លោក​ Blinken នឹង​បំពេញ​​ទស្សនកិច្ច​នៅហ្វីលីពីន​​ដើម្បី​​ពង្រឹង​​​សម្ពន្ធភាព​គ្រា​ការតានតឹង​នៅសមុទ្រ​ចិនខាងត្បូង

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Anthony Blinken ថ្លែង​សុន្ទរកថា​នៅ​ប្រទេស​អូទ្រីស ថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤។

រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក​ Antony Blinken នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ហ្វីលីពីន​នៅ​សប្តាហ៍​ក្រោយ នៅក្រោយបេសកកម្មមួយ​កាលពី​ពេល​ថ្មីៗនេះ​នៅទី​នោះដោយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្មអាមេរិក​លោកស្រី Gina Raimondo។ ទស្សនកិច្ច​នេះមានឡើង​នៅ​ពេលមាន​ភាព​តានតឹង​កើន​ឡើងរវាងហ្វីលីពីន​និងចិនអំពី​ជម្លោះ​ក្នុង​សមុទ្រចិនខាងត្បូង។

អ្នកនាំ​ពាក្យក្រសួង​ការបរទេស​លោក Matthew Miller បាន​និយាយនៅក្នុង​សន្និសីទ​កាសែត​មួយកាល​ពី​ថ្ងៃព្រហស្បតិ៍​ថា«លោក​រដ្ឋមន្ត្រី Blinken នឹងធ្វើ​ដំណើរ​ទៅទីក្រុង​ម៉ានីល​ដើម្បី​បញ្ជាក់​ជា​ថ្មី​អំពីការ​ប្តេជ្ញា​គ្មានងាក​រេរបស់យើងដល់សម្ព័ន្ធមិត្តហ្វីលីពីន​របស់យើង»និង​«​ដើម្បីលើកស្ទួយ​សន្តិភាពនិង​ស្ថិរភាព​ក្នុងសមុទ្រ​ចិន​ខាង​ត្បូង»។

ប្រធានាធិបតី​ហ្វីលីពីន​លោក Ferdinand Marcos បាន​ប្រកាស​អំពី​ជំនួបរបស់​លោកជា​មួយលោក Blinken នៅថ្ងៃទី១៩ ខែមីនា ដោយ​ផ្តោតលើ​កិច្ច​សហប្រតិបត្តិការ​និង​សន្តិសុខ។

លោក Miller បានថ្លែងថា៖ «ទស្សនកិច្ច​របស់លោក​រដ្ឋមន្ត្រីក៏​នឹង​គូសបញ្ជាក់​សារៈ​សំខាន់នៃចំណង​ទាក់ទង​ទ្វេភាគី​ដ៏​ខ្លាំងមាំ​របស់យើង​ ដែល​ក្នុង​រយៈពេល​៧៥ឆ្នាំមានសារៈសំខាន់​យ៉ាងខ្លាំង​ដើម្បី​ជំរុញចក្ខុវិស័យដូចគ្នា​របស់យើងសម្រាប់តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​មួយ​សេរី ជាប់ទាក់ទង​គ្នា​ដោយ​ចំហ មាន​ភាពសម្បូរ​រុង​រឿង មានសន្តិសុខ​និងមានភាព​ធន់»។

នៅក្នុង​បេសកកម្មពាណិជ្ជកម្ម​និង​វិនិយោគ​របស់​រដ្ឋមន្ត្រីពាណិជ្ជកម្ម​លោកស្រី Raimondo នៅ​ក្រុង​ម៉ានីលក្នុងសប្តាហ៍នេះ លោកស្រីបាន​ប្រកាសអំពី​ផែនការបណ្តាក់ទុនជាងមួយពាន់លានដុល្លារ​ក្នុង​វិស័យ​បច្ចេកវិទ្យានៃប្រទេសហ្វីលីពីននិងជួយ​បង្កើនចំនួន​រោងចក្រ semiconductor នៅ​ក្នុងប្រទេសនេះ​ឱ្យកើនឡើង​ទ្វេដង។ វិធានការនេះ​របស់រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន​ត្រូវគេមើលឃើញថា​ជាការជំរុញវិស័យបន្ទះឈីបរបស់រដ្ឋាភិបាលក្រុង​ម៉ានីល​នៅពេលមានការប្រកួតប្រជែង​ខ្លាំងជា​មួយរដ្ឋាភិបាលក្រុង​ប៉េកាំង៕