រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានជួបជាមួយមន្ត្រីនៅក្នុងប្រទេសអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត នៅថ្ងៃចន្ទនេះ បន្ទាប់មកលោកបានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ខណៈដែលលោកជំរុញឱ្យមានជំនួយមនុស្សធម៌បន្ថែមទៀតដល់តំបន់ហ្កាហ្សា ការការពារជនស៊ីវិល និងធានាថា ជម្លោះមិនរីករាលដាលដល់ផ្នែកផ្សេងទៀតនៃតំបន់នេះ។
ការឈប់សំចតរបស់ លោក Blinken នៅទីក្រុង Abu Dhabi រួមមានជំនួបជាមួយប្រធានាធិបតីអារ៉ាប់រួម ព្រះអង្គម្ចាស់ Sheikh Mohammed bin Zayed Al Nahyan ខណៈនៅប្រទេសអារ៉ាប៊ីសាអូឌីត លោកបានជួបពិភាក្សាជាមួយព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed bin Salman។
នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអាទិត្យជាមួយព្រះមហាក្សត្រហ្ស៊កដានី Abdullah II និងមេដឹកនាំកាតា Sheikh Tamim bin Hamad Al Thani អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិកបាននិយាយអំពីតម្រូវការសម្រាប់អ៊ីស្រាអែលក្នុងការទប់ស្កាត់ការបាត់បង់ជីវិតជនស៊ីវិលក្នុងអំឡុងសង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា និងបង្កើនចំនួនជំនួយមនុស្សធម៌ដល់ប្រជាជនប៉ាឡេស្ទីននៅហ្កាហ្សា ដែលកំពុងរងគ្រោះយ៉ាងខ្លាំងដោយទុរ្ភិក្ស។
ប្រទេសអ៊ីស្រាអែលបានបញ្ជាក់នៅថ្ងៃចន្ទនេះថា កងទ័ពរបស់ខ្លួនបានវាយប្រហារជាថ្មីលើក្រុមសកម្មប្រយុទ្ធហាម៉ាស់ នៅភាគកណ្ដាលនិងភាគខាងត្បូងតំបន់ហ្កាហ្សា ក៏ដូចជាធ្វើការវាយប្រហារតាមអាកាសលើក្រុមហេសបូឡា (Hezbollah) នៅភាគខាងត្បូងប្រទេសលីបង់ផងដែរ។
ការវាយប្រហារទាំងនេះបានធ្វើឡើងនៅពេលដែលមន្ត្រីអ៊ីស្រាអែលត្រៀមលក្ខណៈទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken។
លោក Blinken បាននិយាយថា លោកនឹងលើកឡើងអំពីរឿងដែលអ៊ីស្រាអែលត្រូវធ្វើបន្ថែមទៀតដើម្បីបង្ការកុំឱ្យមានការស្លាប់និងរងរបួសរបស់ជនស៊ីវិលដោយសារប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា និងអំពីរឿងសម្របស្រួលការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលទៅដល់ដៃជនស៊ីវិលប៉ាឡេស្ទីន។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានសន្យាបន្តការប្រយុទ្ធនៅពេលដែលលោកថ្លែងទៅកាន់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្ដាហ៍របស់លោកកាលពីថ្ងៃអាទិត្យ។
យុទ្ធនាការវាយប្រហាររបស់អ៊ីស្រាអែលនេះបានធ្វើឱ្យផ្នែកភាគច្រើននៃតំបន់ហ្កាហ្សារងការបំផ្លិចបំផ្លាញ។ ក្រសួងសុខាភិបាលនៅក្នុងតំបន់ហ្កាហ្សាដែលត្រួតត្រាដោយក្រុមហាម៉ាស់បានបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ២២.៨០០ នាក់។ ក្រសួងនេះមិនបានបែងចែករវាងក្រុមសកម្មប្រយុទ្ធនិងជនស៊ីវិលនោះទេ ប៉ុន្តែបានលើកឡើងថា ៧០% នៃអ្នកដែលត្រូវបានសម្លាប់នេះគឺជាស្ត្រីនិងកុមារ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការជនភៀសខ្លួនប៉ាឡេស្ទីនបានបញ្ជាក់ថា មនុស្សជិត ១,៩ លាននាក់ ក្នុងចំណោមប្រជាជនសរុបចំនួន ២,៣ លាននាក់នៃតំបន់ហ្កាហ្សា កំពុងជ្រកកោននៅក្នុងឬនៅជុំវិញទីតាំងរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិនេះនៅក្នុងតំបន់ហ្កាហ្សា៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។