លោក Blinken មើលឃើញ «ភាពបន្ទាន់​ពិតប្រាកដ» សម្រាប់​ដំណោះស្រាយ​លីបង់

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ជួបជាមួយនាយករដ្ឋមន្ត្រីលីបង់ លោក Najib Azmi Mikati ខណៈ លោក Rami Mortada ឯកអគ្គរដ្ឋទូតលីបង់ប្រចាំនៅអង់គ្លេស និងបេសកជនពិសេសអាមេរិក លោក James Rubin ចូលរួមនៅទីក្រុងឡុងដ៍ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken បាន​ប្តេជ្ញា​កាលពី​ថ្ងៃ​សុក្រ​ថា​នឹង​ខិតខំ​ជាបន្ទាន់​យ៉ាង​ពិតប្រាកដ​សម្រាប់​ដំណោះស្រាយ​ការទូត​ដើម្បី​បញ្ចប់​ការ​វាយលុក​របស់​អ៊ីស្រាអែល​លើ​លីបង់ តែ​លោក​ថា​ដំបូង​ត្រូវតែ​មាន​ការ​យល់ស្រប​គ្នា​ជាមុន​សិន​លើ​ការ​ដក​អាវុធ​ពី​ក្រុម​ហេសបូឡា។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភា្នក់ងារ​សារព័ត៌មាន AFP។

ពេល​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​លីបង់​លោក Najib Mikati ក្នុង​ទីក្រុង​ឡុងដ៍​នៃ​ចក្រភព​អង់គ្លេស លោក Blinken ក៏​បាន​អំពាវនាវ​ផងដែរ​ឲ្យ​មាន​ការ​ការពារ​ជនស៊ីវិល តែ​មិន​បាន​ជំរុញ​ឲ្យ​មាន​ការ​ឈប់បាញ់​ជា​បន្ទាន់​ពី​អ៊ីស្រាអែល​នោះទេ។

លោក Blinken បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យកព័ត៌មាន​ថា​លោក​ចូល «ប្រឡូក​យ៉ាង​ជោគជាំ» ក្នុង​រឿង​នេះ។ លោក​ថ្លែង​ថា៖ «យើង​មាន​អារម្មណ៍​អំពី​ភាពបន្ទាន់​ពិតប្រាកដ​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​ដំណោះស្រាយ​ការទូត​មួយ​និង​ការ​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​សេចក្តីសម្រេច​លេខ ១៧០១ របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដើម្បី​អាច​មាន​សន្តិភាព​ពិតប្រាកដ​នៅ​តាម​ព្រំដែន​រវាង​អ៊ីស្រាអែល​និង​លីបង់»។

សេចក្តី​សម្រេច​លេខ ១៧០១ ដែល​បាន​អនុម័ត​នៅ​ឆ្នាំ ២០០៦ ក្រោយពី​មាន​សង្គ្រាម​លើក​មុន​រវាង​ប្រទេស​ទាំង​ពីរ កំណត់​ឲ្យ​ដក​អាវុធ​ពី​ក្រុម​ដែល​មិនមែន​ជា​ភាគី​រដ្ឋ​នៅ​លីបង់ ពោល​គឺ​ក្រុម​ហេសបូឡា​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ ដែល​ក្រុម​នេះ​មាន​យោធា​ខ្លួនឯង​ផ្ទាល់ និង​តម្រូវ​ឲ្យ​កងកម្លាំង​អ៊ីស្រាអែល​ដក​ចេញ​ពី​លីបង់​ទាំងស្រុង។

លោក Blinken ថ្លែង​ថា វា​ចាំបាច់ «ត្រូវ​មាន​ការ​យល់ស្រប​គ្នា​ថា​ត្រូវ​មាន​ការ​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​សេចក្តី​សម្រេច​លេខ ១៧០១ នេះ»។

លោក​ថ្លែង​បន្ថែម​ទៀត​ថា៖ «បើ​យើង​អាច​ធ្វើ​ដូច្នេះ​បាន​កាន់តែ​ឆាប់ នោះ​យើង​នឹង​អាច​មាន​ដំណោះស្រាយ​កាន់តែ​លឿន»៕