នក​រង​គ្រោះ​ដោយ​សារ​ការ​ចាប់​យក​ដីធ្លី​នៅ​តំបន់​បឹងកក់​មិន​ភ្លេច​ពិធី​បុណ្យ​ដ៏​មាន​សារៈសំខាន់​នេះ​ទេ។​

ក៏ប៉ុន្តែ​ពិធី​ដែល​អ្នក​ភូមិ​បឹងកក់​បាន​ប្រារព្ធ​នោះ​គឺ​ពិធីបុណ្យ​បួង​សួង​តាម​បែប​សាសនា​ដើម្បី​ឱ្យ​ដោះ​លែង​តំណាង​សហជីព​និង​ក្រុម​កម្មករ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ថ្លុង​ឱ្យ​មាន​សេរីភាព​វិញ។​

ពិធីនេះ​មាន​ព្រះ​សង្ឃចំនួន​២៧​អង្គ​ដើម្បី​សូត្រ​មន្ត​រំដោះ​គ្រោះ​ឱ្យ​ជនជាប់​ចោទ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ដែល​គិត​មក​ដល់​ពេល​នេះ​អស់​រយៈ​ពេល​ជាង​បី​ខែ​មក​ហើយ។​

អ្នក​ភូមិ​បឹងកក់​ដែល​បាន​មក​ចូល​រួម​ពិធី​នេះ​មាន​ចំនួន​តិច​តួច​ប៉ុណ្ណោះ​ដោយ​សារ​តែ​ពួកគេ​មួយ​ចំនួន​ជាប់​រវល់​រៀបចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ផ្ទាល់ខ្លួន។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​អ្នក​ចូល​រួម។​

ក្រុម​អ្នក​ចូល​រួម​បាន​កាន់​ធូប​និង​ទៀន​និង​បាន​បោក​ក្អម​ធ្វើ​ពី​ដីឥដ្ឋ​ចំនួន​២៣​ដែល​តំណាង​ឱ្យ​អ្នក​ទាំង​២៣​រូប​ឱ្យមាន​សេរីភាព​វិញ។​

ពួកគេ​បាន​និយាយ​ថា៖ «សូម​ឱ្យ​អ្នក​ទាំង​២៣​នាក់​ដោះ​លែង​ឱ្យមាន​សេរីភាព​វិញ​នៅ​ថ្ងៃ​ទី​២៥​នេះ»។​

តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៥​ខាង​មុខ​នេះ​និង​បើ​កសវនាការ​ពេញ​អង្គដើម្បី​សេចក្តី​លើ​ករណី​លោក​ វ៉ន ពៅ​ ប្រធាន​សហព័ន្ធ​សហជីព​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ សកម្ម​ជន​បឹង​កក់​ និង​ក្រុម​កម្មករ​ចំនួន​២៣​នេះ។​

អ្នក​ស្រី ទេព វន្នី​ តំណាង​អ្នក​ភូមិ​បឹងកក់​មាន​ប្រសាសន៍​ថា​ពិធី​បុណ្យ​តាម​បែប​សាសនា​គឺ​ដើម្បី​លើក​រាសី​ និង​ រំដោះ​គ្រោះ​ដល់​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​សារ​ដីធ្លី​ក្តី​ ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​នូវ​ភាព​អយុត្តិធម៌​ក្នុង​ប្រទេស​កម្ពុជា​និង​អ្នក​ទាំង​២៣​នាក់​ឱ្យ​ទទួល​បាន​យុត្តិធម៌​ក្នុង​ពេល​ឆាប់ៗ​ខាង​មុន​នេះ។​

អ្នក​ស្រី​និយាយ​ថា៖​ «មូល​ហេតុ​ដោយ​សារ​តែ​ពួក​យើង​គឺជា​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ភាព​អយុត្តិធម៌​ហើយ​គ្មាន​ការ​យក​ចិត្ត​ទុកដាក់​ណាមួយ​ពី​រដ្ឋាភិបាល ​អញ្ចឹង​រាល់​សកម្មភាព​ដែល​យើង​ធ្វើ​ការ​តស៊ូ​មតិ​គឺ​យើង​ផុស​ចេញ​ពី​ការ​ឈឺចាប់​និង​ឆន្ទៈ​របស់​ពួក​យើង​ពិត​ប្រាកដ។​ អញ្ចឹង​នៅ​ពេល​ពួក​ខ្ញុំទៅ​ស៊ូ​គឺ​យើង​មាន​យុទ្ធសាស្ត្រ​ប្លែក​ៗ​ចៀស​វាង​នូវ​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា»។​

ភរិយា​លោក​ វ៉ន ពៅ​ និង​ក្រុម​គ្រួសារ​កម្មករ​មួយ​ចំនួន​ផ្សេង​ទៀត​មិន​បាន​ចូល​រួម​ទេលើក​លែង​តែ​អ្នក​ភូមិ​បឹងកក់​តែ​ប៉ុណ្ណោះដែល​មាន​វត្តមាន​ក្នុង​ពិធី​នោះ។​

ព្រះ​តេជគុណ​ ប៊ុត សុវណ្ណ​ គង់​នៅ​វត្ត​បក្សី​ចាំក្រុង​ខេត្ត​ពោធិ៍សាត់​មាន​សង្ឃដីកា​ថា​ អ្នក​រងគ្រោះ​ទាំង​អស់​អាច​នឹង​ទទួល​បាន​យុត្តិធម៌​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ។​

ព្រះអង្គ​បាន​បញ្ជាក់​ថា៖​ «សេចក្តី​ល្អ​របស់​ពុទ្ធបរិស័ទ​ដែល​គាត់​បាន​ប្រារព្ធ​នេះ​សូម​ឱ្យ​អ្នក​ទាំង​២៣​រូប​ក៏ដូច​ជាអ្នក​រង​គ្រោះ​ជាច្រើន​ ជាបន្ត​បន្ទាប់​នោះ​សុំ​ឱ្យ​គាត់​មាន​យុត្តិ​ធម៌​ ទទួល​បាន​យុត្តិធម៌​នៅ​ក្នុង​សង្គម​ដូច​ជាមនុស្ស​ដទៃ​ទៀត​ដែរ»។​

លោក​ វ៉ន់ ពៅ​ និង​ក្រុម​កម្មករ​ចំនួន​២២​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​ដាច់​ដោយ​ឡែកៗ​ពី​គ្នា​កាល​ពី​ដើម​ខែ​មករា​នៅ​រោង​ចក្រ​យ៉ាក​ជីង​និង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា។​ក្នុង​ខណៈពេល​ដែល​ក្រុម​កម្មករ​បាន​ទាមទារ​ឱ្យ​ដំឡើង​ប្រាក់​បៀវត្សរ៍​ឱ្យ​បាន​ដល់​១៦០​ដុល្លារ​នៅ​ក្នុង​មួយ​ខែ។​

ក្នុង​ការ​ទាមទារ​របស់​ក្រុម​កម្មករ​មិន​ទាន់​បាន​សម្រេច​ផង​កង​កម្លាំង​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​បាន​បាញ់​បង្ក្រាប​ដោយ​អំពើ​ហិង្សា​ដែល​បាន​បណ្តាល​ឱ្យ​មាន​កម្មករ​ស្លាប់​យ៉ាង​ហោច​ណាស់​ចំនួន​៤​នាក់​ រងរបួស​ជាច្រើន​នាក់​ និង​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ចំនួន​២៣​នាក់។​

មាន​ជនជាប់​ចោទ​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​២៣​នាក់​ត្រូវ​បាន​តុលាការ​សម្រេច​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជាបណ្តោះ​អាសន្ន៕