ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​មួយ​ក្រុម​ចូល​បំផ្លាញ​ផ្ទះ​អ្នក​ភូមិ​ដែល​មាន​ទំនាស់


មន្ត្រី​ប៉ូលិស​​ភ្នំពេញ​ចុះ​​ពិនិត្យ​​មើល​​ផ្ទះ​ជនរង​គ្រោះ​​ដែល​​ត្រូវ​​មនុស្ស​​មួយ​ក្រុម​​បំផ្លាញ។ ​​(រួបភាព​ពីទំព័រ​facebook ​របស់​ kon khmer nak snehajeat)
មន្ត្រី​ប៉ូលិស​​ភ្នំពេញ​ចុះ​​ពិនិត្យ​​មើល​​ផ្ទះ​ជនរង​គ្រោះ​​ដែល​​ត្រូវ​​មនុស្ស​​មួយ​ក្រុម​​បំផ្លាញ។ ​​(រួបភាព​ពីទំព័រ​facebook ​របស់​ kon khmer nak snehajeat)
ក្រុម​គ្រួសារ​មួយ​ក្នុង​សង្កាត់​បឹងកក់​១​ ក្នុង​ក្រុង​ភ្នំពេញ​ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​ចូល​ទៅ​សម្លុត​និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ដល់​ក្នុង​ផ្ទះ​កាល​ពី​ថ្ងៃ​អាទិត្យ។ ​ក្រុម​គ្រួសារ​នេះ​អះអាង​ថា​ មូលហេតុ​ដោយ​សារ​ពួក​ខ្លួន​មិន​ព្រម​លក់​ដី​នោះ​ទៅ​ឱ្យ​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ ហើយ​ពួក​ខ្លួន​កំពុង​តែ​រៀបចំ​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​មន្ត្រី​ជាន់​ខ្ពស់​រូប​នេះ​និង​បក្ខ​ពួក។​

កំពុង​អង្គុយ​ខាង​មុខ​ផ្ទះ​ទៀម​ចាស់​រយ៉េក​រយ៉ាក​មួយ​ខ្នង​ក្នុង​សង្កាត់​បឹងកក់​១​ ខណ្ឌ​ទួលគោក ​កណ្តាល​ទី​ក្រុង​ភ្នំពេញ ​លោក​លី ស៊្រាងខេង ​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទំនាស់​ដី​ធ្លី​រៀប​រាប់​ដោយ​ទឹក​មុខ​ស្ងួត​ថា ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ឈរ​ឱបដៃ​មើល​ក្រុម​មិន​ស្គាល់​មុខ​មួយ​ក្រុមបំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​លោក​ដោយ​ខុស​ច្បាប់កាល​ពី​ម្សិលមិញ​។​

«កាល​ពី​ម្សិលមិញ​ ខ្ញុំ​បាន​ទាមទារ​ឱ្យ​ចាប់​ប្រាំ​នាក់​ ដែល​នៅ​ខាង​ក្នុង​ហ្នឹង​ឱ្យ​បាន​ ដើម្បី​សួរ​ចម្លើយ​ឱ្យ​ដឹង​ថា​ អ្នក​ណា​ជា​មេ​ខ្លោង។​ ពេល​នោះ​វា​ចេញ​ហើយ​អ្នក​ណា​ជា​មេ​ខ្លោង។ ​អាជ្ញាធរ​នៅ​កន្លែងហ្នឹង ​គេ​ថា​ គេ​មក​យាម​ខ្ញុំ​ ខ្លាច​គេ​មក​កាប់​ខ្ញុំ​ទៀត។ ​ដល់​ពេល​ពួក​ហ្នឹង​ចេញ ​អាជ្ញាធរ​ចេញ​អស់​ដែរ»។

កាល​ពី​ថ្ងៃ​អាទិត្យ​នេះ ​មាន​មនុស្ស​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​ពី​២០​ទៅ​៣០​នាក់​ប្រដាប់​ដោយ​ដំបង ​ដាវ ​និង​ដុំ​ថ្ម​ បាន​ចូល​ទៅ​សំឡុត និង​វាយ​កម្ទេច​សម្ភារៈ​ក្នុង​ផ្ទះ​សម្បែង​របស់​លោក​ស្រ៊ាង​ខេង ​ដោយ​មិន​ប្រាប់​ពី​មូលហេតុ​នោះ​ឡើយ។​ ស្នាក​ស្នាម​គំនរ​កម្ទេច​ចាន ​កែវ ​ចង្ក្រាន ​និង​ឆ្នាំង​ស្ថិត​នៅ​រាយ​ប៉ាយ​នៅ​ខាង​មុខ​ផ្ទះ​បុរស​ចំ​ណាស់​វ័យ​៥៨​ឆ្នាំ​នេះ។​

កំពុង​អង្គុយជិត​ភស្តុតាង​នៃ​អំពើ​ហិង្សា​នេះ​ លោកបាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ទៅ​លើ​លោក​យឹម លាង ​ប្រធាន​អង្គរក្ស​របស់​លោក​ជា ស៊ីម ​និង​ជា​កូន​ប្រុស​របស់​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​យឹម ឆៃលីចំពោះ​ហិង្សា​នេះ។​

«៣០​នាក់​ហ្នឹង​ចេញ​មក​ពី​ណា? ​៣០​នាក់​ហ្នឹង​ចេញ​មក​ពី​យឹម លាង ​ព្រោះ​ពួក​ហ្នឹង​វា​និយាយ​ថា ​វា​ជា​អង្គរក្ស​របស់​សម្តេច​ជា ស៊ីម ​ហើយ​យឹម លាង​ជា​អង្គរក្ស​សម្តេច​ជា ស៊ីម។ ​តើ​ហៅ​ពួក​ហ្នឹង​មក​ធ្វើ​អ្វី? ​គឺ​មក​ដើម្បី​កាប់​សម្លាប់​ពួក​ខ្ញុំ​ ដើម្បី​ប្រគល់​ដី​ទៅ​ឱ្យ​វា»។

ទំនាស់​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ​បាន​កើត​ឡើង​ជា​យូរ​ឆ្នាំ​មក​ហើយ​រវាង​ប្រជា​ពលរដ្ឋ​មូលដ្ឋាន​ចំនួន​៧​គ្រួសារ​ជា​មួយ​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ​ថា ​ក្រុមហ៊ុន​ឃុន សៀ ​អភិវឌ្ឍន៍​ នៅ​ពេល​ដែល​ក្រុមហ៊ុន​នោះ​ព្យាយាម​បណ្តេញ​ពួក​គេ​ចេញ​ពី​លំនៅដ្ឋាន​ក្នុង​សំណង​ជា​ទឹក​ប្រាក់​១៥០០០​ដុល្លារ​ក្នុង​មួយ​គ្រួសារ។​ ក្នុង​នោះ​មាន​៤​គ្រួសារ​បាន​ព្រម​ទទួល​យក​សំណង​នេះ​ហើយ ​ប៉ុន្តែ​គ្រួសារ​លោក​ និង​២​គ្រួសារ​ទៀត​បាន​បដិសេធ។ ​បើ​តាម​លោក​ស៊្រាង ខេង​ដដែល​ទំនាស់​នេះ​បាន​ឡើង​កំដៅ​នៅ​ឆ្នាំ​២០១៣​នៅ​ពេល​ដែល​ក្រុមហ៊ុន​ឃុន សៀ​ទៅ​បណ្តេញ​ពួក​លោក​ចេញ​ពី​ផ្ទះ​ ក្រោម​ហេតុ​ផល​ថា​ ខ្លួន​បាន​ទិញ​ដី​នេះ​ពី​រដ្ឋ​កាល​ពី​ឆ្នាំ​២០១០​ និង​ចោទ​ថា​ ពួកលោក​កំពុង​រស់​នៅ​លើ​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់​ ប៉ុន្តែ​លោក​ស្រ៊ាង​ ខេង​អះអាង​ថា​ លោក​បាន​រស់​នៅ​ទី​នោះ​តាំង​ពី​ឆ្នាំ​១៩៨២​មក​ម្ល៉េះ។​

នៅ​ខែ​មិនា​ឆ្នាំ​២០១៤ ​លោក​បាន​សម្រេច​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​ហ្នឹង​អាជ្ញាធរ​មូលដ្ឋាន​ ដោយ​ចោទ​ថា​ បាន​សម​គំនិត​គ្នា​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ និង​លួច​លក់​ដី​របស់​គាត់ ​ដោយ​មិន​ឱ្យ​គាត់​ដឹង ​ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ចំណាត់​ការ​ណា​មួយ​នៅ​ឡើង​ទេ ​រហូត​មក​ទល់​ពេល​នេះ។​

«អាជ្ញាធរ​លួច​ដី​របស់​ខ្ញុំ​លក់​ឱ្យ​ឯកជន។ ​ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្តឹង​ហើយ។ ​ខ្ញុំ​ប្តឹង​ចៅ​សង្កាត់​ ចៅ​សង្កាត់​រង​ ប្តឹង​លោក​សេង រតនៈ ​អភិបាល​ខណ្ឌ។ ​ខ្ញុំ​ប្តឹង​លោក​កែប ជុតិមា ​ដែល​យក​ដី​ខ្ញុំ​ទៅ​លក់​ឱ្យ​ឃុន សៀ ​លក់​៣​ឆ្នាំ​ហើយ ​ខ្ញុំ​អត់​ដឹង ​តាំង​ពី​២០១០​រហូត​ដល់​ឆ្នាំ​២០១៣ ​ថ្ងៃ​ដេញ​ខ្ញុំ​ ​ទើប​ឱ្យ​ខ្ញុំ​ដឹង។ ពេល​ហ្នឹង​ខ្ញុំ​បដិសេធ»។​ ​

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ​ដែល​ក្រុម​គ្រួសារ​មួយ​នេះ​ត្រូវ​បាន​គំរាម​កំហែង។ លោក​លី ស៊្រាងខេងឱ្យ​ដឹង​ថា ​គ្រួសារ​របស់​លោក​ធ្លាប់​ត្រូវ​បាន​គំរាមកំហែង​ដល់​អាយុ​ជីវិត​ប្រមាណ​៣០​ដង​រួចមក​ហើយ​ រួម​មាន​ការ​ឆ្មក់​កាប់​លោក ​និង​កូន​ស្រី​តាម​ផ្លូវ​ ធ្វើ​ឱ្យ​របួស​ធ្ងន់ ​ការ​គម្រាម​សម្លាប់​ដោយ​ក្រុម​មិន​ស្គាល់​មុខ ​និង​ការ​បោះ​ពស់​វែក​ចូល​ក្នុង​ផ្ទះ​របស់​លោក​ជា​ដើម។​

លោក​ទណ្ឌ ណាវុធ ​ប្រធាន​ផ្នែក​ព្រហ្មទណ្ឌ​នៃ​ខណ្ឌ​ទួលគោក​ បាន​បដិសេធមិន​ធ្វើ​អត្ថាធិប្បាយ​ទេ​ ដោយ​ថ្លែង​ថា ​កំពុង​ជាប់​ប្រជុំ។​

«ខ្ញុំ​ជាប់​ប្រជុំ​បន្តិច​បង»។

ដោយ​ឡែក ​លោក​យឹម លាង ​ប្រធាន​អង្គរក្ស​របស់​លោក​ជា ស៊ីម ​និង​ជា​កូន​ប្រុស​របស់​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​យឹម ឆៃលី​ថ្លែង​ប្រាប់​កាសែត​ក្នុង​ស្រុក​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ លោក​គ្រាន់​តែ​ឱ្យ​កូន​ចៅ​របស់​លោក​ចុះ​ទៅ​ណែ​នាំ​គ្រួសារ​នោះ​ប៉ុណ្ណោះ ​ប៉ុន្តែ​ពួក​គេ​បាន​បង្ក​អំពើ​ហិង្សា​មុន ​ទើប​កូន​ចៅ​របស់​លោក​សម្រេច​ចិត្ត​អនុវត្ត​សិទ្ធិ​ការពារ​ខ្លួន។​

លោក​អំ សំអាត ​ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្សអាដហុក ​ថ្លែង​ថា​ ការ​មិន​បាន​នាំ​ជន​បង្ក​ហេតុ​មក​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ការ​បរាជ័យ​មួយ​របស់​សមត្ថកិច្ច។​

«នេះ​ក៏​បង្ហាញ​ពី​ការ​មិន​យក​ចិត្ត​ទុក​ដាក់​របស់​ក្រុម​អាជ្ញាធរ​ទៅ​លើ​ក្រុម​គ្រួសារ​គាត់ ​ព្រោះ​គេ​ព្យាយាម​គំរាម​កំហែង​គាត់ ​ធ្វើ​ទុក្ខ​បុក​ម្នេញ​គាត់ ​មិន​ឱ្យ​រស់​នៅ​ទី​នោះ​បាន​ ហើយ​អាជ្ញាធរ​បាន​ត្រឹម​តែ​ទៅ​ធ្វើ​កំណត់​ហេតុ ​តែ​មិន​បាន​ស្រាវជ្រាវ​រឿង​ហ្នឹង​ឬ​ស្វែង​រក​ជន​ដៃ​ដល់​យក​មក​ផ្តន្ទាទោស​ទេ ​ហើយ​ផ្ទុយ​ទៅ​វិញ​ហាក់​ដូចជា​បើក​ដៃ​ឱ្យ​ក្រុម​ទាំង​ហ្នឹង​ធ្វើ​អ្វី​តាម​ទំនើង​ចិត្ត ​មិន​ខ្លាច​រអារ​ច្បាប់​ទេ»។​

លោក​អំ សំអាត​អត្ថាធិប្បាយ​បន្ថែម​ថា​ ការ​ទុក​ឱ្យ​ទំនាស់​ដី​ធ្លី​បែប​នេះ​បន្ត​អូស​បណ្តាយ​គឺ​ជា​ឧបសគ្គ​ចម្បងមួយ​សម្រាប់​កំណែ​ទម្រង់​វិស័យ​ដី​ធ្លី​របស់​រដ្ឋាភិបាល​កម្ពុជា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG