លោក Blinken ថ្លែងថា អាមេរិកតាំងចិត្ត«យ៉ាងរឹងមាំ» ដើម្បីការពារហ្វីលីពីន

រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Antony Bliken នៅក្នុងជំនួបមួយជាមួយប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos នៅវិមានរដ្ឋាភិបាល ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។ (Evelyn Hockstein/Pool Photo via AP)

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ​លោក​ Antony Blinken​ បានថ្លែង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ សហរដ្ឋ​អាមេរិកនៅ​តែតាំង​ចិត្ត​យ៉ាង​រឹងមាំ​លើ​ការការពារប្រទេស​ហ្វីលីពីន​ ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​យូរលង់​របស់​ខ្លួន ​ប្រឆាំង​នឹង​ការ​វាយប្រហារដោយ​ប្រដាប់អាវុធ​ណា​មួយ​ នៅ​ក្នុង​សមុទ្រចិន​ខាង​ត្បូង។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP។ ​

នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី ២ របស់​លោក ​Blinken ​ទៅ​កាន់​ប្រទេស​ហ្វីលីពីន​ ចាប់​តាំង​ពី​ប្រធានាធិបតី​ហ្វីលីពីន​លោក​ Ferdinand Marcos បាន​ឡើង​កាន់តំណែង​ជា​ប្រធានាធិបតី​របស់​ប្រទេស​នេះកាលពីឆ្នាំ​២០២២​ ហើយ​ដំណើរទស្សនកិច្ច​នេះក៏ជា​ផ្នែក​មួយនៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល​ខ្លី​ទៅកាន់តំបន់​អាស៊ី​ ដើម្បី​ពង្រឹង​ការគាំទ្រ​របស់​អាមេរិក​ដល់​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​ប្រឆាំង​នឹង​ប្រទេស​ចិនផងដែរ។

រដ្ឋាភិបាល​ក្រុង​ប៉េកាំងបាន​ទាមទារ​កាន់កាប់ស្ទើរ​តែ​ទាំង​អស់​នៃ​សមុទ្រចិន​ខាង​ត្បូង​ និង​ច្រានចោល​ការតវ៉ា​របស់ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​រួម​មាន​ប្រទេស​ហ្វីលីពីន​ផង​ដែរ​ ហើយ​ការសម្រេចកន្លង​មក​របស់​តុលាការ​អន្តរជាតិ​បាន​ប្រកាស​ថា​ ការ​ទាមទារ​អះអាង​របស់​ចិនក្នុង​ការ​កាន់កាប់​ដែនសមុទ្រជា​មួយ​ហ្វីលីពីន​ មិន​មាន​មូលដ្ឋាន​ត្រឹមត្រូវ​នោះ​ឡើយ។

ការ​ប្រកាស​សន្យា​បន្តការពារ​ប្រទេស​ហ្វីលីពីន​របស់​លោក ​Blinken​ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយពីមាន​ឧប្បត្តិហេតុ​មួយ​ចំនួន​កាល​ពី​ពេល​ថ្មី​ៗ​នេះ រវាង​នាវារបស់ប្រទេស​ហ្វីលីពីន​និង​ចិន​ នៅ​ជិត​តំបន់​ជម្លោះ​ថ្មប៉ប្រះទឹកក្នុង​ដែន​សមុទ្រ​របស់ហ្វីលីពីន​ ​ដែលក្នុង​នោះ​ក៏​មានករណីនាវា​បុក​គ្នា​ផង​ដែរ។​

ក្រោយ​ពី​ការ​ថ្លែង​របស់​លោក Blinken ​រួច​មក​ ​ប្រទេស​ចិន​បានបញ្ចេញ​ប្រតិកម្ម​ដោយ​លើក​ឡើង​ថា​ ​សហរដ្ឋ​អាមេរិក «​គ្មាន​សិទ្ធិ» ក្នុង​ការ​ជ្រែតជ្រៀករឿង​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ឡើយ។

ដំណើរ​ទស្សនកិច្ច​របស់លោក​ Blinken កើត​មាន​ឡើង​មុន​ពេល​កិច្ចប្រជុំ​ត្រីភាគី​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក ​នៅ​ខែមេសាក្រោយ​នេះ រវាង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Joe Biden ប្រធានាធិបតី​ហ្វីលីពីន​លោក​ Ferdinand Marcos និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida។ ​

ដោយ​ប្រកាស​ពី​កិច្ចប្រជុំ​កំពូល​បីប្រទេសជាមួយ​សម្ព័ន្ធមិត្ត​អាស៊ី​ប៉ាស៊ីហ្វិក​ ​អ្នក​នាំពាក្យ​សេតវិមាន​អ្នកស្រី​ Karine Jean-Pierre និយាយ​ថា​ មេដឹកនាំទាំង​បី​ប្រទេសនេះ​ នឹង​ជំរុញ​«ចក្ខុវិស័យ​រួម​ សម្រាប់​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ ដែលសេរី​និង​បើកចំហ»។

មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ធ្លាប់បាន​និយាយ​ជា​ញឹកញាប់​ថា​ «ការ​វាយប្រហារ​ប្រដាប់អាវុធ​មួយ» ប្រឆាំង​នឹង​នាវា​ យន្តហោះ​ កងកម្លាំង និង​ឆ្មាំ​សមុទ្រ​ហ្វីលីពីន​ អាច​ធ្វើឱ្យគេ​ប្រើប្រាស់​សន្ធិសញ្ញា​ឆ្នាំ ​១៩៥១​ ស្តី​ពី​ការពារ​គ្នា​ទៅវិញ​ទៅ​មក​រវាង​អាមេរិក​និង​ហ្វីលីពីន ដែល​នៅ​ក្នុង​នោះរដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មានកាតព្វកិច្ច​ដើម្បី​ការពារសម្ព័ន្ធ​មិត្ត​ហ្វីលីពីន​របស់​ខ្លួន៕